រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតតម្លៃ ១៣លានដុល្លារ សម្ភោធដំណើរការ
រោងចក្រប្រព្រឹត្តិកម្មទឹកស្អាត ដែលមានសមត្ថភាពផ្គត់ផ្គង់ទឹកស្អាត ដល់ប្រជាពលរដ្ឋក្នុងក្រុងសៀមរាប ប្រមាណ១ម៉ឺន៥ពាន់ម៉ែត្រគូប ត្រូវបានសម្ពោធដាក់ឲ្យដំណើរការប្រើប្រាស់ជាផ្លូវការ។
ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតទឹកវិលទីពីរ របស់រដ្ឋាករទឹកស្វយ័តខេត្តសៀមរាប ត្រូវធ្វើឡើងបាននៅក្រោមអធិបតីភាព ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងលោកស្រី Eva Nguyen Binh ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជាកាលពីថ្ងៃទី១០ សប្តាហ៍មុន។
រោងចក្រនេះ ត្រូវបានសាងសង់ឡើងនៅក្រោមឥណទានសម្បទានរបស់ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) ដែលមានទឹកប្រាក់ប្រមាណ ១៣លានដុល្លារ។ រោងចក្រប្រព្រឹត្តិកម្មទឹកស្អាត មានលទ្ធភាពផ្គត់ផ្គង់ទឹកស្អាតដល់ប្រជាពលរដ្ឋប្រមាណជាង ៧ពាន់គ្រួសារទៀត ។
ឯកឧត្ដម ចម ប្រសិទ្ធ មានប្រសាសន៍ថា សម្រាប់ក្រុងសៀមរាប ត្រូវមានការគិតគូជាមុនក្នុងរយៈពេលវែងពី១០ ទៅ២០ ឆ្នាំ ខាងមុខ ដើម្បីត្រៀមដោះស្រាយការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ និងបម្រើដល់ការអភិវឌ្ឍវិស័យសេដ្ឋកិច្ច និងទេសចរណ៍ ដែលនឹងមានការរីកចម្រើនកាន់តែខ្លាំងថែមទៀតនៅឆ្នាំបន្តបន្ទាប់ខាងមុខ ។
តម្រូវការទឹកស្អាតក្នុងក្រុងសៀមរាបបច្ចុប្បន្ន បានកើនឡើងប្រមាណ ៦ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ ស្របពេលដែលសមត្ថភាពផ្គត់ផ្គង់ទឹករបស់រដ្ឋាករទឹកស្វយ័តសៀមរាបមាន ៣ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ គិតរួមបញ្ចូលទាំងរោងចក្រប្រព្រឹត្តិកម្មទឹកស្អាត ដែលកំពុងត្រូវបានសម្ពោធដាក់ដំណើរការក្នុងសមត្ថភាពផលិតបាន១ម៉ឺន ៥ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ។
ឯកឧត្តម ចម ប្រសិទ្ធ បញ្ជាក់ថា បច្ចុប្បន្នប្រជាជនក្នុងក្រុងសៀមរាបសរុបប្រមាណ ៥ម៉ឺនគ្រួសារ ប៉ុន្តែរដ្ឋាករទឹកស្វយ័តសៀមរាបបានផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត គ្របដណ្ដប់បានប្រមាណតែ៤០%ប៉ុណ្ណោះ។
លោកជំទាវ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា Eva Nguyen Binh បានបង្ហាញនូវមោទនភាពដែលប្រទេសបារាំងបានរួមចំណែកក្នុងគម្រោងផ្គត់ផ្គង់ទឹកស្អាតនេះលើទឹកដីអង្គរដ៏បវររបស់កម្ពុជា ដោយចាត់ទុកជានិមិត្តរូបមួយក្នុងការពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-បារាំង កាន់តែរឹងមាំជាលំដាប់ ។
ជាមួយគ្នានេះ ដើម្បីបង្កើនប្រភពទឹកស្អាតផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋប្រើប្រាស់ រដ្ឋាករទឹកស្វយ័តសៀមរាបមានគម្រោងវិនិយោគមួយផ្សេងទៀត ក្រោមក្របខ័ណ្ឌឥណទានរបស់អង្គការ JICA ជប៉ុន មានទឹកប្រាក់ប្រមាណ១០៦លានដុល្លារអាមេរិក ក្នុងសមត្ថភាពផលិត ៦ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ស្ថិតក្នុងសង្កាត់ជ្រាវ ខេត្តសៀមរាប ដោយយកប្រភពទឹកពីបឹងទន្លេសាប។
- Video Advertisement -