ការថយចុះនៃតម្រូវការរបស់ជនជាតិចិនលើទីផ្សារអចលនទ្រព្យ នៅក្រុងព្រះសីហនុ
ចិនដើរតួនាទីដ៏សំខាន់ នៅក្នុងសេដ្ឋកិច្ច និង ទីផ្សារអចលនទ្រព្យនៅក្រុងព្រះសីហនុ ដែលចិនមានចំនួនច្រើនជាងជនបរទេសណាៗទាំងអស់ ជាមួយនឹងប័ណ្ណការងារដែលត្រូវបានផ្តល់ឲ្យពួកគេ។ នៅក្នុងឧស្សាហកម្មទេសចរណ៍ ចំនួនភ្ញៀវទេសចរចិនមានចំនួនច្រើនជាងគេបំផុត ហើយចំនួននេះត្រូវបានគេរំពឹងថានឹងនៅតែកើនឡើងថែមទៀត។
ចិនគឺជាប្រភពវិនិយោគផ្ទាល់ពីបរទេសដ៏ធំបំផុតរបស់កម្ពុជា។ គេនៅតែជឿជាក់ថាបន្ទាប់ពីមានការបិទលើប្រតិបត្តិការល្បែងស៊ីសងតាមអ៊ីនធឺណិត ចិនក៏នៅតែជាប្រភពនៃតម្រូវការ និង ការវិនិយោគសម្រាប់ទីផ្សារអចលនទ្រព្យនៅខេត្តព្រះសីហនុ ហើយជឿថានឹងបន្តកើនឡើងទៀត។
ទោះយ៉ាងណាក៏ដោយ ចំនួនជនជាតិចិនមកកាន់ប្រទេសកម្ពុជានឹងមានការប្រែប្រួល ពិសេសបន្ទាប់ពីរដ្ឋាភិបាលកម្ពុជាសម្រេចបញ្ឈប់ការចេញអាជ្ញាប័ណ្ណល្បែងស៊ីសងតាមអ៊ីនធឺណិតនិង មិនបន្តអាជ្ញាប័ណ្ណឡើយសម្រាប់អ្នកកំពុងដំណើរការបច្ចុប្បន្ន នៅពេលអាជ្ញាប័ណ្ណរបស់ពួកគេផុតកំណត់។ ហេតុដូច្នេះហើយបានជាតម្លៃអចលនទ្រព្យចាប់ផ្តើមមានកែប្រែ នៅពេលមានសេចក្តីប្រកាសពីការបិទល្បែងស៊ីសងតាមអ៊ីនធឺណិតនេះ។
មុនពេលមានការប្រកាសនេះ ក្រុមអ្នកទិញខុនដូជាជនជាតិចិនមានចំនួនខ្ពស់បំផុត ហើយត្រូវបានក្រុមអ្នកអភិវឌ្ឍន៍រាយការណ៍ថាជាង ៩០% នៃការលក់ខុនដូរបស់ពួកគេគឺលក់ទៅឲ្យជនបរទេស ដែលភាគច្រើនជាជនជាតិចិន។
មានការព្រួយបារម្ភមួយចំនួនអំពីនិរន្តរភាពនៃតម្រូវការនេះ ដោយសារអ្នកទិញទុកជួលមួយចំនួន មិនអាចទាញប្រាក់ចំណូលដែលរំពឹងទុកពីការជួល ឬ មិនអាចទាញលុយដើមមកវិញបាន។ បន្ទាប់ពីពេលមានសេចក្តីប្រកាសពីការបិទល្បែងស៊ីសងតាមអ៊ីនធឺណិត ថ្មីៗនេះ ទីផ្សារអចលនទ្រព្យទាំងមូលកំពុងឈានដល់ការកែប្រែតម្លៃ។
ទោះយ៉ាងណា ផលប៉ះពាល់នឹងមានរយៈពេលខ្លីប៉ុណ្ណោះ ព្រោះសេដ្ឋកិច្ចខេត្តព្រះសីហនុនឹងអាចងើបឡើងវិញ ដោយសារតែសក្តានុពលចម្រុះរបស់វា រួមទាំងការអភិវឌ្ឍឧស្សាហកម្ម និង ទេសចរណ៍ ខណៈដែលទីក្រុងផ្សេងទៀតដូចជាទីក្រុងកែប និង សៀមរាប ភាគច្រើនពឹងផ្អែកទៅលើតែសក្តានុពលទេសចរណ៍របស់ពួកគេប៉ុណ្ណោះ ហើយគេរំពឹងថាទីក្រុងព្រះសីហនុ នឹងអាចវ៉ាខេត្តសៀមរាប ក្លាយទៅជាទីក្រុងធំបំផុតទី២ នៅប្រទេសកម្ពុជា។
ម៉្យាងវិញទៀត ក្រុងព្រះសីហនុនៅមានសក្តានុពលផ្សេងទៀត ដែលនេះនឹងអនុញ្ញាតឲ្យអ្នកអភិវឌ្ឍន៍ក្នុងស្រុក អាចចូលទៅក្នុងទីផ្សារនេះបាន។ ផ្លូវល្បឿនលឿនតម្លៃ ១,៩ ប៊ីលានដុល្លារ ភ្ជាប់ពីទីក្រុងភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ ដែលវិនិយោគដោយក្រុមហ៊ុនចិន Cambodian PPSHV Expressway Co., Ltd បានចាប់ផ្តើមសាងសង់តាំងពីខែមីនាឆ្នាំ២០១៩មកម្ល៉េះ ហើយត្រូវចំណាយពេលសាងសង់ ៤៨ ខែ។
នៅពេលផ្លូវនេះធ្វើរួចរាល់គេនឹងចំណេញពេលធ្វើដំណើរជាង២ម៉ោង ដោយការធ្វើដំណើររវាងទីក្រុងទាំង២ ត្រូវចំណាយពេលប្រមាណតែ៥ម៉ោងប៉ុណ្ណោះ។ ជាមួយនឹងកំណើនតម្លៃដីធ្លីនៅក្រុងព្រះសីហនុ ដែលនឹងនៅទ្រឹងមួយរយៈនេះ វានឹងជម្រុញឲ្យ អ្នកអភិវឌ្ឍន៍ក្នុងស្រុកកាន់តែច្រើន សាងសង់អចលនទ្រព្យនៅក្រុងព្រះសីហនុ ហើយលក់វាទៅឱ្យអ្នកទិញក្នុងស្រុក ឬ លក់ឲ្យអ្នកភ្នំពេញដែលចង់ទិញផ្ទះទាំងនោះទុកសម្រាប់ជាផ្ទះលំហែរបស់ពួកគេ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ ក្រុងព្រះសីហនុពិតជានឹងទទួលបានអត្ថប្រយោជន៍ពីហេដ្ឋារចនាសម្ព័ន្ធបន្ថែម និង ក្លាយជាទីក្រុងរមណីយដ្ឋានមានសភាពអ៊ូអរម្តងទៀតដោយមានអ្នកទេសចរក្នុងស្រុកចូលមកទស្សនាកាន់តែច្រើនជារៀងរាល់ឆ្នាំ។
នោះគឺជាពេលវេលាស័ក្ដិសមដើម្បីផ្លាស់ប្តូរការផ្តោតអារម្មណ៍ទៅនឹងតម្រូវការក្នុងស្រុកនៅខេត្តព្រះសីហនុ។ ជាមួយនឹងឆន្ទៈរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការចាប់យកការវិនិយោគរបស់ចិន គឺដើម្បីធានាថាកម្ពុជាគឺជាស្នូលនៃគម្រោងនៃគំនិតផ្ដួចផ្ដើមខ្សែក្រវាត់មួយវិថីមួយ នៅអាស៊ីអាគ្នេយ៍ ហើយនេះក៏នឹងជម្រុញការអភិវឌ្ឍន៍ផ្នែកដឹកជញ្ជូន និងឧស្សាហកម្មកាន់តែច្រើន មានន័យថា ជនបរទេសកាន់តែច្រើននឹងទៅរស់នៅ និង ធ្វើការនៅក្នុងក្រុងព្រះសីហនុ។
ការអភិវឌ្ឍន៍ផ្សេងទៀតរួមមាន ការពង្រីកកំពង់ផែ និង តំបន់សេដ្ឋកិច្ចពិសេសដែលមានស្រាប់ដែលឥឡូវនេះធំជាងគេនៅក្នុងប្រទេស ក៏នឹងជម្រុញសកម្មភាពសេដ្ឋកិច្ចបន្ថែមទៀតហើយទីបំផុតតម្រូវការអចលនទ្រព្យនៅខេត្តព្រះសីហនុនឹងកើនឡើង និង មានតម្រូវការក្នុងរយៈពេលវែង៕
- Video Advertisement -