តំបន់សេដ្ឋកិច្ចពិសេស ប៉ោយប៉ែត ភីភី បើកដំណើរការផ្លូវការ
តំបន់សេដ្ឋកិច្ចពិសេស ប៉ោយប៉ែត ភីភី (Poipet PP SEZ) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់តំបន់សេដ្ឋកិច្ចពិសេស ភ្នំពេញ ត្រូវបានបើកដំណើរការជាផ្លូវការ កាលពីថ្ងៃទី៩ ខែធ្នូ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ការបើកដំណើការនេះ ធ្វើឡើងស្របពេលជាមួយគ្នានៃការបើកសម្ពោធរោងចក្រថ្មីរបស់ Sumitronics មកពីប្រទេសជប៉ុន។
ពិធីបើកដំណើរការតំបន់សេដ្ឋកិច្ចពិសេស ត្រូវបានធ្វើឡើងនៅក្រោមអធិបតីភាព ឯកឧត្តម សុខ ចិន្តាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ម៉ាសាហ៊ីរ៉ូ មីខាមី ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ឯកឧត្តម សុខ ចិន្តាសោភា មានប្រសាសន៍ ការបើកដំណើរការ តំបន់សេដ្ឋកិច្ចពិសេសនៅក្រុងប៉ោយប៉ែត គឺជាការចូលរួមជាមួយរដ្ឋាភិបាល ដែលមានចក្ខុវិស័យ ក្នុងការពង្រាយរោងចក្រទៅកាន់តំបន់ជាយដែន ហើយការវិនិយោគរបស់ក្រុមហ៊ុនជប៉ុន នឹងរួមចំណែកដល់ការអភិវឌ្ឍវិស័យឧស្សាហកម្ម ក៏ដូចជាបង្កើតការងារនៅនឹងកន្លែងជូនប្រជាពលរដ្ឋកម្ពុជា។
ឯកឧត្តម សុខ ចិន្តាសោភា បានគូសបញ្ជាក់ថា ការបណ្តាក់ទុនរបស់ក្រុមហ៊ុនទាំងពីរ នៅក្រុងប៉ោយប៉ែត ជាសក្ខីភាពនៃគោលមាគា របស់រដ្ឋាភិបាលកម្ពុជា ដែលបានប្រែក្លាយក្រុងប៉ោយប៉ែតពីទីលានសមរភូមិទៅជាតំបន់ឧស្សាហកម្ម និងជាទីក្រុងមួយដែលមានការអភិវឌ្ឍលើគ្រប់វិស័យ។
ឯកឧត្តម ម៉ាសាហ៊ីរ៉ូ មីខាមី រំពឹងថាតំបន់សេដ្ឋកិច្ចពិសេសនេះ នឹងចូលរួមចំណែកដល់ការទាក់ទាញការវិនិយោពីប្រទេសថៃបន្ថែមទៀត។
ឯកឧត្តម ម៉ាសាហ៊ីរ៉ូ មីខាមី ថ្លែងថា៖ “កំណើនសេដ្ឋកិច្ចខ្ពស់ បរិយាកាសវិនិយោគល្អ និងទីតាំងជាយុទ្ធសាស្រ្តរបស់កម្ពុជា បានធ្វើឲ្យកម្ពុជាក្លាយជាគោលដៅវិនិយោគដ៏ទាក់ទាញសម្រាប់វិនិយោគិនជប៉ុន”។
គួរបញ្ជាក់ថា បច្ចុប្បន្ន នៅទូទាំងប្រទេសកម្ពុជា មានតំបន់សេដ្ឋកិច្ចពិសេស ដែលមានដំណើរការ ចំនួន ២៣ ដែលមានរោងចក្រចំនួន ៤៩០ និងបង្កើតការងារបានចំនួនប្រមាណជាង ១៣ ម៉ឺនកន្លែង។
ដោយឡែក ក្រុងប៉ោយប៉ែត មានតំបន់សេដ្ឋកិច្ចពិសេសចំនួន៣កន្លែង ដែលមានរោងចក្រចំនួន១៧ និងបង្កើតការងារបានចំនួន ប្រមាណ៧ ៥០០កន្លែង៕


- Video Advertisement -