ក្រុមហ៊ុនចំនួន២៦ជាប់នៅក្នុងការដេញថ្លៃគម្រោងថាមពលពន្លឺព្រះអាទិត្យនៅកំពង់ឆ្នាំង
ក្រុមហ៊ុនចំនួន២៦ ជាប់នៅក្នុងបញ្ជីបេក្ខភាពចុងក្រោយរបស់អគ្គិសនីកម្ពុជា បន្ទាប់ពីដំណើរការដាក់ឯកសារដេញថ្លៃជាសាធារណៈនៃគម្រោងស្ថានីយផលិតថាមពលអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យ នៅខេត្តកំពង់ឆ្នាំ។ បេក្ខភាពជ័យលាភីចុងក្រោយ ដែលនឹងត្រូវវាយតម្លៃទៅលើការវិនិយោគ និងតម្លៃលក់ នឹងប្រកាសឡើងនៅពេលខាងមុខ។
នៅក្នុងកិច្ចប្រជុំបើកឯកសារដេញថ្លៃជាសាធារណៈ ដែលធ្វើឡើងនៅអគ្គិសនីកម្ពុជា លោក ប៉ា និមល អគ្គនាយករងនៃអគ្គនាយកដ្ឋានថាមពេល នៃក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា មានក្រុមហ៊ុនចំនួន២០ប៉ុណ្ណោះ បានចូលរួមដេញថ្លៃនៃគម្រោងនេះ ដែលអគ្គិសនីកម្ពុជា នឹងយកទៅវាយតម្លៃ មុននឹងប្រកាសក្រុមហ៊ុនជ័យលាភីសម្រាប់គម្រោងនេះ។
លោក ប៉ា និមក បញ្ជាក់ថា ចាប់ពីខែកុម្ភៈមក មានក្រុមហ៊ុនចំនួន១៤៨ ក្រុមហ៊ុន មកពីប្រទេសចំនួន២៦ បានទិញឯកសារដេញថ្លៃពីអគ្គិសនីកម្ពុជា។
ការបើកឯកសារដេញថ្លៃជាសាធារណៈ គម្រោងស្ថានីយផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ គឺជាគម្រោងជំហានដំបូង មានអានុភាព ៦០មេហ្កាវ៉ាត់ ក្នុងរូបភាពសាងសង់-គ្រប់គ្រង-អាជីវកម្ម នៅខេត្តកំពង់ឆ្នាំងក្នុងកិច្ចសហប្រតិបត្តិការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។
សូមបញ្ជាក់ថា បន្ទាប់ពីកាលបរិច្ឆេទចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនជ័យលាភី យ៉ាងយូរ២៤ខែ ថាមពលអគ្គិសនីដើរដោយ ពន្លឺព្រះអាទិត្យក្នុងខេត្តកំពង់ឆ្នាំងនឹងចាប់ផ្តើមបញ្ចេញថាមពល។
នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់អគ្គិសនីកម្ពុជា បញ្ជាក់ថា ថាមពលផលិតពីគម្រោងសូឡា នឹងត្រូវភ្ជាប់ចូលបណ្តាញជាតិ ហើយថាមពលដែលលក់ទៅឲ្យរដ្ឋាភិបាលចេញពីគម្រោងនេះ នឹងមិនត្រូវលើសពីតម្លៃ ០.០៧៦ដុល្លារ ក្នុងមួយគីឡូវ៉ាតម៉ោង។
គួរបញ្ជាក់ថា គម្រោងវិនិយោគថាមពលពន្លឺព្រះអាទិត្យ ដែលមានអានុភាព ៦០មេហ្គាវ៉ាត ស្ថិតក្នុងដំណាក់កាលទី១នៃគម្រោងថាមពលសូឡា ១០០មេហ្គាវ៉ាត ដែលជាគម្រោងគាំទ្រដោយ ADB។
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)កាលពីថ្ងៃ២៤ ខែឧសភា បានអនុម័តឥណទានសម្បទាន ចំនួន ៧,៦៤ លានដុល្លារ ដើម្បីគាំទ្រដល់ការសាងសង់ឧទ្យានថាមពលពន្លឺព្រះអាទិត្យ កម្លាំង ១០០ មេហ្គាវ៉ាត់ នៅខេត្តកំពង់ឆ្នាំដែលរដ្ឋាភិបាល បានដាក់ឲ្យដេញថ្លៃជាសាធារណៈសម្រាប់ការវិនិយោគ។
បច្ចុប្បន្ននេះ កម្ពុជាផលិតថាមពលកកើតឡើងវិញ សូឡាព្រះអាទិត្យ ចំនួនពីរទីតាំង ដែលទីតាំងទីមួយនៅក្រុងបាវិត ឧទ្យានសូឡា ផលិតថាមពល ១០មេហ្គាវ៉ាត និងឧទ្យានថាមពលសូឡា នៅខេត្តកំពង់ស្ពឺ ផលិតថាមពល ៨០មេហ្គាវ៉ាត ហើយដែលឧទ្យានថាមពលពន្លឺព្រះអាទិត្យនេះ បញ្ចេញថាមពលបាន២០មេហ្គា កាលពីខែមេសា ក្នុងដំណាក់កាលដំបូងរបស់ខ្លួន ខណៈ៦០មេហ្គាវ៉ាតទៀត គ្រោងនឹងបញ្ចេញថាមពេលនៅចុងឆ្នាំ២០១៩នេះ៕
- Video Advertisement -