បណ្តាញផ្លូវដែកកម្ពុជាក្លាយជាផ្នែកមួយនៃបណ្តាញដែកផ្លូវតំបន់អាស៊ាន
ប្រជាពលរដ្ឋខ្មែរ និងអ្នកទេសចរណ៍ អាចធ្វើដំណើរតាមរថភ្លើង ពីកម្ពុជា រហូតដល់ម៉ាឡេស៊ី និងសឹង្ហបុរី បន្ទាប់ពីកម្ពុជា ភ្ជាប់ជាស្ថាពរ នៃផ្លូវរថភ្លើងរវាងប្រទេសទាំងពីរ(កម្ពុជា-ថៃ) នៅចុងខែមេសានេះ។ ជាការតភ្ជាប់ដែលនាំទៅរកការភ្ជាប់បណ្តាញផ្លូវរដែកកម្ពុជា ជាមួយបណ្តាញផ្លូវដែកក្នុងតំបន់ ដែលធ្វើអោយបណ្តាញផ្លូវដែកកម្ពុជា ក្លាយជាផ្នែកមួយនៃបណ្តាញផ្លូវដែកអាស៊ាន។
ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសថា ការតភ្ជាប់ផ្លូវរថភ្លើងភាគខាងជើងកម្ពុជា ជាមួយផ្លូវរថភ្លើងប្រទេសថៃ គ្រោងធ្វើឡើងនៅថ្ងៃទី២២ខែមេសាខាងមុខ ជាមួយនឹងការចុះលើកិច្ចសព្រមព្រៀងស្តីពីការដឹកជញ្ជូនទំនិញតាមផ្លូវដែករវាងប្រទេសទាំងពីរ។
ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា បន្ទាប់ពីចុះកិច្ចព្រមព្រៀងនេះ នឹងអនុញ្ញាតឲ្យការធ្វើដំណើររបស់ប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរណ៍ និងការដឹកជញ្ជូនទំនិញពីប្រទេសកម្ពុជា តាមផ្លូវដែក ពីទីក្រុងភ្នំពេញ និងពីក្រុងព្រះសីហនុ ដល់ទីក្រុងបាងកកប្រទេសថៃ។
លោកបញ្ជាក់ថា ការតភ្ជាប់ផ្លូវរថភ្លើងជាមួយប្រទេសថៃនេះ នឹងធ្វើឲ្យបណ្តាញផ្លូវដែកកម្ពុជា ភ្ជាប់ជាមួយបណ្តាញផ្លូវរថភ្លើងក្នុងតំបន់អាស៊ាន ពោលគឺអាចធ្វើដំណើរពីកម្ពុជា តាមផ្លូវរថភ្លើង រហូតដល់ប្រទេសម៉ាឡេស៊ី និងសឹង្ហបុរី កាត់តាមប្រទេសថៃ។
“ពីភ្នំពេញមក ឬមកពីក្រុងព្រះសីហនុមកឈប់ត្រង់ស្ថានីយនេះ (ស្ថានីយប៉ោយប៉ែត) រួចបន្តទៅដល់ទីក្រុងបាងកក។ ពីបាងកក ចង់ទៅម៉ាឡេស៊ីក៏បាន ទៅដល់សឹង្ហបុរីក៏បាន សម្រាប់ទេសចរណ៍ ដូច្នេះសំខាន់ណាស់ផ្លូវដែកនេះ” នេះជាការបញ្ជាក់របស់ឯកឧត្តមរដ្ឋមន្រ្តី។
ឯកឧត្តមបញ្ជាក់បន្ថែមថា កិច្ចព្រមព្រៀងស្តីពីការដឹកជញ្ជូនតាមផ្លូវដែក នេះគ្រោងនឹងចុះហត្ថលេខានៅថ្ងៃទី២២ខាងមុខ នៅពេលផ្លូវដែកកម្ពុជា-ថៃ ប្រកាសតភ្ជាប់ជាផ្លូវការរវាងប្រទេសទាំងពីរក្នុងទីក្រុងប៉ោយប៉ែត កម្ពុជា និងស្រុកអារញ្ញាប្រថេត ប្រទេសថៃ។
ការតភ្ជាប់ផ្លូវដែកជាមួយថៃនេះ កម្ពុជាក៏នឹងអាចដឹកជញ្ជូនទំនិញ ផលិតផលកសិកម្មរបស់ខ្លួនទៅកាន់ប្រទេសចិន ឆ្លងកាត់ប្រទេសថៃ និងឡាវ ខណៈពេលដែលរដ្ឋាភិបាលចិន កំពុងពន្លឿនការចរចាជាមួយភាគីថៃ ក្នុងការកសាងផ្លូវដែកតភ្ជាប់ពីខេត្តយូណាន ភាគខាងត្បូងប្រទេសចិន ជាមួយប្រទេសឡាវ និងថៃ៕
- Video Advertisement -