តើអ្នកគួរដាក់ប្រាក់បញ្ញើនៅធនាគារ ឬ វិនិយោគលើអចលនទ្រព្យ?
ការសម្រេចចិត្តថាតើត្រូវវិនិយោគលើទិន្នផលអចលនទ្រព្យ ឬ ដាក់ប្រាក់បញ្ញើនៅធនាគារ គឺជារឿងដែលពិបាកក្នុងការសម្រចចិត្តសម្រាប់វិនិយោគិនភាគច្រើន។ ប៉ុន្តែវាមិនមែនជាការលំបាកទេប្រសិនបើអ្នកយល់និងចេះវិភាគ។
ជាទូទៅទិន្នផលជាមធ្យមនៃការវិនិយោគការិយាល័យនិងខុនដូនៅរាជធានីភ្នំពេញមានប្រមាណជា ៤ ភាគរយទៅ ៨ ភាគរយ។ ចំណែកឯអត្រាការប្រាក់ពីបញ្ញើធនាគារបានប្រហែលជា ៥ ភាគរយ។
ដូច្នេះតើអ្នកគួរតែជ្រើសរើសមួយណា?
បើយោងតាមលោកNguonCheaylengអគ្គនាយកក្រុមហ៊ុនPointerសម្រាប់ការវិនិយោគលើអចលនទ្រព្យគឺជាការជ្រើសរើសលក្ខណសម្បត្តិដ៏ត្រឹមត្រូវមួយ ចំណែកឯការយល់ពីតម្រូវការទីផ្សារ គឺជាកត្តាដ៏សំខាន់មួយដែរ ដែលអាចជួយអោយអ្នកវិនិយោគទទួលបានទិន្នផលខ្ពស់។
ទីតាំងគឺជាកត្តាចំបងទីមួយសម្រាប់ទីផ្សារជួល ជាពិសេសសម្រាប់អ្នកជួលបរទេសដែលជាទីផ្សារសំខាន់សម្រាប់ផ្ទះល្វែង និង ខុនដូនៅរាជធានីភ្នំពេញ។ អ្នកជួលបរទេសភាគច្រើនចូលចិត្តអចលនទ្រព្យដែលផ្តល់នូវភាពងាយស្រួល និង មានទីតាំងនៅជិតភោជនីយដ្ឋានសាលារៀននិងផ្សារទំនើប។
ការជ្រើសរើសយកទំហំដែលត្រឹមត្រូវក៏ជាកត្តាសំខាន់មួយផងដែរ។ កាលពីមុនមួយយូនីតមានមួយបន្ទប់គេង វាអាចទទួលបានទិន្នផលខ្ពស់បំផុតប៉ុន្តែការប្រកួតប្រជែងនៅក្នុងទីផ្សារបច្ចុប្បន្នបណ្តាលឱ្យទិន្នផលនេះធ្លាក់ចុះ។ ដូច្នេះអ្នកគួរតែគិតអំពីតម្រូវការអោយបានច្បាស់លាស់ មុនពេលសម្រេចចិត្តទិញ។
ម្យ៉ាងទៀតសំរាប់អាគារថ្មីៗមាននិន្នាការផ្តល់ទិន្នផលល្អប្រសើរជាងអាគារចាស់ៗ។ ប៉ុន្ដែអាគារចាស់ៗដែលស្ថិតនៅទីតាំងសំខាន់ៗឬត្រូវបានថែទាំយ៉ាងល្អ ក៏នៅតែទទួលបានទិន្នផលស្រដៀងនឹងអគារថ្មីៗផងដែរ។
គូសបញ្ជាក់ផងដែរថា នៅទីក្រុងភ្នំពេញ ក៏មានអចលនទ្រព្យខ្លះអាចផ្ដល់បានទិន្នផលពី ៥ ភាគរយឬរហូតដល់ទៅ ១០ ភាគរយឯនោះ។
ទោះជាយ៉ាងណាក៏ដោយត្រូវគិតផងដែរថា អ្នកក៏មានចំណាយផ្សេងៗជាច្រើនទៀតដែលពាក់ព័ន្ធនឹងការទិញឬមើលថែអចលនទ្រព្យ។ ក្រោយពីពិចារណាលើការចំណាយទាំងអស់នេះទិន្នផលមធ្យមដែលអាចសម្រេចបាន វាអាចនឹងទាបជាងអត្រាការប្រាក់បញ្ញើធនាគារ ព្រោះវាជាទីផ្សារប្រកួតប្រជែងដែលការផ្គត់ផ្គង់ខុនដូ និង
អគារការិយាល័យបានកើនឡើងជាច្រើន។
ទីបំផុតវាជាជម្រើសផ្ទាល់ខ្លួនរបស់អ្នកប្រសិនបើអ្នកជ្រើសរើសអចលនទ្រព្យបានត្រឹមត្រូវវាអាចធានាបាននូវទិន្នផលមួយដែលសមរម្យ តែបើអ្នកពុំសូវមានជំនាញក្នុងការជ្រើសរើសអចលនទ្រព្យទេ ដូច្នេះការវិនិយោគលើបញ្ញើធនាគារគឺ
ជាជំរើសដ៏ល្អ ។
- Video Advertisement -