តម្លៃដីក្នុងខណ្ឌព្រែកព្នៅកើនឡើងគួរឲ្យកត់សម្គាល់ក្នុងឆ្នាំ២០១៨
ខណ្ឌព្រែកព្នៅ
របាយការណ៍ស្ថិតិចុងក្រោយបំផុតដោយក្រុមហ៊ុន Key Real Estate Co., Ltd. បានបង្ហាញថា នៅក្នុងអំឡុងពេល ៦ខែដំបូងសម្រាប់ឆ្នាំ ២០១៨ តម្លៃដីនៅក្នុងខណ្ឌព្រែកព្នៅបានកើនឡើងគួរឲ្យកត់សម្គាល់បើប្រៀបធៀបទៅនឹងចុងឆ្នាំ ២០១៧។ នេះជាកត្តាធ្វើឲ្យអ្នកជំនាញព្យាករណ៍ថាខណ្ឌមួយអាចនឹងក្លាយជាតំបន់សក្តានុពលថ្មីសម្រាប់ទីផ្សារអចលនទ្រព្យដែលកំពុងតែរីកដុះដាលឥតឈប់ឈរ។
ជាការពិតណាស់ តម្លៃដីក្នុងខណ្ឌមួយនេះគឺចាត់ទុកថានៅទាបណាស់បើប្រៀបធៀបទៅនឹងតម្លៃដីក្នុងខណ្ឌដទៃទៀត។ ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់គឺនៅដើមឆ្នាំ ២០១៨ នេះ វាបានកើនឡើងយ៉ាងខ្លាំងលើសពីឆ្នាំមុន គឺប្រមាណ ៧,៦ ភាគរយ ដែលជាអត្រាកើនឡើងខ្លាំងជាងគេក្នុងចំណោមខណ្ឌទាំងអស់។
ខណ្ឌព្រែកព្នៅ កាលពីមុនជាខណ្ឌជាយក្រុងដាច់ស្រយាលមួយសម្រាប់អ្នករស់នៅទីក្រុងភ្នំពេញ ប៉ុន្តែដោយសារតែមានការពង្រីកទីក្រុង បច្ចុប្បន្នខណ្ឌមួយនេះបានក្លាយទៅជាខណ្ឌដែលមានការពេញនិយមនិងទាក់ទាញអ្នកទិញដីកម្រិតតូចនិងមធ្យមជាច្រើន។
នៅក្នុងបទសម្ភាសន៍មួយជាមួយទស្សនាវដ្ដីសំណង់និងអចលនទ្រព្យ លោក សន សៀប ដែលជាស្ថាបនិក និងជានាយកនៃក្រុមហ៊ុន Key Real Estate Co., Ltd. និងជាអ្នកឯកទេសផ្នែកអចលនទ្រព្យដ៏ល្បីល្បាញមួយរូបនៅក្នុងប្រទេសកម្ពុជា បានបង្ហាញពីសុទិដ្ឋិនិយមរបស់គាត់ទៅលើខណ្ឌព្រែកព្នៅ ដែលលោករំពឹងថាវានឹងមានសក្តានុពលសម្រាប់ការអភិវឌ្ឍន៍ខ្ពស់ ជាពិសេសលើផ្នែកអចលនទ្រព្យនាពេលអនាគត។
លោក សន សៀប បានមានប្រសាសន៍ថា៖ “មានកត្តាជាច្រើនដែលធ្វើឲ្យតម្លៃដីក្នុងខណ្ឌនេះមានកំណើន ទីមួយ ខណ្ឌព្រែកព្នៅគឺនៅជិតខណ្ឌសែនសុខនិងខណ្ឌឫស្សីកែវ ដែលជាខណ្ឌដែលកំពុងមានសន្ទុះនិងភាពរីកចម្រើន។ ជាការពិតណាស់ មិនយូរទេ ការរីកចម្រើននេះនឹងរីកទៅកាន់ខណ្ឌព្រែកព្នៅនាពេលអនាគត”។
“មូលហេតុមួយទៀតគឺ ខណ្ឌព្រែកព្នៅស្ថិតនៅជិតតំបន់ដីអភិវឌ្ឍន៍ទំហំ ២ ពាន់ហិកតារបស់ក្រុមហ៊ុន LY.P Group ដោយគ្រាន់តែឆ្លងកាត់ស្ពានមួយតែប៉ុណ្ណោះ។ ទន្ទឹមនឹងនេះដែរ កត្តាដែលសំខាន់មួយទៀតដែលធ្វើឲ្យតម្លែដីក្នុងខណ្ឌនេះកើនឡើងគួរឲ្យកត់សម្គាល់នោះ គឺដោយសារតែមានព័ត៌មានទាក់ទងនឹងគម្រោងស្ថាបនាកោះទេសចរណ៍ថ្មីនៅព្រែកព្នៅ។ បើទោះបីជាគម្រោងនេះមិនទាន់ច្បាស់លាស់ក៏ដោយ តែប្រសិនបើយើងវិភាគតាមទស្សនៈភូមិសាស្ត្រ តំបន់នេះគឺពិតជាសមរម្យសម្រាប់គម្រោងបែបនេះមែន”។
លោក សន សៀប បានបន្តទៀតថា ខណ្ឌព្រែកព្នៅក៏អាចចាត់ទុកថាជាទីតាំងល្អថ្មីមួយសម្រាប់ការវិនិយោគដី ព្រោះនៅពេលបច្ចុប្បន្ននេះតម្លៃដីគឺនៅទាប ដែលជាការល្អសម្រាប់ការវិនិយោគ។
យើងបានឃើញប៉ុន្មានឆ្នាំកន្លងមកនេះ អ្នកទិញដីខ្នាតតូចនិងមធ្យមជាច្រើនកំពុងទិញដីនៅក្នុងតំបន់នេះដោយរំពឹងថានឹងលក់បានថ្លៃជាមុននាពេលអនាគត។
ជាមួយគ្នានេះដែរ ការស្ទង់មតិក៏បានបង្ហាញផងដែរថា តម្លៃដីធ្លីនៅក្នុងរាជធានីភ្នំពេញទាំងមូល ក្នុងអំឡុងពេល ៦ខែដំបូងក្នុង ២០១៨ ក៏មានការកើនឡើងបន្តិចបន្តួច។ ខណ្ឌដែលមានតម្លៃដីខ្ពស់ក៏នៅតែជាខណ្ឌដូនពេញ ខណ្ឌ ៧មករា ខណ្ឌចំការមន និងខណ្ឌទួលគោក ដែលតម្លែដីក្នុងសង្កាត់ផ្សារថ្មីគឺថ្លៃរហូតដល់ទៅ ៨៨០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។
ជាកិច្ចបញ្ចប់ លោក សន សៀប ក៏បានព្យាករណ៍ផងដែរថាតម្លៃដីធ្លីនៅរាជធានីភ្នំពេញនឹងកើនឡើងកាន់តែច្រើនជាងនេះ បន្ទាប់ពីការបោះឆ្នោតរួច ព្រោះថាវិនិយោគិនភាគច្រើនមិនសូវចង់ទិញដីក្នុងអំឡុងពេលបោះឆ្នោត។
- Video Advertisement -