ក្រសួងបរិស្ថានអនុញ្ញាតលើគម្រោងអាជីវកម្មថ្មសំណង់ទំហំ ២០,៩២ ហិកតា
ក្រសួងបរិស្ថានបានសម្រេចគាំទ្រគម្រោងអាជីវកម្មថ្មសំណង់លើផ្ទៃដីទំហំ ២០,៩២ហិកតា ដែលមានទីតាំងស្ថិតនៅតំបន់ភ្នំស្រួចទៅលើលទ្ធផលនៃរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូងឬ (IESIA)។
យោងតាមការចុះផ្សាយនៅលើទំព័រហ្វ៊េសប៊ុករបស់ក្រសួងផ្ទាល់កាលពីថ្ងៃទី០៤ ខែធ្នូ គម្រោងខាងលើត្រូវបានក្រសួងពិនិត្យនិងផ្តល់យោបល់ចំនួន ៧ ចំណុច ដើម្បីធានាដល់ការធ្វើអាជីវកម្មត្រឹមត្រូវគោរពតាមស្តង់ដារបរិស្ថាន។
គម្រោងអាជីវកម្មថ្មសំណង់ខាងលើមានទីតាំងស្ថិតនៅតំបន់ភ្នំស្រួច ក្នុងភូមិសាស្រ្តភូមិក្រាំងខ្ជាយ ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ របស់ក្រុមហ៊ុន ឆាយណា ស៊ុយ តាយ រ៉ក់ ហ្វេកធើរី និងសិក្សា និងរៀបចំរបាយការណ៍វាយតម្លៃដោយក្រុមហ៊ុនទីប្រឹក្សា អេស ប៊ី ខេ រីស៊ើច អេន ឌីវេឡុបមេន។
ចំណុចទាំងនោះរួមមាន៖
១- គាំទ្រគម្រោងអាជីវកម្មថ្មសំណង់នេះ ដើម្បីចូលរួមអភិវឌ្ឍវិស័យសំណង់ និងផ្តល់ចំណូលចូលថវិកាជាតិ តាមរយៈការបង់ពន្ធ និងការបង់សួយសារ
២- ម្ចាស់គម្រោងត្រូវសហការជាមួយក្រុមហ៊ុនទីប្រឹក្សាធ្វើបច្ចុប្បន្នភាពរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម
៣- ម្ចាស់គម្រោងត្រូវយកចិត្តទុកដាក់ដោះស្រាយផលប៉ះពាល់ជាមួយប្រជាពលរដ្ឋ និងសាលារៀន ដែលប៉ះពាល់ដោយសំឡេង និងរំញ័រ និងការហុយធូលីចេញពីការបំផ្ទុះថ្ម កិនថ្ម និងការដឹកជញ្ជូនថ្មឱ្យបានរួចរាល់
៤- ម្ចាស់គម្រោង ត្រូវរៀបចំឯកសារពាក់ព័ន្ធឱ្យបានគ្រប់គ្រាន់ ព្រមទាំងចុះបញ្ជីដីធ្លីឱ្យបានច្បាស់លាស់
៥- បញ្ហាផ្លូវដឹកជញ្ជូន ម្ចាស់គម្រោងត្រូវសាងសង់ផ្លូវបេតុងចេញពីការដ្ឋានភ្ជាប់មកផ្លូវជាតិលេខ៤ ប្រវែង ៦៥០ម៉ែត្រ ឱ្យបានរួសរាន់ ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន
៦- ម្ចាស់គម្រោង ត្រូវរួមចំណែកជួយអភិវឌ្ឍការងារសង្គមនៅក្នុងសហគមន៍មូលដ្ឋាន
៧- ម្ចាស់គម្រោង ត្រូវកែសម្រួលរបាយការណ៍នេះ ស្របតាមស្មារតីអង្គប្រជុំ។
គួរបញ្ជាក់ថា ការពិនិត្យលើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង (IESIA) មានការចូលរួមពីតំណាងពាក់ពន្ធ័នានាសរុបប្រមាណ ៣៦នាក់ នៅឯទីស្តីការក្រសួងបរិស្ថាន។
- Video Advertisement -