E-Mart របស់កូរ៉េនឹងបើកដំណើរការនៅក្នុងព្រះរាជាណាចក្រកម្ពុជា
តាមរយៈកិច្ចព្រមព្រៀងរវាងក្រុមហ៊ុនក្នុងស្រុក Royal Group និងក្រុមហ៊ុនប្រតិបត្តិករទីផ្សារលក់រាយធំបំផុតរបស់កូរ៉េ E-mart អ្នកប្រើប្រាស់នៅកម្ពុជានឹងទទួលបាននូវផលិតផលដែលមានតម្លៃទាបនៅក្នុងផ្សារទំនើបនេះនាពេលឆាប់ៗ។
E-mart ដែលគ្រោងនឹងបើកដំណើរការនៅត្រីមាសទីមួយឆ្នាំ ២០១៩ ត្រូវបាននាំចូលមកក្នុងប្រទេសកម្ពុជា តាមរយៈកិច្ចព្រមព្រៀងបណ្តាក់ទុនរួមគ្នាដែលបានចុះហត្ថលេខាកាលពីចុងខែកក្កដានៅរាជធានីភ្នំពេញ រវាងឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន Royal Group និងលោក Lee Gab-Soo នាយកប្រតិបត្តិក្រុមហ៊ុន E-mart។ ព្រឹត្តិការណ៍ភ្ជាប់ទំនាក់ទំនងរបស់ក្រុមហ៊ុនទាំងពីរ ត្រូវបានឯកឧត្តម ប៉ាន សូរសក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា និងឯកឧត្តម Kim Weon-jin ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំនៅកម្ពុជាចូលរួមធ្វើជាសក្ខីភាព។
នៅក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់នៅថ្ងៃទី ២៨ ខែកក្កដា នៅរាជធានីភ្នំពេញអនុប្រធានជាន់ខ្ពស់នៃក្រុមហ៊ុន Royal Group លោក Rami Sharaf បានកត់សម្គាល់ថា ព័ត៌មានលម្អិតចុងក្រោយនៃការបែងចែកភាគទុនិកនឹងជាប្រធានបទសម្រាប់ការពិភាក្សាបន្ថែមទៀត ជាមួយនិងកិច្ចព្រមព្រៀងចុងក្រោយដែលនឹងត្រូវចុះហត្ថលេខានៅចុងឆ្នាំនេះ។
យោងតាមលោក Sharaf ការបណ្តាក់ទុនរួមគ្នារវាងប្រទេសកម្ពុជា និងកូរ៉េខាងត្បូងនេះ នឹងវិនិយោគទឹកប្រាក់ចំនួន ១២០លានដុល្លារអាមេរិក សម្រាប់គម្រោងវិនិយោគ E-mart ដំបូងបង្អស់លើផ្ទៃដី ៣ហិកតា ស្ថិតនៅទីតាំងដែលមិនទាន់កំណត់ច្បាស់លាស់ក្នុងរាជធានីភ្នំពេញ។ ប៉ុន្តែអ្នកជំនាញជឿជាក់ថាផ្សារនេះទំនងជានឹងត្រូវសាងសង់នៅខណ្ឌសែនសុខ ដែលកំពុងក្លាយជាមជ្ឈមណ្ឌលសម្រាប់ការអភិវឌ្ឍហាងលក់រាយរបស់រាជធានី។
E-mart ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៣ និងបានប្រតិបត្ដិការចំនួន ១៦០សាខានៅទូទាំងប្រទេសកូរ៉េខាងត្បូង។ ផ្សារទំនើបនេះក៏បានពង្រីកអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសចិន វៀតណាម និងម៉ុងហ្គោលី។ កាលពីឆ្នាំមុន ការលក់សរុបនៃសាខាលក់រាយទាំងអស់របស់ក្រុមហ៊ុនមានតម្លៃស្មើនឹង ៧៣៩លានវ៉ុន (ប្រហែល ៣ប៊ីលានដុល្លារ) ។
តាមរយៈសមត្ថភាពចម្បងរបស់ខ្លួន E-mart នឹងឲ្យអ្នកចូលចិត្តទិញទំនិញនៅកម្ពុជាទទួលបានបទពិសោធន៍ក្នុងការស្វែងរកទំនិញបញ្ចុះតម្លៃក្នុងតម្លៃទាបជាងហាងលក់រាយផ្សេងៗទៀត។ ហាងនេះលក់ផលិតផលជាច្រើនរាប់ចាប់ពីសំលៀកបំពាក់ រហូតដល់ម្ហូបអាហារ និងភេសជ្ជៈ ព្រមទាំងបណ្តាញលក់រាយផ្សេងទៀត។ ទីផ្សារក៏ផ្តល់ជូននូវកម្មវិធីទិញទំនិញតាមអនឡាញនៅលើគេហទំព័ររបស់ខ្លួន ដែលអ្នកទិញអាចមើលផលិតផលជាលក្ខណៈឌីជីថល និងដាក់ការបញ្ជាទិញជាមួយនិងសេវាកម្មដឹកជញ្ជូន។
ក្រុមហ៊ុន Royal Group ត្រូវបានទទួលស្គាល់ក្នុងឆ្នាំ ១៩៩១ និងត្រូវបានដឹកនាំដោយឧកញ៉ា គិត ម៉េង។ ក្រុមហ៊ុនមេដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន ២៥ នេះ កំពុងពង្រីកអាណាចក្រពាណិជ្ជកម្មរបស់ខ្លួននៅទូទាំងឧស្សាហកម្មផ្សេងៗជាច្រើន ដូចជា ទូរគមនាគមន៍ ប្រព័ន្ធផ្សព្វផ្សាយ ធនាគារ ធានារ៉ាប់រង រមណីយដ្ឋាន អប់រំ អចលនទ្រព្យ និងកសិកម្ម។
ឧកញ៉ា គិត ម៉េង បានប្រកាសអំពីការបង្កើតផ្សារទំនើប E-mart នៅរយៈពេលត្រឹមតែពីរខែបន្ទាប់ពីការសាងសង់ផ្សារទំនើប Makro មានមូលដ្ឋាននៅប្រទេសថៃ ដែលបានចាប់ផ្តើមការសាងសង់កាលពីខែឧសភា ហើយគ្រោងនឹងបើកបម្រើដល់អតិថិជននៅចុងឆ្នាំនេះ។ Makro Cambodia ត្រូវបានដឹកនាំដោយសេដ្ឋីម្នាក់ទៀតគឺ ឧកញ៉ា លី យ៉ុងផាត់ ប្រធានក្រុមហ៊ុន LYP Group ។
ផ្សារទំនើបខ្នាតធំទាំងពីរ គឺជាការអភិវឌ្ឍផ្សារលក់រាយចុងក្រោយបំផុតដែលត្រូវបានប្រកាសនៅក្នុងឆ្នាំ ២០១៧។ នៅឆ្នាំ ២០១៨ ប្រទេសកម្ពុជានឹងស្វាគមន៍ចំពោះការបើកដំណើរការផ្សារទំនើបចំនួន ៦ រួមមាន ផ្សារទំនើប AEON Mall 2, ផ្សារ Parkson Mall, Olympia Plaza, Makro, ផ្សារទំនើបនៅក្នុងអាគារ The Bridge និងផ្សារទំនើបក្រោមដីក្នុងអគារ Vatanac Capital នេះបើយោងតាមវេបសាយ Bayon TV ។
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរសក្តិ បានអបអរសាទរចំពោះសម្ព័ន្ធភាពរវាងក្រុមហ៊ុនទាំងពីរ ដោយបានមានប្រសាសន៍ថា ចំណងទំនាក់ទំនងរវាងក្រុមហ៊ុនទាំងពីរដើម្បីសាងសង់ផ្សារទំនើបនៅកម្ពុជានឹងផ្តល់ប្រយោជន៍ដល់ប្រទេសជាតិជាច្រើន។ អត្ថប្រយោជន៍ដែលលោកបានលើកឡើងនៅថ្ងៃទី ២៨ ខែកក្កដា តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងពាណិជ្ជកម្ម គឺការនាំមកនូវបទពិសោធន៏ទិញទំនិញបែបទំនើប ខ្សែចង្វាក់លក់រាយទំនើប និងការច្នៃប្រឌិតទំនើប ព្រមទាំងការបង្កើតតម្រូវការការងារសម្រាប់ប្រជាពលរដ្ឋក្នុងស្រុក ដែលនេះនឹងរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ។
យោងតាម Khmer Times លោករដ្ឋមន្រ្តីបានមានប្រសាសន៍ថា “E-mart គឺដូចជាផ្សារទំនើប Aeon Mall… នេះគឺល្អសម្រាប់អ្នកប្រើប្រាស់នៅកម្ពុជា ព្រោះពួកគេនឹងរីករាយក្នុងការជ្រើសរើសផលិតផល ជាមួយនិងជម្រើសជាច្រើនក្នុងតម្លៃប្រកួតប្រជែងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។”
- Video Advertisement -