អ្នកជំនាញពិភាក្សាអំពីឱកាស និងបញ្ហាប្រឈមសម្រាប់ទីផ្សារអចលនទ្រព្យ
ស្របពេលដែលអ្នកទិញនិងអ្នកវិនិយោគកំពុងផ្តោតការយកចិត្តទុកដាក់កាន់តែខ្លាំងទៅលើវិស័យអចលនទ្រព្យដែលកំពុងរីកលូតលាស់ អ្នកជំនាញមកពីវិស័យនេះបានចែករំលែកនូវឱកាសវិនិយោគ និងបញ្ហាប្រឈមសម្រាប់ទីផ្សារមួយនេះ។
ថ្លែងនៅចំពោះមុខអ្នកសិក្សាក្នុងវគ្គបណ្តុះបណ្តាលផ្នែកអចលនទ្រព្យកាលពីពេលថ្មីៗនៅឯវិទ្យាស្ថានបច្ចេកទេស រ៉ូយ៉ាល់ ឆាតធឺ (RCI) លោក Daniel Tan Garkbin អ្នកឯកទេសអចលនទ្រព្យ និងជាសាស្ត្រាចារ្យនៅវិទ្យាស្ថាន RCI បានចែករំលែកទស្សនៈសុទិដ្ឋិនិយមរបស់លោកទៅលើទីផ្សារអចលនទ្រព្យនៅកម្ពុជា។
លោក Daniel បានមានប្រសាសន៍ថា៖ «វា [ទីផ្សារអចលនទ្រព្យ] គឺជាឱកាសមួយដោយសារតម្លៃដីនិងសំណង់នៅកម្ពុជាមិនទាន់ខ្ពស់នៅឡើយ បើធៀបនឹងប្រទេសផ្សេងទៀតនៅក្នុងតំបន់ … នេះគឺជាចំណុចទាក់ទាញ»។
ជាមួយនឹងបទពិសោធន៍ជាង ៤០ ឆ្នាំក្នុងទីផ្សារអចលនទ្រព្យ លោក Daniel បានពន្យល់ថា ប្រទេសកម្ពុជាស្ថិតនៅក្នុងដំណាក់កាលអភិវឌ្ឍន៍ដ៏ល្អ បើទោះបីជាតម្លៃដីមានកម្រិតខ្ពស់បន្តិចនៅក្នុងតំបន់ខ្លះក៏ដោយ ក៏នៅមានកម្រិតទាបបើធៀបទៅនឹងតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយតម្លៃពលកម្មសម្រាប់សំណង់វិញក៏អាចប្រកួតប្រជែងបាន។
លោកបានបន្តថា៖«នេះគឺជាមូលហេតុដែលវិនិយោគិនមកកម្ពុជា»ដោយ លោកលើកឡើងថា វិនិយោគិនអាចរកប្រាក់ចំណេញពីឱកាសទាំងនោះ។
ខណៈដែលវិស័យនេះបន្តរីកចម្រើន វាក៏មានបញ្ហាប្រឈមមួយនៅក្នុងទីផ្សារការងារផងដែរ។
ដោយយល់ស្របជាមួយលោក Daniel លើឱកាសក្នុងទីផ្សារអចលនទ្រព្យ អ្នកស្រី ប្រាក់ បញ្ញានាយកវិទ្យាស្ថានវិទ្យាស្ថានបច្ចេកទេស រ៉ូយ៉ាល់ ឆាតធឺ ក៏បានឲ្យដឹងដែរថា ទីផ្សារអចលនទ្រព្យកំពុងមានកង្វះអ្នកជំនាញជាន់ខ្ពស់។
អ្នកស្រីបានមានប្រសាសន៍ថា៖ «យើងនៅខ្វះអ្នកដែលមានជំនាញពិតប្រាកដ នេះក៏ជាកង្វល់សម្រាប់អ្នកវិនិយោគដែរ» ហើយអ្នកស្រីបានបន្ថែមថា៖ «គាត់ត្រូវយកអ្នកដែលមានជំនាញធំៗមកពីខាងក្រៅវិញ…ឱកាសរបស់ប្រជាជនខ្មែរយើងសម្រាប់ធ្វើការងារខ្ពស់ៗ យើងត្រូវមើលទៅលើផ្នែកនឹង»។
អ្នកនាងក៏បានសង្កត់ទៀតថា៖ «យើងមានកម្មករ ក៏ប៉ុន្តែអ្នកជំនាញនៅក្នុងអាជីពជាន់ខ្ពស់នឹងតែម្តង ដូចជាផ្នែកការស្រង់ទិន្នន័យសំណង់គឺយើងអត់ទាន់មានទេ»។
គួរបញ្ជាក់ថា បច្ចុប្បន្នវិទ្យាស្ថានបច្ចេកទេស រ៉ូយ៉ាល់ ឆាតធឺ គឺជាវិទ្យាស្ថានដំបូងគេនិងតែមួយគត់នៅកម្ពុជាដែលមានការផ្តល់វគ្គបណ្តុះបណ្តាលផ្នែកសញ្ញាប័ត្ររងលើជំនាញធំៗចំនួន៤ក្នុងវិស័យនេះ ដូចជា ការគ្រប់គ្រងសំណង់ ការស្រង់ទិន្នន័យសំណង់ អចលនទ្រព្យនិងការវាយតម្លៃ និងការគ្រប់គ្រងបរិក្ខារសំណង់អគារ។
- Video Advertisement -