អ្នកជំនាញ៖ ប្រជាជនខ្មែរនឹងប្តូររសនិយមមករស់នៅខុនដូច្រើនជាងមុននាពេលអនាគត
យោងតាមអ្នកវិភាគអចលនទ្រព្យម្នាក់បានឲ្យដឹងថា ចំនួនប្រជាពលរដ្ឋខ្មែរក្នុងស្រុកដែលចូលចិត្តទិញ និង រស់នៅខុនដូ ក្នុងរាជធានីភ្នំពេញបានកើនឡើងបន្តិចបន្តួចប៉ុណ្ណោះ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយរំពឹងថានឹងកើនឡើងបន្ថែមទៀតនាពេលអនាគត។
ដូចដែលយើងបានដឹងជាទូទៅថា ប្រជាពលរដ្ឋខ្មែរយើងចូលចិត្តទិញផ្ទះជាប់ដីជាជាងបន្ទប់នៅក្នុងអាគារខ្ពស់ៗ ដែលនេះជាមូលហេតុមួយដែលធ្វើឲ្យបុរីបានក្លាយជាជំរើសវិនិយោគលើអចលនទ្រព្យដែលមានប្រជាប្រិយភាពបំផុតសម្រាប់ប្រជាពលរដ្ឋខ្មែរសព្វថ្ងៃជាជាងទៅទិញខុនដូ។
“មានប្រជាពលរដ្ឋខ្មែរតែមួយចំនួនតូចប៉ុណ្ណោះដែលទិញខុនដូ ហើយជាទូទៅគឺដោយសារតែពួកគេមានលុយសល់ និងគ្រាន់តែចង់មានខុនដូតាមចំណង់ចំណូលចិត្ត។ ជាមធ្យមអ្នកទិញខុនដូមាន ៨០ ភាគរយគឺជាជនបរទេសហើយមានត្រឹមតែ ២០ភាគរយប៉ុណ្ណោះគឺជាប្រជាពលរដ្ឋក្នុងស្រុក” នេះបើយោងតាមប្រសាសន៍របស់លោក សន សៀប ដែលជាស្ថាបនិក និងនាយកនៃក្រុមហ៊ុន Key Real Estate Co., Ltd. និងជាអ្នកឯកទេសផ្នែកអចលនទ្រព្យដ៏ល្បីល្បាញមួយរូបនៅក្នុងប្រទេសកម្ពុជា។
“ប៉ុន្តែប៉ុន្មានឆ្នាំកន្លងមកនេះយើងក៏បានកត់សម្គាល់ផងដែរថា ប្រជាពលរដ្ឋខ្មែរក្នុងស្រុកមានទំនោរចង់ទិញនិងរស់នៅក្នុងខុនដូច្រើនជាងមុន ដោយសារតែមានការរីកដុះដាលនៃទីក្រុង និងការកកស្ទះចរាចរយ៉ាងខ្លាំង” លោកបានបន្ត។
ជាទូទៅបូរីភាគច្រើនស្ថិតនៅជាយក្រុងដែលឆ្ងាយពីកន្លែងធ្វើការរបស់ពួកគេ ផ្ទុយទៅវិញខុនដូភាគច្រើនគឺនៅក្នុងក្រុង។ ដូច្នេះការរស់នៅក្នុងខុនដូ គឺមានភាពងាយស្រួលច្រើនក្នុងការធ្វើដំណើរទៅកន្លែងធ្វើការ និងកន្លែងផ្សេងៗ ដែលជាការជួយសន្សំសំចៃពេលវេលានិងចំណាយទៅលើការធ្វើដំណើរ។
កត្តាមួយទៀតដែលជះឥទ្ធិពលដល់ជម្រើសប្រជាពលរដ្ឋខ្មែរក្នុងការរស់នៅក្នុងខុនដូកាន់តែច្រើនគឺកត្តាសេវាកម្ម។
លោក សន សៀប បានមានប្រសាសន៍ថា ៖ “អ្នកធ្វើការភាគច្រើននាពេលបច្ចុប្បន្នសុទ្ធតែរវល់ ពេលមកដល់ផ្ទះយើងមិនមានពេលវេលារៀបចំសម្អាតផ្ទះទេ ដូច្នេះខុនដូគឺមានភាពងាយស្រួលដោយសារតែនៅក្នុងខុនដូមានសេវាកម្មសំអាតនិងប្រព័ន្ធគ្រប់គ្រងផ្សេងៗទៀត” ។
“តម្លៃក៏ជាកត្តាដ៏សំខាន់មួយផងដែរ បើប្រៀបធៀបតម្លៃរវាងខុនដូនិងផ្ទះដែលនៅកណ្តាលក្រុងខុនដូមានតម្លៃថោកជាង។ ដូច្នេះសម្រាប់អ្នកដែលចង់រស់នៅកណ្តាលទីក្រុងខុនដូគឺជាជម្រើសដ៏ប្រសើរ ជាពិសេសសម្រាប់មនុស្សជំនាន់ក្រោយ ” ។
ទោះយ៉ាងណាក៏ដោយ និន្នាការនៃការរស់នៅក្នុងខុនដូ នៅតែមិនទាន់កើនឡើងច្រើននៅឡើយទេ បើគិតជាភាគរយអាចនិយាយបានថាកើនឡើងប្រមាណ ៥ភាគរយ ជារៀងរាល់ឆ្នាំ ។ ដូច្នេះអ្នកអភិវឌ្ឍន៍នៅតែមិនអាចពឹងផ្អែកលើទីផ្សារក្នុងស្រុកទាំងស្រុងបានទេ។
- Video Advertisement -