ក្រុមហ៊ុនជីបម៉ុងសម្ពោធរោងចក្រកែច្នៃកាកសំណល់ឧស្សាហកម្មនៅខេត្តកំពត
ក្រុមហ៊ុនជីបម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន ដែលជាបុត្រសម្ព័ន្ធក្រុមហ៊ុន ជីប ម៉ុង គ្រុប បានសម្ពោធរោងចក្រកែច្នៃសំណល់ឧស្សាហកម្ម ដែលជាដំណោះស្រាយក្នុងការគ្រប់គ្រងកាកសំណលបរិស្ថានដំបូងគេបង្អស់នៅកម្ពុជា។
រោងចក្រគ្រប់គ្រងសំណល់ ជីប ម៉ុង អេកូសាយខល ត្រូវបានបើកដាក់ឲ្យដំណើរការ កាលពីថ្ងៃទី៥ ខែធ្នូ នៅក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន។ រោងចក្រនេះស្ថិតនៅក្នុងបរិវេនរោងចក្រស៊ីម៉ង់ ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរសិន ដែលមានទីតាំងនៅស្រុកបន្ទាយមាស ខេត្តកំពត។
ជីប ម៉ុង អេកូសាយខល មានសមត្ថភាពដុតកំទេចសំណល់ឧស្សាហកម្មក្នុងបរិមាណ ១០តោន ក្នុងមួយម៉ោង ឬ ២៤០តោនក្នុង១ថ្ងៃ ឬក៏ជាង ៧០០០ តោនក្នុង១ខែ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថាន។
ជីប ម៉ុង អេកូសាយខល ជាគម្រោងថ្មីមួយថិតនៅក្រោមដំបូលរបស់ក្រុមហ៊ុនជីបម៉ុង អ៊ិនស៊ី ស៊ីមេន ត្រូវបានប្រសូតចេញពីការវិនិយោគទុនរួមគ្នា ក្នុងនោះ ៦០% មកពីក្រុមហ៊ុន ជីប ម៉ុង និង ៤០% ទៀតមកពីក្រុមហ៊ុនស្យ៉ាម ស៊ីធី ស៊ីមេន (SCCC) នៃ ព្រះរាជាណាចក្រថៃ។
លោកឧកញ៉ា លាង ឃុន ម្ចាស់ភាគហ៊ុនធំក្រុមហ៊ុនជីបម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន បានគូសបញ្ជាក់ពីគោលបំណងក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ពិតជា មាន មោទនភាពណាស់ ចំពោះគម្រោងកែច្នៃសំណល់របស់ខ្លួន ដែលជាដំណោះស្រាយនៃការគ្រប់គ្រងសំណល់ឧស្សាហកម្មប្រកបដោយនិរន្តរភាពដំបូងគេនៅប្រទេសកម្ពុជា។ លោក ឧកញ៉ា បញ្ជាក់ថា ក្រុមហ៊ុនបានចំណាយប្រាក់វិនិយោគអស់ជាង ៤លានដុល្លារអាមេរិក លើគម្រោងនេះ ។
ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន មានប្រសាសន៍ថា ការវិនិយោគរបស់ក្រុមហ៊ុនជីបម៉ុងលើវិស័យថ្មីៗដូចជាគម្រោងធ្វើការកែច្នៃសំណល់នេះ ជាការចូលរួមលើកកម្ពស់បរិស្ថាន។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្តឱ្យមានការវិនិយោគបន្ថែមទៀតលើបញ្ហាសំរាម និងលើកទឹកចិត្តក្រុមហ៊ុនដទៃទៀតអនុវត្តគោល ការណ៍បរិស្ថានដូចដែលក្រុមហ៊ុន ជីប ម៉ុង បាននិងកំពុងប្រតិបត្តិដែលប្រែក្លាយសំណល់ទៅជាផលប្រយោជន៍សេដ្ឋកិច្ច៕
- Video Advertisement -