ទីផ្សារខុនដូនៅរាជធានីភ្នំពេញផ្លាស់ប្តូរយ៉ាងខ្លាំងក្នុងឆ្នាំ ២០១៩
ទីផ្សាខុនដូនៅរាជធានីភ្នំពេញនឹងត្រូវផ្លាស់ប្តូរយ៉ាងខ្លាំងនៅឆ្នាំ ២០១៩ ជាមួយនឹងការផ្គត់ផ្គង់កំពុងផ្លាស់ប្តូរទៅរកការអភិវឌ្ឍន៍ខុនដូតម្លៃសមរម្យវិញ នេះបើយោងតាមការឲ្យដឹងពីក្រុមហ៊ុនអចលនទ្រព្យឈានមុខគេមួយនៅកម្ពុជា CBRE Cambodia។
នៅក្នុងរបាយការណ៍ចេញផ្សាយកាលពីពេលថ្មីៗនេះដោយក្រុមហ៊ុន CBRE Cambodia ស្តីពីការប្រមើលមើលទីផ្សារខុនដូ បានឱ្យដឹងថា ការពន្យារពេលក្នុងការបញ្ចប់ការសាងសង់ខុនដូនៅត្រីមាសទី ៤ នៃឆ្នាំ ២០១៨ គឺនឹងធ្វើឱ្យមានការកើនឡើងនៃចំនួនខុនដូនៅត្រីមាសដំបូងនិងត្រីមាសទីពីរនៃឆ្នាំ២០១៩ខណៈប្រភេទខុនដូដែលនឹងត្រូវផ្គត់ផ្គង់គឺផ្តោតលើប្រភេទដែលមានតម្លៃសមរម្យ។
របាយការណ៍នេះបានឱ្យដឹងទៀតថា នៅចុងឆ្នាំ ២០១៩ ការផ្គត់ផ្គង់ខុនដូដែលមានតម្លៃសមរម្យនឹងកើនដល់ប្រហែលជា ៧,០៥៧ យូនីតពីចំនួន ៣,៥៣០ យូនីតនាពេលបច្ចុប្បន្ន។
ចំពោះទស្សនវិស័យខុនដូសម្រាប់ឆ្នាំ ២០១៩ អ្នកនាង អាន ធីតា នាយកក្រុមហ៊ុន CBRE Cambodia បានមានប្រសាសន៍ថានិន្នាការបច្ចុប្បន្ននេះបានប្រែប្រួលពីតម្លៃខ្ពស់ទៅតម្លៃសមរម្យ។
«ពីបីឆ្នាំមុនទីផ្សារផ្តោតទៅលើ Mid-end (តម្លៃកណ្តាល) និង High-end (តម្លៃខ្ពស់)។ តម្រូវការ High-end គឺដល់កម្រិតវាហើយព្រោះភាគច្រើនវាត្រូវ បានវិនិយោគដោយអ្នកវិនិយោគក្រៅប្រទេស» អ្នកនាង អាន ធីតាបានឲ្យដឹងយ៉ាងដូចនេះ។
ជាងនេះទៅទៀត អ្នកនាង អាន ធីតា ក៏បានបន្ថែមថា ខុនដូសម្រាប់ឆ្នាំ ២០១៩ គឺសម្រាប់អ្នកប្រើប្រាស់ចុងក្រោយហើយជាជនជាតិខ្មែរទៀតដែលនេះជាការផ្លាស់ប្តូរពីការទិញសម្រាប់ដាក់ជួលវិញទៅជាការទិញសម្រាប់រស់នៅ។
អ្នកនាងបានបន្តថា៖ «ឥឡូវគឺមានការផ្លាស់ប្តូរដោយសារតែយូនីតដែលគាត់ទិញគឺគាត់មានបំណងសម្រាប់ទិញហើយនៅ» ។
តាមការបញ្ជាក់របស់អ្នកនាង តម្លៃខុនដូដែលមានតម្លៃសមរម្យគឺមានតម្លៃក្រោម១៦០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ខណៈ Mid-end មានតម្លៃ ២៥០០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ និង High-end មានតម្លៃចាប់ពី៣៣០០ដុល្លារអាមេរិកឡើងទៅក្នុងមួយម៉ែត្រការ៉េ ។
- Video Advertisement -