SCG, ក្រសួងការងារ បើកការប្រកួតជំនាញសំណង់ប្រចាំឆ្នាំលើកទី២ ដើម្បីពង្រឹងសមត្ថភាពមេជាងសំណង់នៅកម្ពុជា

ក្រុមហ៊ុន SCG ដែលជាសាជីវកម្ម​ឈានមុខ​គេ​មួយ​នៅក្នុងតំបន់​​អាស៊ាន បានបើក​ការប្រកួតប្រជែង​ជំនាញ​សំណង់​ប្រចាំ​ឆ្នាំ​លើកទី២ដោយ សហការជាមួយ​ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរបស់​ប្រទេស​កម្ពុជា ដើម្បី​ពង្រឹង​សមត្ថភាពជាងសំណង់​នៅកម្ពុជា ខណៈដែលវិស័យ​សំណង់​នៃ​ប្រទេសនេះ កំពុង​រីកលូតលាស់​យ៉ាង​ឆាប់រហ័ស ក្នុង​រយៈពេល​ប៉ុន្មានឆ្នាំចុងក្រោយនេះ។

មេជាងសំណង់​ ៤០រូប ដែលចម្រាញ់ចេញពី​មេជាងសំណង់ជាង ២០០នាក់ ដែលបានចូលរួម​នៅក្នុង​ការប្រកួតប្រជែង​ជំនាញនៅតាមបណ្ដា​ខេត្ត ដែលរៀបចំដោយ SCG និងដៃគូ​របស់ខ្លួន បាន​ចូលរួម​នៅក្នុង​ការប្រកួត​ប្រចាំឆ្នាំ​លើកទី២នេះ។ បេក្ខជន​មេជាង​សំណង់ ប្រកួត​ប្រជែង​គ្នា​លើ​ ៣មុខជំនាញ គឺ ជំនាញបូក, ជំនាញ​ប្រក់​ដំបូល និងជំនាញ​ដំឡើង​ស្មាតបត។

លោក វីរុត ផានិតភុតចាម៉ាន (Wirot Phanitphotchamarn) នាយកគ្រប់គ្រង​ផ្នែកទីផ្សារនិងការលក់​របស់ SCG នៅកម្ពុជា បាន​ថ្លែងថា កម្មវិធីប្រឡងប្រជែង​ជំនាញ​សំណង់​នៅថ្ងៃនេះ បង្ហាញពី​បំណងប្រាថ្នារបស់ SCG ក្នុងការ​ផ្ដល់​ឱកាស​ប្រសើរឡើង​និងគុណភាពនៃការរស់នៅ​ដល់​អ្នកពាក់ព័ន្ធ​នៅក្នុងប្រទេស​កម្ពុជា។

លោក វីរុត ថ្លែងដូច្នេះ​ថា «តាមរយៈ​កម្មវិធីនេះ យើង​ចង់​ជួយ​លើកកម្ពស់​ជំនាញ​របស់មេជាង​សំណង់កម្ពុជា ក៏ដូចជា គុណភាពវិស័យសំណង់​នៅកម្ពុជា។ ជាងនេះ​ទៀត ម្ចាស់លំនៅដ្ឋាន​និង​អ្នកអភិវឌ្ឍន៍គម្រោង​សាងសង់ ក៏នឹង​ទទួល​បាន​ស្តង់ដារ​និងគុណភាពសំណង់ប្រសើរឡើង ផងដែរ»។

លោក វីរុត ក៏បានបន្ថែម​ថា នៅពេល​ដែលជំនាញរបស់ខ្លួនកាន់តែប្រសើរឡើង និងមាន​វិញ្ញាបនបត្រ​ទទួលស្គាល់ពីកម្មវិធីបណ្ដុះបណ្ដាល​និងប្រកួតប្រជែង​នេះ មេជាង​សំណង់​ ឬ​អ្នក​ម៉ៅការសំណង់​នៅក្នុងស្រុក នឹងមាន​ឱកាស​ការងារនិងចំណូល​កាន់តែខ្ពស់​ថែមទៀត។

លោក ឡៅ ហ៊ីម អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ​ ថ្លែង​នៅ​ពេល​បើក​កម្មវិធីប្រកួតប្រជែង​ជំនាញ​មេជាង​សំណង់ ថាការអភិវឌ្ឍ​វិស័យ​អប់រំ បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ គឺ​ទាមទារ​ចាំបាច់​នូវ​ការគាំទ្រ​និង​ចូលរួម​ពី​វិស័យ​ឯកជន។

លោក ឡៅ ហ៊ីម មានប្រសាសន៍ដូច្នេះ​ថា «សូមឱ្យក្រុមហ៊ុន​ ចូលរួមគាំទ្រនូវ​រាល់សកម្មភាពដែលរដ្ឋត្រូវការ​ការសហការ​ពី​វិស័យ​ឯកជន មានដូចជា ការចុះកម្មសិក្សា ការស្រាវជ្រាវ និង
ការចូលរួមអភិវឌ្ឍកញ្ចប់ស្តង់ដាបណ្តុះបណ្តាលជាដើម»។

លោកអនុរដ្ឋលេខាធិការក្រសួងការងារ ក៏បានបន្ថែមផង​ដែរថា ការប្រកួត​ប្រជែង​ជំនាញ​នេះ នឹង​ចូលរួម​ចំណែក​សម្រេច​គោល​នយោបាយ​ជាតិ ក្នុង​ការកាត់​បន្ថយ​ភាព​ក្រីក្រ​តាមរយៈ​ការបណ្តុះ​បណ្តាល​ជំនាញ បង្តើត​ការងារ បង្កើន​ផលិតភាព និង​បង្កើន​ប្រាក់​ចំណូល។

គួរបញ្ជាក់ថា ការប្រកួត​ប្រជែង​នេះ នឹងចម្រាញ់​យក​ជ័យលាភី​ លេខ​១, លេខ​២ និង​លេខ​៣ លើ​មុខ​ជំនាញ​នីមួយៗ នៃ​មុខជំនាញ​ទាំងបី ហើយ​ជ័យលាភីលេខ១ ទទួលបាន​ទឹកប្រាក់ ២លានរៀល និង​ដំណើរទស្សនកិច្ច​ទៅ​ប្រទេស​ថៃ, លេខ​២ បានទឹកប្រាក់ ១លាន​ ២សែនរៀល និង​លេខ​៣ បាន​ទឹកប្រាក់ ៨សែនរៀល។

​ប្រកួតប្រជែង​ជាងសំណង់ប្រចាំឆ្នាំ​លើកទី២នេះ គឺ​ជាផ្នែក​មួយនៃ​កម្មវិធី​បណ្ដុះបណ្ដាល​ជាងសំណង់​ អេសស៊ីជី ដែលមានគោលបំណង​ជួយ​លើកស្ទួយ​វិស័យ​សំណង់​នៅ​កម្ពុជា ក្នុង​រយៈពេលវែង ។

អេសស៊ីជី សហការជាមួយក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ តាមរយៈវិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​កម្ពុជា (NPIC) បានរៀបចំ​ឲ្យមាន​ការប្រកួតប្រជែង​ជំនាញ​មេជាង​សំណង់​នេះ ចាប់តាំងពីឆ្នាំ​២០១៨មក។

គិត​រហូតមកដល់​ចុង​ឆ្នាំ​២០១៩នេះ មេជាង​សំណង់​ជាង ៤០០នាក់ មកពី​ទូទាំងប្រទេសកម្ពុជា បានទទួល​ការបណ្ដុះបណ្ដាល និង​ជិត ៨០​នាក់ បានចូលរួម​នៅក្នុង​ប្រកួត​ប្រជែង​ជំនាញ​ប្រចាំឆ្នាំ ដែលរៀបចំដោយក្រសួងការងារ និងបណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ក្រុមហ៊ុន SCG៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]