ផ្សារទំនើបម៉ាឡេស៊ីកំណត់ពេលបើកដំណើរការនៅកម្ពុជា
ផ្សារទំនើបអន្តរជាតិបានសម្លឹងឃើញប្រទេសកម្ពុជាជាកន្លែងវិនិយោគដែលកំពុងរីកចម្រើនអស់រយៈពេលជាច្រើនឆ្នាំមកហើយ ព្រោះថាអ្នកប្រើប្រាស់ថ្នាក់កណ្តាលកំពុងមានការកើនឡើង។ ពេលនេះប្រទេសកម្ពុជានឹងទទួលបានបទពិសោធន៍ផ្សារទំនើបតាមបែបថ្មីមួយនៅពេលផ្សារទំនើបភ្នំពេញមេហ្គាម៉ល (Phnom Penh Mega Mall) ដែលមានមូលដ្ឋាននៅម៉ាឡេស៊ីបើកដំណើរការនៅដើមឆ្នាំ២០១៨ ។
ដំបូងឡើយផ្សារនេះមានឈ្មោះថា Parkson ហើយក្រោយមកត្រូវបានដាក់ឈ្មោះជាផ្លូវការថា ផ្សារភ្នំពេញមេហ្គាម៉ល (Phnom Penh Mega Mall) ដែលជាផ្សារទំនើបថ្មីមានកម្ពស់ ១១ជាន់ ស្ថិតនៅចម្ងាយ ២០០ម៉ែត្រពីស្ពានអាកាសតិចណូតាមបណ្តោយមហាវិថីសហព័ន្ធរុស្សី។
បន្ទាប់ពីចាប់ផ្តើមសាងសង់នៅចុងឆ្នាំ២០១២ និងត្រូវបើកដំណើរការនៅឆ្នាំ២០១៦ ឬដើមឆ្នាំ ២០១៧ ផ្សារនេះត្រូវបានពន្យារពេលបើកដំណើរ។ ទោះជាយ៉ាងណា លោក Rofy Othsman អ្នកគ្រប់គ្រងទូទៅផ្សារទំនើបភ្នំពេញមេហ្គាម៉ល បានប្រាប់ព័ត៌មានក្នុងស្រុកថា អ្នកលក់រាយនឹងផ្តល់ភ្លើងបៃតងសម្រាប់ដំណើរការអាជីវកម្មនៅដើមឆ្នាំ២០១៨។
តាមលោក Rofy ផ្សារលក់រាយនេះមានសមត្ថភាពផ្ទុករថយន្តចំនួន ១,៥០០គ្រឿង និងម៉ូតូចំនួន៣,០០០គ្រឿងក្នុងចំណតយានយន្តរបស់ខ្លួន។ ផ្សារនេះនឹងផ្តល់ជូននូវផលិតផលជាច្រើនប្រភេទដោយមានផ្សារទំនើបនៅជាន់ក្រោមដីបើកទ្វារពីម៉ោង ៩ព្រឹករហូតដល់ម៉ោង ១០យប់ ចំណែកផ្នែកកម្សាន្តវិញនឹងបើករហូតដល់ម៉ោង ២ព្រឹក។
លោកបានមានប្រសាសន៍ថា “ប្រជាជនកម្ពុជានឹងរីករាយជាមួយបទពិសោធន៍បែបថ្មីជាមួយនិងផលិតផលជាច្រើនពីម៉ាកអន្តរជាតិ”។ លោកបានបន្ថែមថា “យើង (ផ្សារទំនើបភ្នំពេញមេហ្គាម៉ល)ផ្តោតសំខាន់លើប្រជាជនក្នុងស្រុកដោយពួកគេអាចសន្សំពេលវេលា និងប្រាក់កាសរបស់ពួកគេក្នុងការដើរផ្សារនៅបរទេស ព្រោះថាម៉ាកល្បីៗបានឈានជើងចូលមកក្នុងប្រទេសកម្ពុជាហើយ”។
ផ្សារទំនើបក្នុងទីប្រជុំជនក្រុងដែលនឹងបើកដំណើរការឆាប់ៗនេះមានទំហំ ១៦៥,០០០ម៉ែត្រការ៉េ ហើយត្រូវបានរំពឹងថានឹងបង្កើតឱកាសការងារដើម្បីបម្រើមនុស្សដល់ ៤,០០០នាក់ក្នុងមួយថ្ងៃ។ លោកបានពន្យល់ថា ផ្សារទំនើបនេះមិនត្រឹមតែមានបំណងផ្តល់នូវការកម្សាន្តនិងការដើរទិញទំនិញប៉ុណ្ណោះទេ ថែមទាំងមានបំណងក្លាយជាកន្លែងទាក់ទាញទេសចរផងដែរ។
ក្រុមហ៊ុន Parkson Asia Limited ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៨៧ គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុន Lion Group ដែលជាក្រុមហ៊ុនវិនិយោគម៉ាឡេស៊ីដែលបច្ចុប្បន្នមានគម្រោងពង្រីកហាងលក់ទំនិញបន្ថែមទៀត និងមានសាខាសរុបចំនួន ១១៥ហើយនៅក្នុងប្រទេសម៉ាឡេស៊ី ប្រទេសចិន ប្រទេសវៀតណាម ប្រទេសឥណ្ឌូនេស៊ី និងប្រទេសមីយ៉ាន់ម៉ា នេះបើតាមគេហទំព័ររបស់ក្រុមហ៊ុន Lion Group។
- Video Advertisement -