ឱកាសរីកចម្រើនថ្មីនៃអចលនទ្រព្យសម្រាប់វិស័យទេសចរណ៍ដែលផ្តោតអ្នកទិញជាជនជាតិចិន

The Blue Bay condominium project in Sihanoukville

សម្រាប់វិនិយោគិនបរទេសភាគច្រើន កម្ពុជានៅតែមានភាពទាក់ទាញដោយសារតែអចលនទ្រព្យមានតម្លៃទាបតែផ្តល់ផលពីការជួលខ្ពស់។ ម្យ៉ាងវិញទៀត លក្ខខណ្ឌនៃការទិញនៅកម្ពុជាក៏មិនសូវស្មុគស្មាញដែរបើធៀបទៅនឹងប្រទេសជាច្រើនទៀតជាមួយថ្លៃបង់ចំណាយ និងថ្លៃផ្ទេរទាប។

កាលពីមុន អ្នកទិញខុនដូភាគច្រើនគឺមកពីតៃវ៉ាន់ និងសិង្ហបុរី។ ដោយសារតែតម្រូវការក្នុងស្រុកនៅទន់ខ្សោយ អ្នកអភិវឌ្ឍន៍បានពង្រីកមូលដ្ឋានអតិថិជនរបស់ខ្លួនតាមរយៈការធ្វើយុទ្ធនាការទីផ្សារនៅក្រៅប្រទេស។ អ្នកអភិវឌ្ឍន៍ភាគច្រើននៅកម្ពុជាបានអនុវត្តយុទ្ធនាការទីផ្សារក្រៅប្រទេសរយៈពេលវែង។ កាលពីពេលថ្មីៗនេះ មានយុទ្ធនាការទីផ្សារក្រៅប្រទេសជាច្រើនបានរៀបចំឡើងនៅហុងកុង តៃវ៉ាន់ សឹង្ហបូរី និងទីក្រុងនានានៅចិនដីគោក។

និន្នាការដែលវិនិយោគិនបរទេសវិនិយោគលើអគារលំនៅដ្ឋាននៅក្រុងព្រះសីហនុទើបតែកើតមានពីឆ្នាំ២០១៦។ ជាលទ្ធផល យើងសង្កេតឃើញមានការកើនឡើងនូវចំនួនអ្នកទិញជនជាតិចិនដែលទិញខុនដូនៅក្រុងព្រះសីហនុ ហើយសង្ឃឹមថានិន្នាការនេះនឹងពង្រីកទៅកាន់តំបន់ទេសចរណ៍សំខាន់ៗផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា។

The Seagate condominium in Sihanoukville

ប្រទេសកម្ពុជាជាទិសដៅសំខាន់មួយដែលជនជាតិចិនកំពុងស្វែងរកការវិនិយោគលើអចលនទ្រព្យ។ កម្ពុជាក៏បានបង្ហាញនូវទីផ្សារល្អប្រសើរបើប្រៀបធៀបនឹងទិសដៅវិនិយោគផ្សេងទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដោយសារតែទំនាក់ទំនងល្អរបស់ខ្លួនជាមួយប្រទេសចិន។ ក្នុងចំណោមដើមទុនសរុបរបស់ចិនដែលបានបណ្តាក់ទុននៅក្នុងប្រទេសកម្ពុជា មួយផ្នែកធំត្រូវបានវិនិយោគលើវិស័យអចលនទ្រព្យ។ វិនិយោគិនចិនភាគច្រើនទិញអចលនទ្រព្យដែលមានតម្លៃក្រោម ២០០.០០០ ដុល្លារហើយមានទីតាំងនៅរាជធានីភ្នំពេញ។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ពួកគេក៏បានទិញនៅតាមមណ្ឌលទេសចរណ៍ដូចជាខេត្តសៀមរាប និងខេត្តព្រះសីហនុផងដែរ។

នៅតំបន់អាស៊ីអាគ្នេយ៍ ទីក្រុងបាងកក ទីក្រុងគូឡាឡាំពួ និងទីក្រុងសាំងហ្គាពួរ គឺជាទីតាំងដ៏ទាក់ទាញបំផុតទាំងបីសម្រាប់វិនិយោគិនបរទេសដែលទិញអចលនទ្រព្យលំនៅដ្ឋាន។ ស្រដៀងគ្នាដែរនៅកម្ពុជា រាជធានីភ្នំពេញ និងក្រុងព្រះសីហនុ គឺជាទីតាំងពេញនិយមសម្រាប់វិនិយោគិនបរទេស។ ក្នុងនាមជារាជធានីនៃប្រទេសកម្ពុជា ភ្នំពេញមានលក្ខណៈស្រដៀងគ្នា ដូចជាហេដ្ឋារចនាសម្ព័ន្ធទូលំទូលាយដែលល្អប្រសើរជាងទីក្រុងនិងក្រុងដទៃទៀតនៅក្នុងប្រទេស ហើយស្ថិតនៅជិតកន្លែងដែលផ្តល់ភាពងាយស្រួល និងភាពគួរជាទីពេញចិត្តផ្សេងៗ។ ដូចគ្នាដែរ ក្រុងព្រះសីហនុ និងកែប គឺជាតំបន់ឆ្នេរដែលកំពុងពេញនិយមសម្រាប់ផ្ទះលំហែកាយថ្ងៃសម្រាក។

ទីផ្សារកម្ពុជានៅតែជាទីផ្សារថ្មីសម្រាប់វិនិយោគិនអចលនទ្រព្យលំនៅដ្ឋានជនជាតិចិនបើធៀបនឹងទីផ្សារអចលនទ្រព្យម៉ាឡេស៊ី សិង្ហបុរី ឬថៃ ដែលមានការពេញនិយមសម្រាប់ជនជាតិចិនអស់រយៈពេលប្រហែលមួយទសវត្សមកហើយ។ ដោយសារតែកំណើនប្រជាប្រិយភាពនៃទីក្រុងមាត់សមុទ្ររបស់ប្រទេសកម្ពុជាសម្រាប់ភ្ញៀវទេសចរចិននាពេលបច្ចុប្បន្ន ដូចនេះទីនេះមានសក្តានុពលកាន់តែខ្លាំងឡើងសម្រាប់ទាំងអ្នកអភិវឌ្ឍន៍បរទេសនិងក្នុងស្រុក ក្នុងការបង្ហាញការអភិវឌ្ឍរបស់ខ្លួនទៅកាន់អ្នកទិញមកពីក្រៅប្រទេស។

 

សណ្ឋាគារឯករាជ្យក្នុងខេត្តព្រះសីហនុ

បទប្បញ្ញត្តិច្បាប់ស្តីពីកម្មសិទ្ធិជនបរទេសនៅកម្ពុជាអនុញ្ញាតឲ្យជនបរទេសមានកម្មសិទ្ធិលើខុនដូនៅតំបន់ដែលអាចលក់បាន។ ចំណុចនេះត្រូវបានគេចាត់ទុកថាមានភាពធូរជាងបណ្តាប្រទេសជិតខាងនៅអាស៊ីអាគ្នេយ៍។ បច្ចុប្បន្ន វិនិយោគិនបរទេសមានចំនួនជាង ៥០ភាគរយ នៃម្ចាស់ខុនដូនៅប្រទេសកម្ពុជា។ អត្រានេះមានកម្រិតខ្ពស់ណាស់បើប្រៀបធៀបទៅនឹងប្រទេសថៃដែលមានប្រមាណ ១៥ ទៅ ២០ភាគរយ និងប្រទេសម៉ាឡេស៊ីដែលមានប្រមាណ ២០ភាគរយ។ ដោយសារតែច្បាប់របស់កម្ពុជាអនុញ្ញាតឲ្យមានកម្មសិទ្ធិបរទេសដល់ទៅ ៧០% នៃគម្រោងខុនដូមួយនោះ យើងជឿជាក់ថានៅតែមានចន្លោះសម្រាប់ការកើនឡើងនូវការផ្គត់ផ្គង់ និងតម្រូវការ។

និន្នាការកើនឡើងក្នុងវិស័យទេសចរណ៍កម្ពុជាគួរតែអាចជួយជំរុញការវិនិយោគលើអចលនទ្រព្យពីបរទេស។ វាបានផ្តល់នូវការផ្សព្វផ្សាយពីទីផ្សារដល់ភ្ញៀវទេសចរបរទេសដែលមានសក្កានុពលក្នុងការសម្រេចចិត្តទិញអចលនទ្រព្យនៅពេលដែលពួកគេបានស្គាល់ច្រើនពីប្រទេសកម្ពុជា។ កាលពីឆ្នាំមុន ភ្ញៀវទេសចរចិនដែលមកដល់កម្ពុជាមានចំនួនច្រើនជាងគេ។ ដោយសារប្រទេសកម្ពុជាត្រូវបានគេចាត់ទុកថាជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមិនសូវផ្សព្វផ្សាយបង្ហាញឲ្យគេស្គាល់ សម្រាប់វិនិយោគិនអចលនទ្រព្យជនជាតិចិននោះ ដូចនេះកម្ពុជាមានសក្តានុពលខ្ពស់សម្រាប់កំណើនវិនិយោគិនអចលនទ្រព្យបរទេសដែលមកពីប្រទេសចិន។

Sihanoukville port

ដើម្បីទាក់ទាញការវិនិយោគបរទេសបន្ថែមទៀតក្នុងរយៈពេលវែង ទាំងអ្នកអភិវឌ្ឍន៍ក្នុងស្រុកនិងបរទេសត្រូវតែបន្តបង្កើនគុណភាពសាងសង់និងរចនាអចលនទ្រព្យរបស់ខ្លួនឲ្យឆ្លើយតបនឹងស្តង់ដារអន្តរជាតិ ព្រោះថាអ្នកទិញជនជាតិចិនទាំងនេះមានជម្រើសល្អៗច្រើននៅទូទាំងពិភពលោក។ ចំណុចសំខាន់មួយទៀតគឺផ្តល់ជូននូវសេវាដ៏ល្អដល់អតិថិជន ដែលនេះនឹងជួយឲ្យទទួលបានទំនុកចិត្តពីអ្នកទិញជាជនបរទេស និងបង្កើនភាពស្មោះត្រង់របស់អតិថិជន។ នៅពេលដែលអតិថិជនមានអារម្មណ៍ពេញចិត្ត ពួកគេនឹងណែនាំពីគម្រោងនោះដល់អ្នកទិញផ្សេងទៀត។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សន្ទស្សន៍ថ្លៃលំនៅដ្ឋានក្នុងរាជធានីភ្នំពេញ កើនឡើងដល់ ១១៥ភាគរយ ក្នុងខែសីហា 

ក្នុងខែសីហា ឆ្នាំ២០២២នេះ សន្ទស្សន៍ថ្លៃលំនៅដ្ឋាននៅរាជធាន […]

ហេតុអ្វីរដ្ឋផ្ដោតបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធខ្លាំង? ជះឥទ្ធិពលដល់សេដ្ឋកិច្ចដូចម្ដេច?

ការបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធ បង្កប់ន័យជ្ […]

អ្នកជំនាញ៖ អចលនទ្រព្យនឹងស្ទុះមកកម្រិតមុនកូវីដនៅ ៣ ឆ្នាំទៀត​ វិស័យកើនខ្លាំងជាងគេគឺ…

បើទោះជាសេដ្ឋកិច្ចជាតិ និងអន្ដរជាតិ ជួបបញ្ហាពិតមែន តែវិស […]

ឆ្នាំ ២០២៣ គួរវិនិយោគអចលនទ្រព្យប្រភេទអ្វី និងនៅទិសដៅណា? ហេតុអ្វី?

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានឱ្យដឹង ឆ្នាំ២០២៣ ជាឆ្នា […]

CBRE៖ វិស័យអលចនទ្រព្យឆ្នាំ ២០២៣ នឹងមិនទាន់ស្ទុះខ្លាំងទេ ព្រោះតែ…

ទីផ្សារអចលនទ្រព្យនៅកម្ពុជា រំពឹងថានឹងប្រសើរឡើងបន្ដិចបន្ […]

ការដកវិធានការកូវីដ ជះឥទ្ធិពលដល់ទីផ្សារអចលនទ្រព្យតិចតួចណាស់, អ្នកជំនាញថា…

អ្នកជំនាញបានឱ្យដឹងថា ការដកវិធានការកូវីដរបស់រដ្ឋាភិបាលកម […]