គម្រោងលំនៅឋានថ្មីៗមានការពេញនិយមពីសំណាក់វិនិយោគិនកម្ពុជា
ទីផ្សារខុនដូលំនៅឋាននៅភ្នំពេញមានអ្នកទិញស្ទើរតែទាំងអស់ជាជនជាតិបរទេស ប៉ុន្ដែការអភិវឌ្ឍលំដាប់ខ្ពស់ដែលលក់ដាច់បំផុតមួយចំនួននៅភ្នំពេញដូចជា Bodaiju Residences និង The Peak កំពុងតែទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកទិញជនជាតិខ្មែរ។ ចាប់តាំងពីការចាប់ផ្តើមរបស់គម្រោងទាំងនេះមកដល់បច្ចុប្បន្ន អតិថិជនរបស់ Bodaiju Residences ប្រហែល ៦០ភាគរយ និងអតិថិជនរបស់ The Peak ប្រហែល ៥០ភាគរយ គឺជាប្រជាជនខ្មែរ។
លោកស្រី ចាន់ ម្លប់សុខា មកពីក្រុមហ៊ុនមេធាវី សុខា បានមានប្រសាសន៍ថា “នៅតែមានតម្រូវការជាវិជ្ជមានសម្រាប់ការអភិវឌ្ឍលំនៅឋានដែលមានទីតាំងល្អ និងការផ្តល់ជូនជាកញ្ចប់”។
ក្នុងចំណោមកត្តាជំរុញភាពជោគជ័យ មានមួយគឺទីតាំងរួមផ្សំជាមួយប្លង់ដ៏មានប្រសិទ្ធភាព និងភាពទាក់ទាញ។ គ្រប់យូនីតទាំងអស់ត្រូវបានរចនាឡើងដើម្បីពង្រីកទំហំដែលអាចប្រើប្រាស់បានជាអតិបរមា និងស្ថិតនៅក្នុងសួនច្បារដែលមានទេសភាពស្រស់ស្អាត និងមានលក្ខណៈសហសម័យ។ នៅក្នុងទីផ្សារ ប្រជាជនខ្មែរច្រើនឡើងៗចាប់អារម្មណ៍ក្នុងការទិញយូនីតលំនៅឋានសម្រាប់វិនិយោគ ហើយគំនិតនៃគម្រោងទាំងនេះស្របទៅនឹងតម្រូវការរបស់អ្នកទិញក្នុងស្រុក។
ក្នុងករណីខ្លះ អ្នកទិញក៏អាចចូលរួមក្នុងការជួលដែលគ្រប់គ្រងដោយអ្នកអភិវឌ្ឍន៍គម្រោងទាំងនេះផងដែរ ដោយទទួលបានប្រាក់ចំណូលពីការជួលខ្ពស់។ សំខាន់ជាងនេះទៅទៀត មនុស្សកាន់តែច្រើនឡើងៗមានឱកាសទិញការវិនិយោគប្រភេទទាំងនេះ ពីព្រោះពួកគេមិនត្រូវការដើមទុនច្រើនសម្រាប់ការបង់រំលស់នោះទេ។
ចំពោះគម្រោង Bodaiju Residence ទីតាំងនៃគម្រោងនេះគឺស្ថិតនៅជិតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងត្រូវបានរចនាដោយ Asma Architect ហើយផ្តល់ជូននូវយូនីតខុនដូដែលមានបន្ទប់គេង១ បន្ទប់គេង២ និងបន្ទប់គេង៣។ នៅមិនឆ្ងាយប៉ុន្មានពី Bodaiju Residence មានផ្សារទំនើប Lion Mall ដែលជាផ្សារទំនើបផ្តល់ជូននូវហ្វេសសិនគ្រប់យ៉ាងនៅក្នុងនោះ កន្លែងញ៉ាំអាហារ និងការកម្សាន្ត រួមទាំងផ្សារ Parkson ដែលជាហាងលក់ទំនិញដ៏ធំរបស់ម៉ាឡេស៊ី នាំមកដោយក្រុមហ៊ុន Lion Group របស់ប្រទេសម៉ាឡេស៊ីផងដែរ។ ផ្សារទំនើប Lion Mall ដែលមានអគារ៦ជាន់នេះ មានទំហំកន្លែងប្រហែល ៤៥.៥០០ហ្វីតការ៉េសម្រាប់ជួល។
The Peak គម្រោងអភិវឌ្ឍន៍ទី២ របស់ក្រុមហ៊ុន Oxley Holdings នៅភ្នំពេញ ស្ថិតនៅត្រង់បេះដូងនៃរាជធានីភ្នំពេញបែរមុខទៅទន្លេមេគង្គ។ ការអភិវឌ្ឍននេះផ្តល់ជូននូវកម្មសិទ្ធិគ្មានពេលកំណត់ដោយមានអគារកម្ពស់ ៥៥ជាន់ ដែលក្នុងនោះមានអគារលំនៅឋានចំនួន ២ ជាមួយនិងយូនីតសរុបចំនួន ១.០១៤យូនីត ត្រូវបានរចនាឡើងដើម្បីផ្តល់ជូននូវជម្រើសជាច្រើនចាប់ពីអាផាតមិនស្ទូឌីយោ យូនីតខុនដូមានបន្ទប់គេង១ បន្ទប់គេង២ បន្ទប់គេង៣ និងយូនីតខុនដូជាប្រភេទ Penthouse។ គម្រោងនេះក៏រួមបញ្ចូលនូវអគារពាណិជ្ជកម្មមួយដែលមានយូនីតការិយាល័យ និងសណ្ឋាគារ Shang-ri La ដ៏ល្បីល្បាញ។ គម្រោងក៏រួមបញ្ចូលនូវទីកន្លែងហាងលក់រាយដែលមាន៥កម្រិត។ ការសាងសង់ The Peak បានចាប់ផ្តើមនៅដើមឆ្នាំ២០១៦ ហើយការអភិវឌ្ឍនេះត្រូវបានរំពឹងថានឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២០។
លោក ឆាយ លាងងួន នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Ratanaka Realty បានពន្យល់ថា មានគម្រោងពីរបីប៉ុណ្ណោះដែលទទួលបានការចាប់អារម្មណ៍ច្រើនពីអ្នកទិញក្នុងស្រុកដូចជា គម្រោង Urban Loft នៅជិតផ្សារទំនើប AEON 2 គម្រោង Aura Condo នៅជិតផ្សារថ្មី និងគម្រោង The Bridge។
- Video Advertisement -