ក្រសួងចង់ឲ្យមានការតំឡើងសូឡាលើអាគារលំនៅដ្ឋានភ្ជាប់ចូលបណ្តាញជាតិ
ក្រសួងរ៉ែ និងថាមពល កំពុងពិនិត្យលើបទបញ្ញាតិស្តីពីការដំឡើងផ្ទាំងសូឡា ឬថាមពលពន្លឺព្រះអាទិត្យនៅលើដំបូលអគារលំនៅដ្ឋាន និងខុនដូ ដើម្បីភ្ជាប់ចូលបណ្តាញជាតិ សល់ពីការប្រើប្រាស់ផ្ទាល់ខ្លួន។
ការលើកឡើងនេះ ស្របពេលដែលចំនួនអគារលំនៅដ្ឋានខ្ពស់ៗ និងខុនដូរ ទាំងក្នុងរាជរាជធានីភ្នំពេញ និងតាមបណ្តាខេត្តកំពុងកើនឡើង។
លោក វ៉ិចទ័រ ហ្សូណា អគ្គនាយកថាមពលនៃក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា ការដំឡើងផ្ទាំងសូឡាលើដំបូលអគារស្នាក់នៅ និងអគារខុនដូរ គឺមានសារសំខាន់ ក្នុងការប្រើប្រាស់នៅក្នុងអគារផង និងសម្រាប់លក់ទៅឲ្យអាជ្ញាធរអគ្គិសនីកម្ពុជាផង ក្រោយពីសល់នៃការប្រើប្រាស់។
បច្ចុប្បន្ននេះ ក្រសួងមានបទបញ្ញាតិ្តអនុញ្ញាតឲ្យ សហគ្រាស និងរោងចក្រ ដូចជារោងចក្រកូកាកូឡា និងរោងចក្រស៊ីម៉ង់នៅខេត្តកំពត អាចដំឡើងផ្ទាំងសូឡាដើម្បីភ្ជាប់ចូលបណ្តាញជាតិ បន្ទាប់ពីសល់ពីការប្រើប្រាស់ផ្ទាល់ខ្លួន។
លោកថ្លែងថា៖ “បទបញ្ញាតិ្តទាក់ទងនឹងរោងចក្រ យើងមានរួចហើយ ប៉ុន្តែសម្រាប់ផ្ទះសម្បែង ឬតាម Apartment អត់ទាន់មាននៅឡើយទេ។ អាជ្ញាធរអគ្គិសនីកម្ពុជា រួមនឹងអគ្គនាយកដ្ឋានថាមពល យើងនឹងរួមគ្នាធ្វើកសាងនូវបទបញ្ញាតិ្ត”។
គួរជម្រាបជូនថា រដ្ឋាភិបាលកម្ពុជា បានដាក់ចេញទិសដៅ បង្កើនការផលិតថាមពលស្អាត ឬថាមពលបៃតង ពីគ្រប់ប្រភពថាមពលកកើតឡើងវិញ ដើម្បីនិរន្តភាពនៃការផ្គត់ផ្តង់ថាមពលដែលមិនប៉ះពាល់ដល់បរិស្ថាន។
បើតាមការបញ្ជាក់ពីក្រសួងរ៉ែ និងថាមពល បច្ចុប្បន្ននេះ អាគារលំនៅដ្ឋាន ខុនដូមួយចំនួន បានដំឡើងរួចហើយផ្ទាំងសូឡា សម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន ហើយថាមពលដែលនៅសល់ពីការប្រើប្រាស់ មិនទាន់អាចលក់ចេញទៅក្រៅនៅឡើយទេ ដោយសារមិនទាន់មានបទបញ្ញាតិ្ត។
គិតត្រឹមឆ្នាំ២០២២ ថាមពលអគ្គិសនី ប្រមាណជា៤១០ មេហ្គាវ៉ាត នឹងត្រូវផលិតចេញពីប្រភពថាមពលសូឡា។
ដោយសារតម្រូវការខ្ពស់នៃការប្រើប្រាស់បន្ទះសូឡាក្នុងស្រុក លោក វ៉ិចទ័រ ហ្សូណា ជម្រុញឲ្យមានការវិនិយោគក្នុងការផលិតបន្ទះសូឡាក្នុងស្រុក ដើម្បីលក់ឲ្យអ្នកវិនិយោគ ដោយកាត់បន្ថយការនាំចូលបន្ទះសូឡាពីបរទេស។
លោក វ៉ិចទ័រ ហ្សូណា ថ្លែងថា៖ “យើងគាំទ្រឲ្យមានការបង្កើតរោងចក្រដំឡើង Panel Solar ព្រោះនៅថ្ងៃខាងមុខ មានតម្រូវការខ្ពស់ ប៉ុន្តែជារួមវាទាមទារឲ្យមានការសិក្សាទៅ។ ជារួមគឺរដ្ឋាភិបាលគាំទ្រ”៕
*****


- Video Advertisement -