ដែកនាំចូលពីចិនបានកើនឡើងខ្លាំង តែគិតជាបរិមាណគឺនៅតែវៀតណាមនាំមុខគេក្នុងទីផ្សារមួយនេះ

ខណៈដែលឧស្សាហកម្មដែកនៅកម្ពុជាភាគច្រើនពឹងផ្នែកទៅលើការនាំចូលពីបរទេស ប្រទេសចិន និងវៀតណាម ដែលបាននិងកំពុងក្តោបក្តាប់ទីផ្សារមួយនេះ ដោយប្រទេសនីមួយៗបាននាំចូលដែកប្រមាណជាង ២០០ លានដុល្លារអាមេរិក នៃការនាំចូលដែកសរុបដែលមានទំហំទឹកប្រាក់ជាង ៩០០ លានដុល្លារអាមេរិក ក្នុងរយៈពេល ៣ឆ្នាំ ចុងក្រោយ។

យោងតាមទិន្នន័យចុងក្រោយពីនាយកដ្ឋានពាណិជ្ជកម្មក្នុងស្រុករបស់ក្រសួងពាណិជ្ជកម្ម ចន្លោះពីឆ្នាំ ២០១៦ ដល់ ៦ ខែ ដំបូងនៃឆ្នាំ ២០១៨ ប្រទេសកម្ពុជាបាននាំចូលដែកស្មិត និងដែកថែបជាង ១.៥ លានតោន ដែលសរុបជាទឹកប្រាក់ប្រមាណជា ៩០៣ លានដុល្លារអាមេរិកពីទីផ្សារអន្តរជាតិចំនួន ២០ទីផ្សារ។

ស្របពេលដែលជាអ្នកវិនិយោគនាំមុខគេលើវិស័យសំណង់នៅកម្ពុជា មានការនាំចូលដែកពីប្រទេសចិនមកកម្ពុជាបានកើនឡើងខ្លាំងក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ហើយនៅពេលបច្ចុប្បន្ននេះប្រទេសចិនបានឈរលើចំណាត់ថ្នាក់លេខមួយចំពោះការនាំចូល បើគិតជាទឹកប្រាក់ ទន្ទឹមនឹងនេះដែរប្រទេសវៀតណាមវិញក៏បានកាន់កាប់ទីផ្សារដែកនៅកម្ពុជាច្រើនជាងគេផងដែរ នេះបើគិតជាបរិមាណទម្ងន់។

ក្នុងត្រីមាសទី១នៃឆ្នាំ ២០១៩ ប្រទេសកម្ពុជាទទួលបានទុនវិនិយោគសំណង់ប្រមាណជាង ២.៧ ពាន់លាដុល្លារអាមេរិក ដែលក្នុងនោះ ប្រទេសចិនមានចំណែកនៃការវិនិយោគច្រើនជាងគេក្នុងទំហំទឹកប្រាក់ប្រមាណជា ៣១៥ លានដុល្លារអាមេរិក។

បើយោងតាមទិន្នន័យមួយនេះ ទឹកប្រាក់ ៩០៣ លានដុល្លារអាមេរិក ប្រទេសចិនមានចំណែកទឹកប្រាក់ប្រមាណជា ២៤៦.៧៧ លានដុល្លារអាមេរិក ដែលស្មើនឹង ៤៣៣ ពាន់តោនក្នុងរយៈពេលដូចគ្នា ហើយក្នុងនោះដែរ ក្នុងឆ្នាំ ២០១៨ ការនាំចូលពីប្រទេសចិនមកកម្ពុជាបានកើនឡើងយ៉ាងខ្លាំង ដោយបាននាំមុខប្រទេសវៀតណាមដែលកន្លងមក ធ្លាប់ជាអ្នកនាំចូលច្រើនជាងគេក្នុងឆ្នាំ ២០១៦។

អមជាមួយការកើនឡើងនៃការនាំចូលដែក រោងចក្រដែករបស់ក្រុមហ៊ុនចិនបាននិងកំពុងត្រៀមបង្កើតនៅទូទាំងប្រទេសកម្ពុជាជាបន្តបន្ទាប់ ជាពិសេស នៅក្នុងខេត្តព្រះសីហនុដែលជាកន្លែងសម្បូរទៅដោយគម្រោងអភិវឌ្ឍន៍ជាច្រើនបានរីកលូតលាស់ដូចផ្សិតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ហើយនិងបន្តរីកលូតលាស់បន្ថែមទៀត។

លាតសន្ធឹងក្នុងតំបន់សេដ្ឋកិច្ចពិសេសក្នុងស្រុកព្រៃនប់នៃខេត្តព្រះសីហនុ រោងចក្រផលិតដែកដ៏ធំមួយរបស់ចិនត្រៀមនឹងបើកការដ្ឋានសាងសង់ក្នុងឆ្នាំ ២០១៩ ដោយឡែក ក្រុមហ៊ុនផលិតដែកឈានមុខគេមួយរបស់ចិន China Baowu Steel Group ក៏បាននិងកំពុងសិក្សាពីលទ្ធភាពនៃការផ្លាស់ទីម៉ាស៊ីនផលិតដែកចំនួន២របស់ខ្លួនពីតំបន់ស៊ីនចៀង មកកម្ពុជាក្នុងឆ្នាំ ២០១៩នេះដែរ។ ក្រុមហ៊ុនខាងលើ គ្រោងនឹងនាំចូលម៉ាស៊ីនផលិតដែកចំនួន២ដែលមានសមត្ថភាពផលិត លោហៈធាតុចំនួន ៣.១ លានតោន និងម៉ាស៊ីនបម្លែងពីលោហៈធាតុទៅដែក ចំនួន២គ្រឿងផងដែរ។

ក្នុងឆ្នាំ ២០១៨ ក្រុមហ៊ុនចិន Hai Sheng Steel Co., Ltd ក៏ទទួលបានការអនុញ្ញាតឲ្យសាងសង់រោងចក្រផលិតដែកនៅក្នុងខេត្តកំពង់ស្ពឺផងដែរ។

ទោះបីជាត្រូវបានជាប់ចំណាត់ថ្នាក់ជាអ្នកនាំចូលដែកទីពីរក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះក៏ដោយ ក៏ប្រទេសវៀតណាមបាននាំចូលដែកមានតម្លៃជាង ២៤៦. ៤៥ លានដុល្លារអាមេរិក ស្មើនឹងជាង ៤៤៦ ពាន់តោន ដែលនេះគឺលើសពីចំនួនបរិមាណសរុបដែលបាននាំចូលពីប្រទេសចិន។

ក្រុមហ៊ុន Hoa Phat ដែលជាក្រុមហ៊ុននាំចូលដែកថែបធំជាងគេមកប្រទេសកម្ពុជា បានប្រកាសផែនការសាងសង់រោងចក្រផលិតដែកនៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុតម្លៃ ៥០០ លានដុល្លារអាមេរិក ហើយមានសមត្ថភាពអាចផលិតដែកពី ១-២ លានតោនក្នុងមួយឆ្នាំៗ។

លោក កាំង ឡេង នាយកប្រតិបត្តិនិងជាប្រធានក្រុមហ៊ុន ISI Group កន្លងមកធ្លាប់មានប្រសាសន៍ក្នុងវេទិកាឧស្សាហកម្មដែកកម្ពុជាថា ទីផ្សារដែកនៅកម្ពុជាមានឱកាសជាច្រើនដើម្បីធ្វើការអភិវឌ្ឍន៍ទៅមុខបន្ថែមទៀត។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

មកស្គាល់ពីវិធីគិតរបស់វិស្វករឆ្នើម និងនាយកផ្នែកបច្ចេកវិទ្យារបស់ក្រុមហ៊ុន Bentley

លោក Julien Moutte ដែលជានាយកផ្នែកបច្ចេកវិទ្យានៃក្រុមហ៊ុន […]

រដ្ឋសម្ពោធបើកដំណើរការវិទ្យាស្ថានបច្ចេកវិទ្យាយានយន្ដ និងឧស្សាហកម្មថាមពលថ្មីជាផ្លូវការ

វិទ្យាស្ថានបច្ចេកវិទ្យាយានយន្ដ និងឧស្សាហកម្មថាមពលថ្មី ត […]

កម្ពុជា-ចិន ប្រកាសរួមគ្នាពង្រឹង និងលើកកម្ពស់ស្តង់ដារជំនាញវិជ្ជាជីវៈ តាមរយៈបង្កើតមជ្ឈមណ្ឌល…

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងមូលនិធិអភិវឌ្ […]

កម្ពុជា និងចិន ចុះកិច្ចព្រមព្រៀងបណ្តុះបណ្តាលជំនាញបច្ចេកទេសសំណង់

កម្ពុជា និងចិនបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា […]