រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត
រូបថត៖ Krisenergy
រដ្ឋសភាជាតិបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត ដែលចំណាយពេលជាង២ទសវត្សរ៍ក្នុងការតាក់តែងឡើង កាលពីថ្ងៃទី១៧ ខែមិថុនា ហើយការអនុម័តសេចក្តីព្រាងច្បាប់នេះ គឺស្របពេលដែលការស្វែងរុករក និងការអភិវឌ្ឍន៍ធនធានប្រេងកាត ទាំងដែនគោក និងដែនទឹកកំពុងដំណើរការទៅមុខ។
ចែកចេញជា ៩ជំពូក និង៧២ មាត្រា សេចក្តីព្រាងស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត មានគោលបំណង ដើម្បីគ្រប់គ្រង និងអភិវឌ្ឍធនធានប្រេងកាតឲ្យមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ទាក់ទាញនិងផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគទុន និងដើម្បីជំរុញការអភិវឌ្ឍន៍វិស័យប្រេងកាតប្រកបដោយនិរន្តរភាព។
សេចក្តីព្រាងច្បាប់នេះត្រូវបានតាក់តែងដំបូងដោយក្រសួងរ៉ែ និងថាមពល ក្នុងឆ្នាំ១៩៩៦ និងមានការពិនិត្យបន្ថែម និងការកែសម្រួលបន្ថែមដោយបញ្ជូលបរិបទថ្មីមួយចំនួនផ្អែកលើបទពិសោធន៍ពីបណ្តាប្រទេសផ្សេងៗពីអ្នកជំនាញបច្ចេកទេស និងអ្នកជំនាញផ្នែកច្បាប់ជាតិនិងអន្តរជាតិជាបន្តបន្ទាប់។
ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ថ្លែងនៅក្នុងសេចក្តីថ្លែងហេតុ អំពីសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាតថា សេចក្តីព្រាងច្បាប់នេះ នឹងចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងផលប្រយោជន៍យូរអង្វែងរបស់ប្រទេសជាតិ ស្របពេលដែលការរុករក និងអភិវឌ្ឍធនធានប្រេងកាត ទាំងដែនគោក និងដែនទឹក កំពុងដំណើរការ ទៅមុខ ដែលក្នុងនោះ ប្លុកប្រេងកាតមួយនៅដែនសមុទ្រកំពុងឈានទៅរកការផលិតធនធានប្រេងកាតលើកទីមួយក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជានាពេលខាងមុខនេះ។
បច្ចុប្បន្ន ក្រុមហ៊ុន KrisEnergy មកពីប្រទេសសឹង្ហបុរី កំពុងឈានដល់ដំណាក់កាលនៃការខូងយកដំណក់ប្រេងដំបូងក្នុងប្លុក A នៃដែនសមុទ្រកម្ពុជា នៅចុងឆ្នាំ២០១៩ ឬដើមឆ្នាំក្រោយ។
សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត ត្រូវបានគណៈរដ្ឋមន្រ្តីសម្រេចយល់ព្រមក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីនៅថ្ងៃទី៥ ខែមេសាកន្លងទៅនេះ។
គួរបញ្ជាក់ថា រហូតដល់បច្ចុប្បន្ននេះ ការផ្គត់ផ្គង់ផលិតផលប្រេងកាតបម្រើឲ្យសេចក្តីត្រូវការរបស់ប្រទេស ត្រូវបានធ្វើឡើងដោយក្រុមហ៊ុនជាតិ និងអន្តរជាតិនានា ដោយពឹងផ្អែកលើការនាំចូលទាំងស្រុងពីប្រទេសជិតខាង។
យោងតាមស្ថិតិពីក្រសួងរ៉ែ និងថាមពល កម្ពុជាបាននាំចូលផលិតផលប្រេងឥន្ទនៈសរុបប្រមាណ ២.៥លានតោន ក្នុងឆ្នាំ២០១៨ ក្នុងកំណើន១០ភាគរយ ធៀបនឹងឆ្នាំ២០១៧៕
- Video Advertisement -