វិនិយោគិនបានប្តូរចំណាប់អារម្មណ៍ទៅលើអចលនទ្រព្យនៅក្រៅរាជធានីភ្នំពេញ
ដោយ Eric Wong Chon Lap
នៅទីក្រុងភ្នំពេញអ្នកអភិវឌ្ឍន៍បានផ្តោតលើការដាក់លក់ផ្ទះនិងខុនដូថ្មីៗក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ រហូតមកដល់ពេលនេះមានជាង ១៥.០០០ យូនីតនៅក្នុងទីក្រុង ពីការអភិវឌ្ឍន៍ខុនដូដែលបានដាក់ដំណើរការនៅចន្លោះឆ្នាំ ២០១៦ និង ២០១៨។
បញ្ហាប្រឈមធំមួយដែលទីផ្សារលំនៅដ្ឋាន និងខុនដូត្រូវប្រឈម គឺថ្លៃដើមនៃការវិនិយោគបានកើនឡើងទន្ទឹមនឹងការឡើងថ្លៃដីធ្លីនៅភ្នំពេញដែលនាំឱ្យមានការកើនឡើងនៃតម្លៃលក់។ អ្នកទិញភាគច្រើននៅក្នុងទីផ្សារលំនៅដ្ឋានបែបប្រណីតៗ គឺជាជនបរទេសដែលថ្មីៗនេះបានទិញលើគោលបំណងវិនិយោគរយៈពេលវែងជាជាងការវិនិយោគរយៈពេលខ្លី ឬ ការរស់នៅផ្ទាល់ខ្លួន។ ទន្ទឹមនឹងនេះជាងពាក់កណ្តាលនៃអ្នកទិញទ្រព្យសម្បត្តិលំនៅដ្ឋានដែលមានតម្លៃលើសពី ៧ម៉ឺនដុល្លារអាមេរិកគឺជាជនបរទេស។
ដោយសារក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានជាច្រើន ផ្តោតលើគម្រោងសាងសង់នៅក្នុងរាជធានីភ្នំពេញ ដោយឡែកសម្រាប់ការផ្គត់ផ្គង់អចលនទ្រព្យថ្មីៗនៅកន្លែងដូចជាកំពត កែប សៀមរាប និង ប៉ោយប៉ែត បានថយចុះ។ ហេតុដូច្នេះហើយបានជាមានតម្រូវការកើនឡើងខ្លាំងខណៈពេលដែលមានការអភិវឌ្ឍន៍ថ្មីតិចតួចនៅក្នុងទីក្រុងទាំងនេះ។ ដោយសារតែបញ្ហានេះ តម្រូវការលំនៅដ្ឋានបាននិងកំពុងកើនឡើងជាលំដាប់សម្រាប់អចលនទ្រព្យដែលមានទីតាំងនៅទីក្រុង និងទីប្រជុំជននានានៅខាងក្រៅរាជធានីភ្នំពេញចាប់តាំងពីដើមឆ្នាំនេះ ហើយអ្នកទិញនៅផ្នែកនេះបានត្រៀមខ្លួនរួចជាស្រេចក្នុងការទិញសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន ឬយូរអង្វែង។
លើសពីនេះទៀត តម្លៃគឺអាចពិចារណាបានថា វានៅទាបនៅឡើយសម្រាប់លំនៅដ្ឋាននៅខាងក្រៅរាជធានីភ្នំពេញហើយការឆ្លើយតបរបស់អ្នកទិញនិងការលក់មានភាពវិជ្ជមានសម្រាប់ការចាប់ផ្តើមដំបូង ឬបញ្ចប់នៅលំនៅដ្ឋានតម្លៃទាប។ ឧទាហរណ៍ល្អ ៗ មួយចំនួនរួមមានបុរី ផាមរីស៊ីឌែន នៅប៉ោយប៉ែត និង អគារភ្លោះដែលបើកដំណើរការថ្មីៗនេះដោយក្រុមហ៊ុនថៃប៊ុនរ៉ុងគ្រុបនៅខេត្តកំពតដែលទទួលបានតម្លៃជាមធ្យមក្នុងមួយម៉ែត្រក្រឡាពី ១៥០០ដុល្លារ ទៅ ២០០០ដុល្លារ។ ហើយការអភិវឌ្ឍន៍ទាំងពីរបានឃើញពីលទ្ធផលនៃការលក់គួរឱ្យចាប់អារម្មណ៍។
ម្យ៉ាងវិញទៀតឧស្សាហកម្មល្បែងក៏ត្រូវបានគេជឿជាក់ថាជាហេតុផលដ៏សំខាន់មួយដែលទាក់ទាញទាំងវិនិយោគិនអចលនទ្រព្យ និងភ្ញៀវទេសចរណ៍មកពីចិនដីគោកចូលមកប្រទេសកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះទៅកាន់កន្លែងដែលឧស្សាហកម្មកំពុងរីកចម្រើន ដូចជាក្រុងបាវិត និងប៉ោយប៉ែត។ ការហាមឃាត់ថ្មីៗនេះរបស់រដ្ឋាភិបាលលើការបើកល្បែងតាមអ៊ីនធឺណិតបានជះឥទ្ធិពលដល់វិស័យអចលនទ្រព្យក្នុងតំបន់ផងដែរ។ ជាទូទៅការហាមឃាត់នេះនឹងជួយធ្វើឱ្យវិស័យអចលនទ្រព្យមានស្ថិរភាពតាមរយៈការកែតម្រូវតម្លៃអចលនទ្រព្យនិងការវិនិយោគរយៈពេលវែងដល់ប្រទេស។ ទោះជាយ៉ាងណាក៏ដោយការហាមឃាត់បច្ចុប្បន្នមិនប៉ះពាល់ដល់ទ្រព្យសម្បត្តិដែលអ្នកទិញក្នុងស្រុកទិញសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួននោះទេ។
ចំពោះការអភិវឌ្ឍន៍ដែលបានដាក់ចេញនៅខាងក្រៅទីក្រុងភ្នំពេញចាប់តាំងពីឆ្នាំ២០១៨មក ការតាំងលក់ដ៏គួរឱ្យចាប់អារម្មណ៍របស់ពួកគេបានបង្ហាញថាតម្រូវការនៅតែខ្លាំងសម្រាប់អចលនទ្រព្យដែលបានទិញសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន នៅតាមទីក្រុងធំៗ នៅតែមានសក្តានុពលសម្រាប់អចលនទ្រព្យដែលមានទីតាំងល្អ និង ត្រូវបានសាងសង់ដោយអ្នកអភិវឌ្ឍន៍ល្បីឈ្មោះនៅលើទីផ្សារនាពេលអនាគត៕

- Video Advertisement -