សហព័ន្ធអ្នកសាងសង់អាស៊ាន ACF ពិភាក្សាអំពីបទដ្ឋានអាស៊ាន

កិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធអ្នកសាងសង់អាស៊ាន (ACF) លើកទី ៤៤ កាលពីខែកញ្ញា គឺដើម្បីពិភាក្សាពីវឌ្ឍនភាពឆ្ពោះទៅសម្រេចបាននូវស្តង់ដារសំណង់សម្រាប់អាស៊ានទាំងមូល។

ACF ដែលតំណាងឲ្យអ្នកសាងសង់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បានចូលរួមក្នុងកិច្ចប្រជុំកំពូលដែលដឹកនាំដោយសមាគមអ្នកសាងសង់សិង្ហបុរីលីមីតធីត (SCAL) នៅ Mandarin Orchard ប្រទេសសិង្ហបុរីនៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០១៧។ កិច្ចប្រជុំមួយថ្ងៃនេះបានផ្តល់ឱកាសដើម្បីពិភាក្សា និងវាយតម្លៃបញ្ហាប្រឈមជាច្រើនដែលកំពុងប្រឈមមុខក្នុងផ្នែកមួយនៃដំណើរការសមាហរណកម្ម។

កម្មវិធី ACSTST មានគោលបំណងបង្កើតស្តង់ដារមួយសម្រាប់កម្មករសំណង់នៅទូទាំងប្រទេសសមាជិកអាស៊ាន ប៉ុន្តែការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈនៅក្នុងបណ្តាប្រទេសសមាជិកនីមួយៗនៅតែជាបញ្ហា។ ដោយសារតែលក្ខខណ្ឌតម្រូវការ លក្ខណៈវិនិច្ឆ័យ និងវិធីសាស្ត្រវាយតម្លៃខុសៗគ្នាទៅតាមប្រទេសនីមួយៗ សុខុដុមនីយកម្មលក្ខខណ្ឌតម្រូវអប្បបរមាសម្រាប់កម្រិតនីមួយៗមិនទាន់បញ្ចប់បាននៅឡើយទេ។ នៅក្នុងកិច្ចប្រជុំ មានការស្នើសុំឲ្យប្រទេសសមាជិកនីមួយៗត្រឡប់ទៅវិញ និងពិនិត្យឡើងវិញលក្ខខណ្ឌតម្រូវរបស់ពួកគេម្តងទៀត។

ដើម្បីបង្កើតលទ្ធផលជាក់ស្តែង សមាគមអ្នកសាងសង់ជំនាញម៉ាឡេស៊ី (MBAM) បានផ្តល់យោបល់ដល់ក្រុមប្រឹក្សាភិបាលទាក់ទងនឹងលទ្ធភាពនៃការជួលទីប្រឹក្សាពីខាងក្រៅ ដើម្បីប្រៀបធៀបភាពខុសគ្នានៃប្រទេសនីមួយៗ ធ្វើសុខុដុមនីយកម្មចំណុចខុសគ្នាទាំងនោះ និងសរសេរស្តង់ដារ ACSTST ACF រួមមួយ។ លើសពីនេះទៀត ក្រុមប្រឹក្សាភិបាលបានពិភាក្សាអំពីលទ្ធភាពនៃការជួលទីប្រឹក្សាជំនាញវិជ្ជាជីវៈពីខាងក្រៅដើម្បីប្រៀបធៀបម៉ូឌុល លក្ខខណ្ឌតម្រូវការ និងលក្ខណៈវិនិច្ឆ័យពីប្រទេសនីមួយៗ និងរបៀបធ្វើឲ្យកម្មវិធីដើរទៅមុខ។

សមាគមអ្នកសាងសង់កម្ពុជា (CCA) ក៏ត្រូវបានជំរុញឲ្យពន្លឿនការងារលើកម្មវិធីនេះផងដែរ ព្រោះថាក្រុមប្រឹក្សាភិបាលចង់ទទួលបានលក្ខណៈវិនិច្ឆ័យសម្រាប់ស្តង់ដារកម្មករពីប្រទេសនីមួយៗនៅចុងឆ្នាំនេះ។ សមាគមអ្នកសាងសង់ថៃ (TCA) បានទាក់ទងទៅសមាគមអ្នកសាងសង់ជាតិឡាវ (LACA) ហើយបានស្នើសុំឲ្យពួកគេបញ្ជូនព័ត៌មានស្តីពីធម្មនុញ្ញរបស់សមាគម ការចុះឈ្មោះ និងសកម្មភាពមួយចំនួន ។ យ៉ាងណាក៏ដោយ យោងទៅតាម TCA ប្រទេសឡាវត្រូវបង្កើតសមាគមអ្នកសាងសង់ឯករាជ្យដែលមិនស្ថិតនៅក្រោមរដ្ឋាភិបាលសម្រាប់ដំណើរការនេះ។

ការធ្វើវិសោធនកម្មធម្មនុញ្ញរបស់ ACF គឺជាចំណុចនៃការពិភាក្សាមួយទៀតនៅក្នុងកិច្ចប្រជុំកំពូលនៅឆ្នាំនេះ។ ប្រធាន ACF មើលឃើញពីតម្រូវការនៃការពិនិត្យឡើងវិញនូវធម្មនុញ្ញដើម្បីធ្វើឲ្យវាមានបច្ចុប្បន្នភាព និងសមស្របនឹងបរិយាកាសដែលកំពុងផ្លាស់ប្តូរ។ TCA ក្នុងនាមជាការិយាល័យលេខាធិការនឹងធ្វើការរួមគ្នាជាមួយប្រធាន ACF និងអគ្គលេខាធិការដើម្បីធ្វើសេចក្តីព្រាងប្រការដែលត្រូវវិសោធនកម្ម ហើយបញ្ជូនទៅកាន់សមាជិកដើម្បីផ្តល់យោបល់។

ដោយសារបច្ចុប្បន្ន ACF មានសមាជិកថ្មី ហើយប្រទេសធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំមានការផ្លាស់ប្តូរគ្នាវិលជុំ ប្រធាន ACF ក៏បានមើលឃើញពីភាពចាំបាច់ក្នុងការសរសេរ “សៀវភៅណែនាំស្តីពីនីតិវិធីស្តង់ដារ” សម្រាប់ប្រទេសម្ចាស់ផ្ទះ។ ក្នុងតួនាទីនេះ TCA នឹងជួយរៀបចំសេចក្តីព្រាងនីតិវិធី និងផ្សព្វផ្សាយដល់សមាជិកដើម្បីផ្តល់យោបល់។

ផ្នែកខាងរដ្ឋបាលវិញ សមាជិកក៏បានចែករំលែកការយល់ឃើញពីមធ្យោបាយនានាដើម្បីកែលម្អវេបសាយរបស់ ACF ផងដែរ ដើម្បីធ្វើឲ្យវាមានលក្ខណៈព័ត៌មាន និងទំនាក់ទំនងកាន់តែច្រើន ដើម្បីឲ្យសមាគមនីមួយៗ និងប្រជាជនអាស៊ានទាំងមូលអាចទទួលបានអត្ថប្រយោជន៍ពីព័ត៌មានដែលបង្ហោះនៅលើវេបសាយ។

សមាគមអ្នកសាងសង់ហ្វីលីពីន (PCA) បានស្នើសុំបង្កើតបណ្ណាល័យសមាជិកដែលជាកន្លែងរក្សាទុកនូវកំណត់ហេតុកិច្ចប្រជុំកន្លងមកទាំងអស់ និងមានការធានាសុវត្ថិភាពដោយអក្សរសម្ងាត់។ SCAL ក៏បានជូនដំណឹងដល់ក្រុមប្រឹក្សាភិបាលផងដែរថា ការចំណាយដំបូងនៃការបង្កើតបណ្ណាល័យសមាជិកគឺមានចំនួន ២១៥០ដុល្លារអាមេរិក ជាមួយនឹងថ្លៃថែទាំប្រចាំឆ្នាំចំនួន ១៧០០ដុល្លារ។ MBAM បានផ្តល់អនុសាសន៍អោយផ្លាស់ប្តូរអ្នកគ្រប់គ្រងវេបសាយទៅកាន់ប្រទេសដែលមានការចំណាយថោកជាង។ ប្រទេសសមាជិកនីមួយៗក៏នឹងត្រលប់មកវិញពិនិត្យមើលតម្លៃនៃការសម្របខ្លួនតាមវេបសាយរបស់ ACF ។ MBAM ក៏បានផ្តល់យោបល់ផងដែរថា ព័ត៌មានគួរតែត្រូវបានរក្សាទុកនៅក្នុង Cloud ហើយប្រទេសសមាជិកនីមួយៗត្រលប់ទៅវិញរកមើលគំនិតនៃរបៀបធ្វើវា។

នៅឆ្នាំក្រោយសមាគមអ្នកសាងសង់ឥណ្ឌូណេស៊ី (ICA) នឹងក្លាយជាប្រធាន ACF បន្ទាប់។

សហព័ន្ធអ្នកសាងសង់អាស៊ាន (ACF) ត្រូវបានបង្កើតឡើងនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ ១៩៨៥ដោយកិច្ចប្រជុំជាលើកដំបូងរបស់ខ្លួនរៀបចំឡើងនៅទីក្រុងហ្សាកាតា​ ប្រទេសឥណ្ឌូនេស៊ី។ អស់រយៈពេល ២៧ឆ្នាំ ACF បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាចំនួនពីរជារៀងរាល់ឆ្នាំបន្តរហូតមក ដែលក្នុងកិច្ចប្រជុំនេះសមាជិកក្រុមប្រឹក្សាពិភាក្សាអំពីបញ្ហាអាជីវកម្មដែលកើតឡើង។

រហូតមកដល់បច្ចុប្បន្ន ACF មានសមាជិកសមាគមសាងសង់ចំនួន ៨ ដែលតំណាងឱ្យក្រុមហ៊ុនឯកជនធ្វើអាជីវកម្មពាក់ព័ន្ធនឹងការសាងសង់នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ រួមមាន សមាគម​អ្នក​ង​សង់​កម្ពុជា (CCA) សមាគម​អ្នកម៉ៅការ​សាងសង់​ឥណ្ឌូនេស៊ី (ICA) សមាគម​អ្នក​សាងសង់​ជំនាញ​ម៉ាឡេស៊ី (MBAM) សមាគម​អ្នកម៉ៅការ​សាងសង់​ហ្វីលីពីន (PCA) សមាគម​អ្នកម៉ៅការ​សាងសង់​សឹង្ហ​បុរី​លីមីត​ធី​ត (SCAL) សមាគម​អ្នកម៉ៅការ​សាងសង់​ថៃ (TCA) សមាគម​អ្នកម៉ៅការ​សាងសង់​វៀត​ណា​ម (VACC) និង​សមាគម​សហគ្រិន​សំណង់​មី​យ៉ាន់​ម៉ា​(MCEA)។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]