ការវិនិយោគរយៈពេលវែងក្នុងវិស័យអចលនទ្រព្យ
វិនិយោគិន «ដែលមិនហ៊ានប្រថុយនឹងហានិភ័យ» តែងតែជ្រើរើសការវិនិយោគលើទ្រព្យរូបីដូចជាអចលនទ្រព្យ។ មានវិធីច្រើនយ៉ាងដែលគេអាចវិនិយោគលើវិស័យអចលនទ្រព្យដូចជា៖ ការទិញលក់អចលនទ្រព្យក្រោមទម្រង់ទិញយកមកកាន់កាប់រយៈពេលខ្លីហើយលក់ចេញទៅវិញដើម្បីយកប្រាក់ចំណេញ។ វិនិយោគិនខ្លះទៀតចូលចិត្តវិនិយោគនៅក្នុងផ្សារភាគហ៊ុន ដែលការវិនិយោគនេះមិនទាន់មានលក្ខណៈជាទូទៅទេនៅក្នុងប្រទេសកម្ពុជា ហើយការវិនិយោគក្នុងទីផ្សារភាគហ៊ុនមានការប្រែប្រួលថ្លៃគួរឲ្យកត់សម្គាល់។យ៉ាងណាក៏ដោយ ជាទូទៅ ប្រាក់ចំណូលដែលបានមកពីការវិនិយោគលើអចលនទ្រព្យ គឺមានលក្ខណៈអាចព្យាករណ៍បានជាងប្រាក់ចំណូលដែលបានមកពីការវិនិយោគក្នុងផ្សារភាគហ៊ុន។
វិនិយោគិនកំពុងងាកទៅរកការវិនិយោគអចលនទ្រព្យពិតដែលមានន័យថាក្នុងចំណោមអចលនទ្រព្យសំខាន់ៗដែលស្ថិតក្នុងទីតាំងល្អនៃកន្លែងនានាជុំវិញពិភពលោកហើយនិន្នាការជារួមហាក់ផ្តោតលើការទទួលស្គាល់លើចំណុចដូចជា ភាពងាយស្រួលដែលចំណុចនេះទំនងជាជំរុញតម្លៃអចលនទ្រព្យ និងបង្កើតជម្រើសកាន់តែទាក់ទាញសម្រាប់វិនិយោគិន។
ការវិនិយោគលើអចលនទ្រព្យអាចជាវិធីដ៏ល្អដើម្បីបង្កើតទ្រព្យសម្បត្តិ តែវាក៏មានគុណសម្បត្តិនិងគុណវិបត្តិ។ ការទិញអចលនទ្រព្យគឺមានភាពងាយស្រួលត្រង់ថា បើអ្នកចង់លក់ឬជួល អ្នកអាចកំណត់តម្លៃសម្រាប់ការលក់ឬជួលនោះដោយខ្លួនអ្នកផ្ទាល់។យ៉ាងណាក៏ដោយ គ្មានការវិនិយោគណាដែលអ្នកអាចរកប្រាក់ចំណូលបានខ្ពស់ដោយមិនមានហានិភ័យនោះទេ។ក្នុងនោះក៏មានដែរ ហានិភ័យដែលអចលនទ្រព្យអាចនឹងនៅទំនេរក្នុងរយៈពេលជាច្រើនខែ។នៅពេលករណីនេះកើតឡើង មានន័យថាអ្នកទទួលបានផលត្រឡប់ជាអវិជ្ជមាន ព្រោះអ្នកត្រូវចំណាយលើវិក័យប័ត្រដែលចាំបាច់ទាំងអស់។ម្យ៉ាងទៀត ពេលខ្លះអ្នកក៏អាចប្រឈមនឹងការជួសជុលនិងការថែទាំអចលនទ្រព្យ ដែលតម្រូវឲ្យអ្នកចំណាយបន្ថែមផងដែរ។
សម្រាប់មនុស្សមួយចំនួនការកាន់កាប់និងគ្រប់គ្រងអចលនទ្រព្យជួលអាច
ត្រូវចំណាយពេល និងការប្រឹងប្រែងច្រើន។ដូចនេះ ប្រសិនបើពួកគេមិនចង់ធ្វើការងារពាក់ព័ន្ធនឹងប្រតិបត្តិការប្រចាំថ្ងៃ ឬស្វែងរកអ្នកជួលទេពួកគេអាចចំណាយប្រាក់ចំណូលពីការជួលខ្លះទៅឲ្យក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យនិងផ្តល់ទំនុកចិត្តខាងការវិនិយោគទាំងអស់ទៅឲ្យអ្នកជំនាញទាំងនេះបាន។ក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យមួយចំនួនអាចគ្រប់គ្រងអចលនទ្រព្យទាំងនេះមានប្រសិទ្ធភាពជាងម្ចាស់អចលនទ្រព្យធ្វើការគ្រប់គ្រងដោយខ្លួនឯង ឬក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យតូចៗ ឬក្រុមហ៊ុនអភិវឌ្ឍន៍។
ការទិញហើយកាន់កាប់គឺជាទម្រង់ងាយស្រួលបំផុតនៃការវិនិយោគលើអចលនទ្រព្យ។ក្នុងពេលជាមួយគ្នានេះដែរ អ្នកត្រូវប្រាកដថាអ្នកអាចគ្រប់គ្រងការចំណាយទាំងអស់លើអចលនទ្រព្យដែលអ្នកទិញ។ចំពោះការវិនិយោគលើអចលនទ្រព្យ អ្នកមិនអាចលក់វាឆាប់ពេក ឬកាន់កាប់អចលនទ្រព្យតែមួយប្រភេទនោះទេ។តាមការពិតទៅ មានតែអ្នកកាន់កាប់អចលនទ្រព្យក្នុងរយៈពេលវែងប៉ុណ្ណោះដែលអាចរកប្រាក់ចំណូលបាន។ក្នុងនាមជាវិនិយោគិន អ្នកត្រូវតែយល់ពីកម្រិតហានិភ័យដែលអ្នកហ៊ានទទួលយក។ប្រសិនបើអ្នកមានឆន្ទៈលះបង់ពេលវេលានិងការខិតខំប្រឹងប្រែង ចេះវាយតម្លៃលើអចលនទ្រព្យដែលវិនិយោគនីមួយៗ ព្រមទាំងដឹងពីរបៀបចរចារកិច្ចព្រមព្រៀងដែលមានលក្ខណៈអំណោយផលដល់ខ្លួននោះការទិញអចលនទ្រព្យសម្រាប់ការវិនិយោគអាចផ្តល់ផលចំណេញមកអ្នកវិញយ៉ាងល្អក្នុងរយៈពេលវែង។
- Video Advertisement -