ក្រុមហ៊ុនសៀងហៃគ្រោងបើកសណ្ឋាគារប្រេន Tonino Lamborghini ចំនួន ២ កន្លែងនៅប្រទេសកម្ពុជា
សណ្ឋាគារ Tonino Lamborghini នៅទីក្រុង Wenzhou ប្រទេសចិន ដែលនឹងបើកដំណើរការក្នុងឆ្នាំ ២០២០
កាលពីថ្មីៗនេះ ក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យនៃទីក្រុងសៀងហៃមួយឈ្មោះថា JOIN.IN Hospitality Management (JHM) បានប្រកាសពីគម្រោងក្នុងការពង្រីកទីផ្សាររបស់ខ្លួនមកកាន់ប្រទេសកម្ពុជាជាលើកដំបូង ហើយនឹងបណ្ដាក់ទុនបើកសណ្ឋាគារស្ដង់ដារលំដាប់ពិភពលោក ប្រេន Tonino Lamborghini Hotels & Resorts ចំនួន ២ កន្លែង នៅក្នុងខេត្តសៀមរាប ។ នេះបើយោងតាមរបាយការណ៍របស់សារព័ត៌មាន TTG Asia ។
ការប្រកាសនេះត្រូវបានធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន JHM ដែលភ្នាក់ងារគ្រប់គ្រងសណ្ឋាគារប្រេន Tonino Lamborghini Hotels & Resorts បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ហុងកុង Hong Kong’s Shimao International Development ក្នុងការសាងសង់គម្រោងទាំងពីរនេះ។
ទោះជាយ៉ាងណាក្តី ក្រុមហ៊ុន JHM ពុំទាន់បានបញ្ជាក់ពីទំហំទឹកប្រាក់វិនិយោគ ក៏ដូចជាព័ត៌មានលម្អិតទាក់ទងនឹងគម្រោងនេះនៅឡើយទេ។
បើយោងតាមប្រភពដដែលនេះ ការមកបណ្ដាក់ទុនក្នុងវិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជាលើកនេះ គឺជាគោលបំណងចំបងមួយនៃគោលបំណងផ្សេងៗទៀតរបស់ ក្រុមហ៊ុន JHM ក្នុងការពង្រីកទីផ្សារពីប្រទេសចិនទៅកាន់តំបន់អាស៊ីអាគ្នេយ៍និងអាស៊ីខាងកើត។ ក្រៅពីខេត្តសៀមរាប ក្រុមហ៊ុនក៏មានគម្រោងវិនិយោគលើអចលនទ្រព្យចំនួន ១២ កន្លែងបន្ថែមទៀត នៅតំបន់ទេសចរណ៍សំខាន់ៗនៅអាស៊ីខាងកើតនិងអាស៊ីអាគ្នេយ៍ នាពេលអនាគតដ៏ខ្លីខាងមុខ ដោយចាប់ផ្តើមពីម៉ាកាវ និង សៃប៉ាន (Saipan)។
គូរបញ្ជាក់ផងដែរថា ប្រេនសណ្ឋាគារ Tonino Lamborghini Hotels & Resorts គឺជាប្រេនសណ្ឋាគារដែលពេញនិយមមួយក្នុងប្រទេសចិន ដែលចាប់បើកជាលើកដំបូងក្នុងពីឆ្នាំ ២០១២ នៅទីក្រុង Suzhou ប្រទេសចិន ហើយបន្ទាប់មកទៀតបានបើកសាខាជាច្រើនកន្លែងទៀតនៅទីក្រុង Kunshan និង Huangshi ។
បច្ចុប្បន្ន Tonino Lamborghini Hotels & Resorts កំពង់អភិវឌ្ឍន៍គម្រោងចំនួន ១៨ កន្លែងជុំវិញទីក្រុងធំៗជាច្រើននៅក្នុងប្រទេសចិនរួមមាន Chnogqing, Hangzhou, Chengdu, Zhengzhou, Xi’an, Qingdao, Dalian, Xuzhou, Wuxi, Wenzhou, Yixing, Huangshan, Taihangshan និង Taihu ដែលគម្រោងទាំងអស់គ្រោងនឹងបញ្ចប់ការសាងសង់និងបើកឲ្យដំណើរការក្នុងឆ្នាំ ២០២០ ខាងមុខនេះ។

លោក Roberto Simoneប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន Join.In Hospitality Management ប្រភព: TTG Asia
- Video Advertisement -