ជប៉ុនផ្តល់កម្ចីសម្បទាន ២០៩លានដុល្លារអាមេរិក ក្នុងការពង្រីកផែស្វយ័តព្រះសីហនុ
Sihanoukville Autonomous Port credit: MPWT
គម្រោងពង្រីកកំពង់ផែស្វយ័តក្រុងព្រះសីហនុគ្រោងនឹងបើកការដ្ឋានសាងសង់ នៅក្នុងឆ្នាំ២០១៩ នេះហើយ ក្រោយទទួលបានកម្ចីសម្បទាន ២០៩លានដុល្លារអាមេរិក ពីប្រទេសជប៉ុន។ នេះបើយោងតាមការផ្សាយព័ត៌មានរបស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី ៤ មិនា ២០១៩ កន្លងទៅនេះ។
ចំណតផែកុងតឺន័រថ្មីមួយនេះ នឹងមានជម្រៅទឹក ១៤,៥ម៉ែត្រ ប្រវែង៣៥០ម៉ែត្រ ដែលនឹងធានាដល់ការចូលចតនាវាកុងតឺន័រខ្នាតធំៗ មានចំណុះរហូតដល់ទៅ ៦០.០០០ តោន ឬ ស្មើនឹង ៩៣% នៃចំនួននាវាប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក (អានបន្ថែម)
ក្រោយការសាងសង់ចំណតផែកុងតឺន័រថ្មីនេះរួចនៅដើមឆ្នាំ២០២៣ កំពង់ផែស្វយ័តក្រុងព្រះសីហនុ នឹងក្លាយទៅជាកំពង់ផែលំដាប់ថ្នាក់ ខ្នាតមធ្យម ដែលនឹងមានបរិមាណកុងតឺន័រឆ្លងកាត់លើសពី ១.២៩លានTEUs/ឆ្នាំ រីឯតម្លៃដឹកជញ្ជូនតាមសមុទ្រទៅ-មកកម្ពុជា នឹងកាន់តែចុះទាបប្រហាក់ប្រហែលនឹងថ្លៃដឹកជញ្ជូនតាមសមុទ្រនៃប្រទេសជិតខាង។
ក្នុងកិច្ចចុះសិក្សាស្វែងយល់ពីការងារកំពង់ផែស្វយ័តខេត្តព្រះសីហនុ ពីថ្ងៃទី៤ ដល់ថ្ងៃទី៥ ខែមីនា ឯកឧត្តម ផៃ រិទ្ធី អគ្គនាយករង ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានអោយដឹងថា កំពង់ផែនេះធ្លាប់ត្រូវបានពង្រីកម្ដងរួចមកហើយ ក្រោមកិច្ចសហប្រតិបត្តិការរបស់រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិជប៉ុន(JICA) ដែលគម្រោងនេះមានប្រវែង ២៤០ម៉ែត្រ ដោយបានចាប់ផ្តើមសាងសង់នៅឆ្នាំ១៩៩៩ និងបញ្ចប់នៅឆ្នាំ២០០៤។ បច្ចុប្បន្ន ផែនេះមានជម្រៅទឹក ១១ម៉ែត្រ ហើយមានកន្លែងចតកុងតេន័រដែលមានទំហំជាង៦ហិកតា និងអាចស្តុកកុងតេន័របានចំនួន ៤៥៦០ គ្រឿង។
លើសពីនេះ កាលពីថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ២០១៨ កន្លងមកនេះ ក៏មានការបើកឲ្យដំណើរការ ចំណតផែពហុបំណងថ្មីមួយទៀត ដែលរួមមាន ចំណតផែទំនិញរាយប្រវែង ៣៣០ម៉ែត្រ ជម្រៅទឹក១៣,៥ម៉ែត្រ ចំណតផែមូលដ្ឋានផ្គត់ផ្គង់ភស្តុភារសម្រាប់ការរុករកប្រេងប្រវែង ២០០ម៉ែត្រ ជម្រៅទឹក៧,៥ម៉ែត្រ និងការផ្គត់ផ្គង់នាវាសណ្តោង (Tugboat)។ គម្រោងនេះសាងសង់ឡើងក្រោមហិរញ្ញប្បទានសម្បទានទឹកប្រាក់សរុបចំនួនប្រមាណ ៧៤លានដុល្លារអាមេរិកពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិជប៉ុន(JICA) រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលសម្រាប់ទទួលបន្ទុកលើការបង់ពន្ធ និងអាករផ្សេង ៗ។
គួរបញ្ជាក់ផងដែរថា កំពង់ផែស្វយ័តខេត្តព្រះសីហនុ ជាកំពង់ផែសមុទ្រទឹកជ្រៅតែមួយគត់ក្នុងខេត្ត និងត្រូវបានទទួលស្គាល់ជាច្រកទ្វារពាណិជ្ជកម្មដ៏សំខាន់ក្នុងការចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិ។ សព្វថ្ងៃនេះកំពង់ផែស្វយ័ត កំពុងធ្វើអាជីវកម្មលើផ្ទៃដី១២៥ហិកតា ជាមួយហេដ្ឋារចនាសម្ព័ន្ធសម្បូរបែប បច្ចេកវិទ្យាខ្ពស់ ឆ្លើយតបរាល់ការលើកដាក់ទំនិញគ្រប់ប្រភេទ។ ក្នុងរយៈ ពេល៥ឆ្នាំចុងក្រោយនេះ អត្រាកំណើនទំនិញកុងតេន័រឆ្លងកាត់កំពង់ផែជាមធ្យមប្រចាំឆ្នាំមានកំណើនប្រមាណ១១% បើគិតពីឆ្នាំ២០១២ ដល់ឆ្នាំ ២០១៦។
- Video Advertisement -