កម្ពុជា-ថៃចុះកិច្ចសន្យាគម្រោងសាងសង់ច្រកទ្វារអន្តរជាតិស្ទឹងបត់តម្លៃជាង២៦លានដុល្លារអាមេរិក
តំណាងរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនសាងសង់ប្រទេសថៃបានចុះកិច្ចសន្យាលើគម្រោងសាងសង់ច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ហើយកាលពីថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០១៩។
កិច្ចសន្យាសាងសង់នេះ ដែលធ្វើឡើងរវាងឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនសាងសង់ FIN TECHNIC គឺដើម្បីដំណើរការសាងសង់គម្រោងខាងលើដែលនឹងត្រូវប្រើប្រាស់ថវិការកម្ចីពីរដ្ឋាភិបាលថៃប្រមាណជាង ៨០០ លានបាតឬស្មើនឹងជាង ២៦ លានដុល្លារអាមេរិក។
គម្រោងសាងសង់នេះរួមមាន ការសាងសង់ អគាររដ្ឋបាលច្រកចូលទ្វារព្រំដែន និងផ្លូវតភ្ជាប់ពីតំបន់ច្រកព្រំដែនទៅកាន់ផ្លូវជាតិលេខ ៥ ប្រវែង១គីឡូរម៉ែត្រ សំណង់អគារអន្តេវាសិកដ្ឋាន ចំណតសម្រាប់ផ្ទេរទំនិញឆ្លងកាត់ សំណង់កាត់បន្ថយគ្រោះទឹកជំនន់ និងការជួសជុលកែលម្អផ្លូវចាស់។
ការសាងសង់នឹងប្រើរយៈពេលប្រមាណជា ២៤ ខែ ដោយគិតចាប់ពីខែឧសភាឆ្នាំ២០១៩នេះតទៅ។
ថ្លែងទៅកាន់បណ្តាសារព័ត៌មានបន្ទាប់ពីចុះហត្ថលេខារួចមក ឯកឧត្ដម ស៊ុន ចាន់ថុល បានឲ្យដឹងថា គម្រោងនេះគឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រទេសទាំងពីរ។
ឯកឧត្ដម ស៊ុន ចាន់ថុលបានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «កន្លែងនេះសំខាន់ណាស់ដោយសារសព្វថ្ងៃនេះ ពួកយើងដឹកទំនិញចូលតាមច្រកប៉ោយប៉ែត (ច្រកព្រំដែនចាស់) អញ្ចឹងទាំងទំនិញទាំងទេសចរណ៍ ចូលតាមច្រកទ្វារនឹងគឺបណ្តាលឲ្យស្ទះ»។
បន្ថែមពីលើការកាត់បន្ថយការកក់ស្ទះ ច្រកទ្វារអន្តរជាតិស្ទឹងបត់ នឹងមានកន្លែងត្រូតពិនិត្យទំនិញរួមគ្នាសម្រាប់មន្ត្រីគយកម្ពុជា និងថៃដែលនេះនឹងជួយកាត់បន្ថយរយៈពេលត្រួតពិនិត្យទំនិញឆ្លងកាត់ព្រំដែន។ ការត្រួតពិនិត្យទំនិញនឹងត្រូវប្រើរយៈពេលត្រឹម១០នាទីសម្រាប់កុងតែន័រមួយ ហើយក្នុងមួយថ្ងៃ ច្រកទ្វារនេះ អាចត្រួតពិនិត្យកុងតែន័រពី១០០ ដល់ ៥០០កុងតែន័រ។
ច្រកព្រំដែននេះទៀតសោត នឹងត្រូវប្រើសម្រាប់ត្រួតពិនិត្យទំនិញតែប៉ុណ្ណោះ ចំណែកឯច្រកព្រំដែនប៉ោយប៉ែតចាស់នឹងត្រូវប្រើសម្រាប់គោលដៅទេសចរណ៍តែប៉ុណ្ណោះ។

- Video Advertisement -