ការផ្គត់ផ្គង់«ការិយាល័យសហកម្មសិទ្ធ»កើនឡើងឆ្នាំ២០១៩
ការពន្យារនៃការបញ្ចប់ការសាងសង់ក្នុងឆ្នាំ ២០១៨គឺនឹងធ្វើឲ្យមានការកើនឡើងនៃការផ្គត់ផ្គង់«ការិយាល័យសហកម្មសិទ្ធឬ strata-title» ក្នុងឆ្នាំ ២០១៩ នេះបើយោងតាមរបាយការណ៍ចេញផ្សាយដោយក្រុមហ៊ុន អចលនទ្រព្យ CBRE Cambodia។ «ការិយាល័យសហកម្មសិទ្ធ»គឺជាប្រភេទការិយាល័យដែលម្ចាស់អគារបានដាក់ជួលទៅក្រុមហ៊ុនឯកជនណាមួយហើយក្រុមហ៊ុននោះនឹងដាក់ជួលបន្តទៅអ្នកប្រើប្រាស់ផ្ទាល់។
របាយការណ៍ត្រីមាសទី៤ ឆ្នាំ ២០១៨របស់ក្រុមហ៊ុនខាងលើបានព្យាករណ៍ថា ទីផ្សារការិយាល័យនៅឆ្នាំ ២០១៩ គឺនឹងមានការកើនឡើងនៃការផ្គត់ផ្គង់ «ការិយាល័យសហកម្មសិទ្ធ» នៅទីផ្សាររាជធានីភ្នំពេញ ដោយសារមានការផ្តល់ការផ្គត់ផ្គង់បន្ថែមមកពីគម្រោង Diamond Twin Tower និង Star City ដែលបានពន្យារការបញ្ចប់ក្នុងត្រីមាសទី ៤ នៃ ឆ្នាំ ២០១៨។
របាយការណ៍នេះបានឱ្យដឹងថា៖ «ឆ្នាំ ២០១៩ ត្រូវបានគេព្យាករណ៍ថានឹងមានការកើនឡើងដ៏គួរឱ្យកត់សម្គាល់នៃ «ការិយាល័យសហកម្មសិទ្ធ»ប្រភេទថ្នាក់ A និងថ្នាក់ B ដោយមានបញ្ចូលគម្រោង Diamond Twin Tower និង Star City » ដែលក្នុងនោះវានឹងបន្ថែមការផ្គត់ផ្គង់ប្រមាណជា ៣៦,២០៧ ម៉ែត្រការ៉េដល់ការផ្គត់ផ្គង់ប្រភេទថា្នក់ B ហើយនេះគឺបានប្រែប្រួលយ៉ាងវិជ្ជមានរហូតដល់ទៅ ៧៨,៦% ភាគរយ។
ជាងនេះទៅទៀត ទីផ្សារការិយាល័យក៏នឹងត្រៀមខ្លួនទទួលយកការមកដល់នៃការអភិវឌ្ឍន៍«ការិយាល័យសហកម្មសិទ្ធ»ប្រភេទថ្នាក់ A ដំបូងគេបង្អស់មកកាន់ទីផ្សារពីគម្រោង “The Gateway” ដែលនឹងបន្ថែមការផ្គត់ផ្គង់ដល់ទៅ ២៨,៥៦៥ ម៉ែត្រការ៉េ។
ដូចដែលបានបង្ហាញនៅក្នុងតួរលេខ ការផ្គត់ផ្គង់សរុបសម្រាប់ «ការិយាល័យសហកម្មសិទ្ធ»ទាំងប្រភេទថ្នាក់ A និង B គឺនឹងកើនឡើងដល់ទៅជាង ១០០,០០០ ម៉ែត្រការ៉េក្នុងឆ្នាំ ២០១៩នេះ ។
ក៏ប៉ុន្តែ បើទោះបីជាអត្រានៃការជួលក្នុងទីផ្សារការិយាល័យទាំងមូលមានភាពរឹងមាំរហូតដល់ទៅ ៨៥,៣៦ ភាគរយក៏ពិតមែន ក្រុមហ៊ុន CBRE បានឲ្យដឹងថា ទីផ្សារការិយាល័យកំពុងចាប់ផ្តើមមានការកើនឡើងយ៉ាងគំហុកនៃការផ្គត់ផ្គង់ប្រភេទថ្នាក់ B ជាពិសេសនៅទីតាំងដែលស្ថិតនៅឆ្ងាយពីទីប្រជុំជន។
- Video Advertisement -