ការបង្កើតបរិយាកាសការងារដែលមានការជំរុញទឹកចិត្ត និងអំណោយផល
ទីផ្សារអគារការិយាល័យនៅរាជធានីភ្នំពេញនាពេលបច្ចុប្បន្ន មានកម្រិតនៃអត្រាជួលសមរម្យ។ ដោយហេតុថាទីផ្សារគិតទុកជាមុននូវចំនួននៃការផ្គត់ផ្គង់នាពេលអនាគត អ្នកជួលដែលត្រូវការទីកន្លែងធំនឹងមានជម្រើសច្រើន។ ទោះជាយ៉ាងណា ការជ្រើសរើសទីតាំងការិយាល័យដែលត្រឹមត្រូវជាមួយនិងទីកន្លែងដែលធ្វើឲ្យការងារមានផលិតភាពគឺមានសារៈសំខាន់សម្រាប់ភាពជោគជ័យនៃអាជីវកម្ម។
ការផ្គត់ផ្គង់នាពេលអនាគតដ៏រឹងមាំមានន័យថា អ្នកជួលមានជម្រើសកាន់តែច្រើនសម្រាប់ទីតាំងការិយាល័យរបស់ពួកគេ។ នៅក្នុង Central Business District (CBD)នៃរាជធានីភ្នំពេញ អគារថ្មីចំនួនពីរ Exchange Square និងThe Gateway Office Tower នឹងត្រូវបញ្ចប់ការសាងសង់នៅឆ្នាំ ២០១៧ និងឆ្នាំ ២០១៨ ហើយអគារមិនមែន CBD ថ្មីមួយផ្សេងទៀតនឹងត្រូវបញ្ចប់ការសាងសង់ក្នុងរយៈពេលបីទៅប្រាំឆ្នាំបន្ទាប់។ ការផ្គត់ផ្គង់អគារការិយាល័យដ៏ច្រើននេះមានន័យថា អ្នកជួលទំនងជានឹងចូលទៅមើលស្ទើរតែគ្រប់កម្រិតនៃអគារ និងគ្រប់ទីតាំង។ ការិយាល័យដែលនៅឆ្ងាយពីកណ្តាលក្រុងពេកអាចបង្កលក្ខណៈមិនល្អដល់បុគ្គលិកសក្កានុពល។ លោក Chhayleang Ngoun មកពីក្រុមហ៊ុន Ratanaka Realty បានពន្យល់ថា “ទីតាំងស្ថិតនៅកណ្តាលក្រុង អាចទៅកាន់កន្លែងផ្តល់សេវាធំៗ ដូចជា ធនាគារ ភោជនីយដ្ឋាន ហាងកាហ្វេយ៉ាងងាយស្រួល និងការរចនាផ្ទៃខាងក្នុងការិយាល័យដែលមានលក្ខណៈភ្លឺ និងស្អាត ដើរតួនាទីសំខាន់ក្នុងការកំណត់ពីលក្ខណៈនៃបរិស្ថានការងារល្អ”។ លោកស្រី ចាន់ ម្លប់សុខា មកពីការិយាល័យមេធាវីសុខា បានមានប្រសាសន៍ដោយសង្កត់ធ្ងន់លើកត្តាបៃតងថា “វាជាការល្អប្រសិនបើការិយាល័យត្រូវបានហ៊ុំព័ទ្ធដោយដើមឈើបៃតង ឬធាតុបៃតងណាមួយផ្សេងទៀត”។
ចាប់ពីការចាប់ផ្តើមការរចនារហូតដល់ការបញ្ចប់ការសាងសង់អគារការិយាល័យ ត្រូវចំណាយពេលប្រមាណជាបីទៅបួនឆ្នាំ ដោយមានអគារការិយាល័យថ្មីត្រូវបានបញ្ចេញលក់ឬជួលដែរ។ ជាលទ្ធផល អ្នកកាន់កាប់ទីកន្លែង និងអ្នកជួល មិនចាំបាច់ធ្វើការសម្រេចចិត្តឆាប់រហ័សណាមួយក្នុងការចុះកិច្ចសន្យាជួលនោះទេ ប៉ុន្តែអាចរង់ចាំរហូតដល់អគារការិយាល័យនេះត្រូវបានបញ្ចប់ការសាងសង់។
ការប្រតិបត្តិយុទ្ធសាស្ត្រកន្លែងការងារ គឺជាមធ្យោបាយមួយធ្វើឲ្យប្រសើរឡើងនូវការប្រើប្រាស់កន្លែងការិយាល័យ។ មិនត្រឹមតែប្រភេទអាជីវកម្មទេដែលផ្លាស់ប្តូរ ប៉ុន្តែបុគ្គលិកវ័យក្មេងចង់បានការរៀបចំការងារដែលអាចបត់បែនបានច្រើន ជាពិសេសទាក់ទងទៅនឹងរបៀប ពេលវេលា និងទីកន្លែងដែលការងារកើតឡើងជាដើម។ ក្នុងពេលសព្វថ្ងៃនេះ វាជារឿងធម្មតាទៅហើយដែលក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជាអនុវត្តយុទ្ធសាស្ត្រកន្លែងការងារដែលផ្តោតលើការកាត់បន្ថយទំហំកន្លែងការងារ និងកាត់បន្ថយការចំណាយថ្លៃជួលសរុប។ យុទ្ធសាស្ត្រនេះមើលថាតើបុគ្គលិកធ្វើការរបៀបណា ហើយពួកគេប្រាស្រ័យទាក់ទងជាមួយមិត្តរួមការងារខ្លួនរបៀបណា។ ពេលខ្លះក្រុមហ៊ុនខ្លួនឯងមិនចាំបាច់ផ្តល់តុធ្វើការសម្រាប់គ្រប់គ្នានោះទេ ប្រសិនបើបុគ្គលិកភាគច្រើនរបស់ក្រុមហ៊ុនចំណាយពេលវេលាធ្វើការនៅក្រៅការិយាល័យជួបជាមួយអតិថិជន។
អគារការិយាល័យនៅក្នុងទីផ្សារត្រូវតែអាចផ្តល់នូវដង់ស៊ីតេនៃការកាន់កាប់ខ្ពស់។ ការណ៍នេះអាចសម្រេចបានតាមរយៈបរិស្ថានប្រកបដោយផាសុខភាព ដោយមានម៉ាស៊ីនត្រជាក់ទំនើប និងការតម្លើងជណ្តើរយន្តជាដើម។ ម្ចាស់អាជីវកម្មត្រូវធានាថាបុគ្គលិករបស់ពួកគេមិនត្រឹមតែមានផាសុខភាពនៅកន្លែងធ្វើការប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវធានាថាការរចនាការិយាល័យបង្កើតបានជាបរិស្ថានធ្វើការងារល្អបំផុតតាមដែលអាចធ្វើទៅបាន។ ចំណុចនេះនាំឲ្យមានការពេញចិត្ត និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការងារ ការផ្តោតការយកចិត្តលើការងាររបស់បុគ្គលិក និងផលិតភាពរបស់បុគ្គលិកកាន់តែច្រើន ការទំនាក់ទំនង និងសហការគ្នាកាន់តែប្រសើរជាងមុន ព្រមទាំងភាពស្មោះត្រង់ និងការចូលរួមជាមួយនឹងក្រុមហ៊ុនកាន់តែច្រើន។
ក្រុមហ៊ុនត្រូវកំណត់ពីតម្រូវការអាជីវកម្មជាក់លាក់របស់ខ្លួនពាក់ព័ន្ធនឹងមធ្យោបាយងាយស្រួល ទីកន្លែង ចំនួនបុគ្គលិក វប្បធម៌នៅកន្លែងធ្វើការ និងកត្តាផ្សេងទៀតដែលចាំបាច់ដើម្បីបង្កើតបរិយាកាសការងារមួយដែលជួយជំរុញទឹកចិត្តធ្វើការងារ និងមានលក្ខណៈអំណោយផល។ ចំពោះការយល់ឃើញរបស់អ្នកជួល ពួកគេគិតត្រឹមស្វែងរកកន្លែងការិយាល័យដែលមានសុវត្ថិភាព មានភាពងាយស្រួល និងអាចតំណាងឲ្យរូបភាពសមស្របដែលក្រុមហ៊ុនចង់ធ្វើ។
- Video Advertisement -