ដំណើរការនៃការផ្ទេរកម្មសិទ្ធិដីធ្លី
ការយល់ដឹងអំពីការវិនិយោគ – ដំណើរការផ្ទេរកម្មសិទ្ធិដីធ្លីដោយលោក Sereyrath Kiri ទីប្រឹក្សាច្បាប់ Sciaroni & Associates និងជាសមាជិកនៃ Real Estate Practice Group។
បន្ទាប់ពីមានកិច្ចព្រមព្រៀងលក់-ទិញរវាងអ្នកលក់ និងអ្នកទិញហើយ ភាគីត្រូវចុះហត្ថលេខា និងផ្តិតមេដៃនៅលើ Vente Definitive (លិខិតលក់ផ្តាច់) ដោយមានវត្តមានរបស់មន្រ្តីសុរិយោដីនៅកន្លែងដែលបានព្រមព្រៀងគ្នាជាមួយមន្ត្រីសុរិយោដី។ បន្ទាប់មក អ្នកលក់និងអ្នកទិញត្រូវដាក់ឯកសារចាំបាច់ដទៃទៀត (ដូចខាងក្រោម) ទៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី (“អាជ្ញាធរសុរិយោដី”) ។
- ប្រសិនបើអ្នកទិញ/អ្នកលក់ជាក្រុមហ៊ុន នោះត្រូវមានសេចក្តីសម្រេចរបស់ម្ចាស់ភាគហ៊ុន និងអត្តសញ្ញាណប័ណ្ណថតចម្លងដែលមានបញ្ជាក់ត្រឹមត្រូវរបស់អ្នកតំណាងដែលមានសិទ្ធិ (សញ្ជាតិខ្មែរ) ចំនួនបី (៣) ច្បាប់។ ម្ចាស់ភាគហ៊ុនបរទេសត្រូវផ្តល់លិខិតឆ្លងដែនថតចម្លងដែលមានបញ្ជាក់ត្រឹមត្រូវចំនួនបី (៣) ច្បាប់។
- ប្រសិនបើអ្នកទិញ/អ្នកលក់ ជារូបវន្តបុគ្គលនោះត្រូវមានអត្តសញ្ញាណប័ណ្ណថតចម្លងដែលមានបញ្ជាក់ត្រឹមត្រូវចំនួនបី (៣) ច្បាប់។
- ប្រសិនបើអ្នកទិញ/អ្នកលក់ ជាជនបរទេសដែលមានសញ្ជាតិខ្មែរ នោះត្រូវមានអត្តសញ្ញាណប័ណ្ណថតចម្លងដែលមានបញ្ជាក់ត្រឹមត្រូវចំនួនបី (៣) ច្បាប់ និងព្រះរាជក្រឹត្យផ្តល់សញ្ជាតិច្បាប់ថតចម្លងដែលមានបញ្ជាក់ត្រឹមត្រូវមួយច្បាប់។
មន្ត្រីសុរិយោដីចាប់ផ្តើមដំណើរការការផ្ទេរ តាមរយៈការយកលិខិតលក់ផ្តាច់ និងឯកសារចាំបាច់ផ្សេងទៀតទៅកាន់សង្កាត់ (ឧទាហរណ៍ ការិយាល័យថ្នាក់ឃុំ)។ ការបញ្ជាក់ពិសេសអាចចាំបាច់ធ្វើនៅថ្នាក់សង្កាត់ដូចជាម្ចាស់ថ្មីជាអ្នកនៅលីវ ឬបើស្វាមីឬភរិយាប្រកាសថាមិនមានផលប្រយោជន៍លើដីដែលផ្ទេរកម្មសិទ្ធិ។
មន្រ្តីសង្កាត់បញ្ជាក់លើលិខិតលក់ផ្តាច់។
មន្រ្តីសុរិយោដីនឹងទទួលយកលិខិតលក់ផ្តាច់ ពីការិយាល័យសង្កាត់ហើយផ្ទៀងផ្ទាត់ លិខិតលក់ផ្តាច់ និងឯកសារដែលបានដាក់ជូនផ្សេងទៀត។
បន្ទាប់មក មន្រ្តីសុរិយោដីទំនាក់ទំនងជាមួយបុគ្គលដែលស្នើផ្ទេរ និងជូនដំណឹងទៅបុគ្គលនោះថា សំណុំឯកសារផ្ទេរកម្មសិទ្ធិរួចរាល់ដើម្បីយកទៅអគ្គនាយកដ្ឋានពន្ធដារ (“GDT”)ហើយ ។
ឯកសារពាក្យសុំដែលបានទទួលពីអាជ្ញាធរសុរិយោដីត្រូវបញ្ជូនទៅអគ្គនាយកដ្ឋានពន្ធដារ ហើយមន្រ្តីអគ្គនាយកដ្ឋានពន្ធដារត្រូវបានចាត់តាំងឲ្យធ្វើកិច្ចការនេះ។ មន្រ្តីអគ្គនាយកដ្ឋានត្រួតពិនិត្យលើដី ឬអចលនទ្រព្យដែលត្រូវផ្ទេរកម្មសិទ្ធិ និងកំណត់ចំនួនទឹកប្រាក់បង់ពន្ធផ្ទេរកម្មសិទ្ធិ ផ្អែកលើតម្លៃដី (យោងតាមមន្រ្តីអគ្គនាយកដ្ឋានពន្ធដារ) ។
ក្នុងរយៈពេល ១ ទៅ ២ សប្តាហ៍ មន្រ្តីអគ្គនាយកដ្ឋានពន្ធដារដែលត្រូវបានចាត់តាំងឲ្យធ្វើកិច្ចការនេះអាចត្រូវបានទាក់ទងសម្រាប់ចំនួនទឹ់កប្រាក់ពន្ធផ្ទេរកម្មសិទ្ធិដែលជំពាក់។
ចំនួនទឹកប្រាក់ពន្ធផ្ទេរកម្មសិទ្ធិជំពាក់ គឺត្រូវបង់ទៅអគ្គនាយកដ្ឋានពន្ធដារតាមរយៈធនាគារក្នុងស្រុកដោយភាគីដែលបានកំណត់ ហើយវិក័យប័ត្រត្រូវបានចេញឲ្យទៅភាគីបង់ប្រាក់ (អ្នកទិញមានកាតព្វកិច្ចកំណត់ក្រោមច្បាប់ក្នុងការបង់ពន្ធផ្ទេរកម្មសិទ្ធិ ប៉ុន្តែការអនុវត្តធម្មតានោះគឺអ្នកលក់ជាអ្នកបង់ពន្ធនេះ)។
រាល់ឯកសារដែលបានអនុម័តរួមទាំងភស្តុតាងនៃការបង់ពន្ធផ្ទេរកម្មសិទ្ធិ និងលិខិតលក់ផ្តាច់ ត្រូវបញ្ជូនទៅការិយាល័យអាជ្ញាធរសុរិយោដីនៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ហើយកម្មសិទ្ធិថ្មីត្រូវបានកត់ត្រានៅក្នុងកំណត់ត្រារបស់អាជ្ញាធរសុរិយោដី និងចុះបញ្ជីនៅថ្នាក់ជាតិ – នៅអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្ត្រនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
ប័ណ្ណកម្មសិទ្ធិច្បាប់ដើមដោយមានឈ្មោះម្ចាស់ថ្មី ត្រូវបានចេញដោយអាជ្ញាធរសុរិយោដី ហើយមន្រ្តីអាជ្ញាធរសុរិយោដីពាក់ព័ន្ធនឹងការជូនដំណឹងទៅអ្នកស្នើសុំថា ការផ្ទេរត្រូវបានបញ្ចប់រួចរាល់ ហើយអាចមកយកប័ណ្ណកម្មសិទ្ធិច្បាប់ដើមបាន។
- Video Advertisement -