វិស័យសណ្ឋគារនៅកម្ពុជាកំពុងទាក់ទាញក្រុមហ៊ុនលំដាប់អន្តរជាតិកាន់តែច្រើន
ឆ្លើយតបទៅនឹងការរីកចម្រើននៃសេដ្ឋកិច្ច និងកំណើននៃភ្ញៀវទេសចរ ក្រុមហ៊ុនលំដាប់អន្តរជាតិកាន់តែច្រើនបាននិងកំពុងផ្តោតការវិនិយោគបង្កើតសណ្ឋគារយ៉ាងច្រើននៅកម្ពុជាជាពិសេស សណ្ឋគារបែបប្រណិត។
យោងតាមការព្យាករណ៍របស់ក្រសួងទេសចរណ៍ កម្ពុជាត្រូវការបន្ទប់សណ្ឋាគារយ៉ាងហោចណាស់ចំនួន ១០០ ០០០ បន្ទប់បន្ថែមទៀតក្នុងឆ្នាំ ២០២៨ ដែលក្នុងនោះ ៦០ ០០០ បន្ទប់នៃចំនួនបន្ទប់សរុបគឺគឺសំដៅដល់សណ្ឋគារបែបប្រណិត។
ថ្មីៗនេះដែរ ក្រុមហ៊ុនអន្តរជាតិល្បីៗមួយចំនួនបានប្រកាសផែនការវិនិយោគសណ្ឋគារនៅកម្ពុជាជាបន្តបន្ទាប់ ដែលក្នុងនោះរួមមាន គម្រោងសណ្ឋាគារ Yoo2 Lifestyle Brand របស់ក្រុមហ៊ុនអង់គ្លេស Yoo Hotels and Resorts គម្រោងសណ្ឋាគារលំដាប់ពិភពលោក Choice Hotels Asia-Pac
ក្នុងនោះដែរ ក្រុមហ៊ុនអភិវឌ្ឍន៍វិស័យកំសាន្ត និងសណ្ឋាគារ NagaCorp Ltd ក៏បាននិងកំពុងត្រៀមបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ចម្រុះតម្លៃប្រមាណជា ៤ ពាន់លានដុល្លារអាមេរិកដែលនឹងមានរួមបញ្ចូលសណ្ឋាគារបែបប្រណិតរហូតជាង ៤០០ បន្ទប់។ (អានបន្ថែម)
ជាក់ស្តែង យោងតាមទិន្នន័យរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ការវិនិយោគផ្នែកសណ្ឋាគារបានឈរនៅលំដាប់លេខបីនៃការវិនិយោគសរុបក្នុងឆ្នាំ ២០១៨ ដែលមានទុនវិនិយោគប្រមាណជា ១.០៦ ពាន់លានដុលា្លរអាមេរិកនៃទុនវិនិយោគសរុបជាង ៥.៧ ពាន់ដុល្លារអាមេរិក។
ក្នុងនោះដែរ គិតត្រឹមថ្ងៃទី ២៦ ខែកក្កដានេះ ទិន្នន័យក្នុងកម្មវិធីទូរសព្ទដៃ «សំណង់កម្ពុជា» បានបង្ហាញថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានអនុម័តគម្រោងសាងសង់សណ្ឋគារប្រមាណជា ១៥ គម្រោងជាមួយនឹងទុនវិនិយោគសរុបប្រមាណជា ១៤៤.៦៩ លានដុល្លារអាមេរិក។
លោកស្រី ខៃ ចិន្តា ប្រធានសមាគមសណ្ឋាគារកម្ពុជា កន្លងមកធ្លាប់បានមានប្រសាសន៍ថា កម្ពុជាពិតជាត្រូវការសណ្ឋាគារបន្ថែមជាច្រើនមែន។
លោកស្រីថ្លែងថា៖ «យើងឃើញហើយថា កំណើនទេសចរណ៍កើនឡើងជាបន្តបន្ទាប់ ប៉ុន្តែបើក្រឡេកមើលហេដ្ឋារចនាសម្ព័ន្ធដូចជា សេវាស្នាក់នៅ ភោជនីដ្ឋាន និងផលិតផលទេសចរណ៍ថ្មីៗ នៅមិនទាន់ឆ្លើយតបនៅឡើយទេ ដូច្នេះយើងត្រូវពង្រីកបន្ថែម និងត្រូវការការវិនិយោគបន្ថែម ជាពិសេស ស្របតាមស្តង់ដារអន្តរជាតិ ដើម្បីឆ្លើយតបទៅនឹងតម្រូវការភ្ញៀវទេសចរ»។
គួររម្លឹកថា ថ្មីៗនេះ ក្រុមហ៊ុនដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី Lumiere Hospitality (LH) ក៏បានបើកសម្ពោធដាក់ឲ្យដំណើរការគម្រោងសណ្ឋគារបែបប្រណិតដែលនឹងបន្ថែមប្រមាណជា ១៦៦ បន្ទប់ចូលទៅក្នុងទីផ្សារ។ (អានបន្ថែម)
- Video Advertisement -