ជប៉ុនផ្តល់ជំនួយ១០០លានយេនសាងសង់ផ្ទះជូនប្រជាជនកម្ពុជានៅខេត្តត្បូងឃ្មុំ
រដ្ឋាភិបាលជប៉ុន និងកម្មវិធីអង្គការសហប្រជាជាតិសម្រាប់លំនៅឋានមនុស្សជាតិឬ UN-Habitat បានចុះហត្ថលេខាលើលិខិតប្តូរសារសាងសង់ផ្ទះជូនប្រជាជនកម្ពុជាដែលរស់នៅខេត្តត្បូងឃ្មុំ។
កាលពីថ្ងៃទី ០៦ ខែ មីនា ឆ្នាំ ២០១៩ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ឯកឧត្តម Hidehisa Horinouchi និងតំណាង UN-Habitat ប្រចាំកម្ពុជាលោក សុខ វណ្ណា បានចុះហត្ថលេខាលើលិខិតប្តូរសារសម្រាប់គម្រោងគាំទ្រការស្តារឡើងវិញផ្ទះប្រជាជននៅខេត្តត្បូងឃ្មុំដែលបានរងការខូចខាតដោយសារទឹកជំនន់កាលពីឆ្នាំ ២០១៨ កន្លងទៅនេះ។
យោងតាមការបញ្ជាក់ពីលោក សុខ វណ្ណា គម្រោងគាំទ្រការស្តារឡើងវិញផ្ទះប្រជាពលរដ្ឋនេះ គឺ មានតម្លៃប្រមាណជា ១០០ លានយេន ឬ ប្រមាណជា ៩០ម៉ឺនដុល្លារអាមេរិក ដែលនឹងត្រូវអនុវត្តចាប់ពីខែ ឧសភា ឆ្នាំ ២០១៩ រហូតដល់ ខែ មីនា ឆ្នាំ ២០២០។
តាមរយៈការចុះហត្ថលេខានេះ លោក សុខ វណ្ណា បានបញ្ជាក់ថា UN-Habitat នឹងធ្វើការជួសជុល ឬ សាងសង់ផ្ទះជូនប្រជាពលរដ្ឋដែលបានរងការខូចខាត បន្ទាប់ពី UN-Habitat ធ្វើការវិនិច្ឆ័យកម្រិតនៃផលប៉ះពាល់ដល់ផ្ទះប្រជាជនស្របតាមលក្ខខណ្ឌដែលបានកំណត់ដោយ UN-Habitat និងសហគមផ្ទាល់ ដូចជាប្រភេទលំនៅឋាន និងតម្លៃសម្រាប់ការសាងសង់ជាដើម។
ក្នុងពេលបច្ចុប្បន្ននេះ លោក សុខ វណ្ណា មិនទាន់អាចបញ្ជាក់អំពីចំនួនផ្ទះដែលនឹងត្រូវសាងសង់នៅឡើយទេ ក៏ប៉ុន្តែ លោកបានឲ្យដឹងថា ប្រជាជនដែលបានជម្លៀសខ្លួនក្នុងខេត្តត្បូងឃ្មុំកាលពីឆ្នាំ ២០១៨ គឺមានចំនួនរហូតដល់ទៅ ២០០០ គ្រួសារ។
ជាងនេះទៀត តាមការបញ្ជាក់របស់លោក សុខ វណ្ណា គម្រោងនេះមិនមែនគ្រាន់តែសាងសង់ផ្ទះនោះទេ គឺនឹងជួយស្តារទៅលើការកសាងសមត្ថភាពរបស់ប្រជាពលរដ្ឋ ថាបើមានគ្រោះមហន្តរាយបែបនេះទៀត តើប្រជាជនគាត់អាចមានចំណេះដឹងក្នុងការជម្លៀសការរស់នៅយ៉ាងម៉េចដើម្បីកុំឲ្យមានគ្រោះមហន្តរាយទៅថ្ងៃក្រោយទៀត។

រូបភាពដោយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

រូបភាពដោយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

រូបភាពដោយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

- Video Advertisement -