ខណ្ឌទាំង២នេះ នឹងមានសក្តានុពលខ្លាំងបន្ទាប់ពីខ័ណ្ឌសែនសុខ

សែនសុខ​នៅ​តែ​ជា​ខណ្ឌ​ដែល​មាន​គម្រោង​សាងសង់​​ប្រភេទ​ផ្ទះ ​និង ​​បុរី​ច្រើន​ជាងគេ ដែល​គិត​ត្រឹម​ត្រីមាស​ទី​៣ ​ក្នុង​ឆ្នាំ ​២០១៩​ នេះ​មាន ​៤៥​គម្រោង​បុរី​បាន​សាងសង់​រួច​រាល់​ហើយ។ នេះ​បើ​តាម​​របាយការណ៍​របស់ CBRE Cambodia។

ដោយសារ​តែ​ខណ្ឌ​សែនសុខ​នៅ​ជិត​ក្រុង ធ្វើ​ឲ្យ​តម្លៃ​ដី​នៅ​ទីនោះ​ហក់​ឡើង​ខ្លាំង ក្រុមហ៊ុន​ជំនាញ​អចលនទ្រព្យ​ខាង​លើ​បាន​ព្យាករណ៍​ថា ខណ្ឌ​ដែល​មាន​សក្ដានុពល​បន្ទាប់​សម្រាប់​គម្រោង​​សាងសង់​ផ្ទះ​និង​បុរី​មាន​២ គឺ​ខណ្ឌ​ពោធិ៍​សែនជ័យ​នឹង​មាន​គម្រោង​សាងសង់​ផ្ទះ​និង​បុរី​​ថ្មី​ចំនួន​១៥ បន្ទាប់​មក​គឺ​ខណ្ឌ​ដង្កោ​ចំនួន​១៣ គម្រោង​នៅ​ពេល​អនាគត។​​

ពោធិ៍​សែនជ័យ​ បច្ចុប្បន្ន​បាន​ទទួល​សក្តានុពល​ពី​ផ្លូវ​​លេខ​៥១ ​ជា​ផ្លូវ​ក្រវាត់ក្រុង​ពី​ឧត្ដុង្គ​មក​ថ្នល់​ទទឹង ធ្វើ​ឲ្យ​តម្លៃ​ដី​នៅ​ទីនោះ​ចាប់ផ្ដើម​កម្រើក​ខ្លាំង ខណៈ​ដែល​ស្រុក​អង្គស្នួល​ដែល​នៅ​ជាប់​នឹង​ខណ្ឌ​ពោធិ៍​សែនជ័យ ក៏​ចាប់ផ្ដើម​មាន​ការ​ពុះ​ដីឡូតិ៍​លក់​បណ្ដើរៗ។

ចំណែក ខណ្ឌ​ដង្កោ​​កំពុង​អភិវឌ្ឍ​​ខ្លាំង ​ស្ថិត​នៅ​ក្នុង​តំបន់​​ផ្លូវ​៦០​ម៉ែត្រ មាន​គម្រោង​ផ្សារ​ទំនើបខ្នាត​យក្ស​ ៣​ នៅ​​ទីនោះ​ មាន​ដូចជា៖ ផ្សារ​ទំនើប​ជីប ម៉ុង ផ្សារ​ទំនើប ភី អេច អេកូម៉ល និង ផ្សារ​ទំនើប​អ៊ីអន​៣។ ថ្វីត្បិត​តែ​ខណ្ឌ​ដង្កោ​មាន​គម្រោង​ធំៗ​ប្រមូល​ផ្តុំ​គ្នា​នៅ​ទីនោះ ប៉ុន្តែ​ខណ្ឌ​មួយ​នេះ​នៅ​មាន​ដី​ទំនេរ​ច្រើន​សម្រាប់​ការ​អភិវឌ្ឍន៍​លំនៅឋាន។

ទន្ទឹម​នឹង​នេះ ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន (JICA) ទើប​បាន​ប្រកាស​ពី​គម្រោង​សាងសង់​រោងចក្រ​ចម្រោះ​ទឹក​កខ្វក់​​តម្លៃ ២៧លានដុល្លារ​​​ ជា​គម្រោង​លើក​ទី១​មិន​ធ្លាប់​​​មាន​នៅ​រាជធានី​ភ្នំពេញ ដែល​នឹង​​ត្រូវ​សាងសង់​​នៅ​បឹង​ជើងឯក​​ចុង​ឆ្នាំ​២០២០។ គេ​ជឿ​ថា តាមរយៈ​គម្រោង​ធំៗ​ទាំង​នេះ នឹង​ធ្វើ​ឲ្យ​ខណ្ឌ​ដង្កោ​មាន​សន្ទុះ​អភិវឌ្ឍ​លឿន​ជាង​ខណ្ឌ​ដទៃ៕ ​​​

- Video Advertisement -