បម្រែបម្រួលទីផ្សារជួលបន្ទប់អាផាតមិន និង ខុនដូ
ដោយ Eric Wong Chon Lap
នៅពេល ចំនួនជនបរទេសកើនឡើងនៅក្នុងប្រទេសកម្ពុជា ទោះបីអ្នកស្នាក់នៅក្នុងទីក្រុងភ្នំពេញថយចុះ ក៏ទីផ្សារនេះកំពុងតែមានការផ្លាស់ប្តូរតម្រូវការ។ កត្តានេះនឹងធ្វើឲ្យមានផលប៉ះពាល់ ដល់វិស័យជួលខុនដូក្នុងរាជធានីភ្នំពេញ បើទោះបីជាបច្ចុប្បន្នមិនទាន់ប៉ះពាល់ក៏ដោយ។
ជាធម្មតា នៅពេលជនបរទេសរើទៅធ្វើការនៅប្រទេសកម្ពុជា ទោះជាមកធ្វើការតែឯង ឬ មកជាមួយសមាជិកគ្រួសារ ក្រុមហ៊ុនមួយចំនួនបានចំណាយលើការស្នាក់នៅសម្រាប់គ្រួសារទាំងមូល ថ្លៃសិក្សាកូន និង ប្រាក់ឧបត្ថម្ភមេផ្ទះជាដើម។ ប៉ុន្តែបច្ចុប្បន្ននេះ យើងសង្កេតឃើញថាជនបរទេសទាំងនោះមកតែឯកឯង ជាជាងមកជាមួយក្រុមគ្រួសាររបស់ពួកគេ ខណៈដែលក្រុមហ៊ុនភាគច្រើនចង់កាត់បន្ថយចំណាយ។
ខុសពីនិន្នាការមុនៗ ខុនដូដែលជនបរទេសជួលភាគច្រើននាពេលបច្ចុប្បន្នគឺប្រភេទយូនីតដែលមានតែ១បន្ទប់។ យូនីតដែលមានបន្ទប់គេង ៣ ឬ ៤ ធ្លាប់តែពេញនិយមសម្រាប់ជនបរទេសដែលផ្លាស់មករស់នៅប្រទេសកម្ពុជាជាមួយក្រុមគ្រួសារ។ ឥឡូវនេះ អាផាតមិន ឬ ខុនដូប្រភេទយូនីតដែលមាន១បន្ទប់ត្រូវបានគេជួលពេញៗ។ ដោយឡែកយូនីត២បន្ទប់ក៏គេជួលពេញៗដែរនៅតាមអាគារខ្លះ។
ឧបសគ្គមួយទៀតលើទីផ្សារអាផាតមិន និង ខុនដូគឺប្រាក់ឧបត្ថម្ភថ្លៃស្នាក់នៅពីក្រុមហ៊ុន។ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនតូចៗជាច្រើនបានសម្រេចចិត្តមិនផ្តល់ប្រាក់ឧបត្ថម្ភថ្លៃស្នាក់នៅ ដើម្បីកាត់បន្ថយថ្លៃចំណាយរបស់ពួកគេ។ ប្រការនេះនឹងដាក់សម្ពាធលើម្ចាស់ផ្ទះ ព្រោះពួកគេមិនអាចដំឡើងថ្លៃឈ្នួលប្រចាំខែបានឡើយ ព្រោះគេនឹងប្រថុយអាចបាត់បង់អ្នកជួល។
ម៉្យាងវិញទៀត ចំនួននៃជនបរទេសដែលរស់នៅក្នុងរាជធានីភ្នំពេញអាចនឹងមានការប្រែប្រួលដោយសារតែការកើនឡើងនៃចំនួនជនជាតិចិនដ៏ច្រើន។ ការកើនឡើងនេះអាចក្លាយជាចរន្តថ្មីនៃតម្រូវការជួលអាផាតមិន និង ខុនដូនៅរាជធានីភ្នំពេញ ព្រោះជនជាតិចិនចូលចិត្តជួលខុនដូនៅកោះពេជ្រ និង បឹងកេងកង១ និង តាមបណ្ដោយមហាវិថីព្រះមុនីវង្ស ដែលជាសហគមន៍ចិនដ៏កុះកររស់នៅទីនោះ ដែលពួកគេងាយស្រួលរកភោជនីយដ្ឋានចិន និង ផ្សារទំនើប។
ជាមួយនឹងការកើនឡើងនៃការប្រកួតប្រជែងរាប់ចាប់តាំងពី អាផាតមិន និង ខុនដូសម្រាប់ជួល ប្រាក់ឧបត្ថម្ភលើការស្នាក់នៅត្បិតត្បៀត ហើយនិង ការកើនឡើងនូវអាផាតមិន និង ខុនដូថ្មីៗជាច្រើន គឺជារលកកម្តៅមួយសម្រាប់ម្ចាស់អគារជួលចាស់ៗ ដែលបង្ខំឲ្យពួកគេត្រូវរិះរកវិធីផ្សេងៗដើម្បីប្រកួតប្រជែងនៅក្នុងទីផ្សារផ្គត់ផ្គង់អាផាតមិន ឬ ខុនដូជួល៕
- Video Advertisement -