កំណើនសេដ្ឋកិច្ចកម្ពុជារំពឹងនឹងសម្រេចក្នុងរង្វង់ ៧ភាគរយ ឆ្នាំ២០២០
សេដ្ឋកិច្ចប្រទេសកម្ពុជា ត្រូវបានរំពឹងថានឹងសម្រេចក្នុងរង្វង់ ៧ភាគរយ នៅឆ្នាំ២០២០ ដោយសារការនាំចេញនឹងបន្តមានកំណើនខ្ពស់ លំហូរចូលនៃវិនិយោគបរបរទេស វិស័យទេសចរណ៍ និងវិស័យសំណង់ និងអចលនទ្រព្យ នៅតែបន្តកើនឡើង។
នៅក្នុងរបាយការណ៍វឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ចនិងវិស័យធនាគារឆ្នាំ២០១៩ និងទស្សនវិស័យឆ្នាំ២០២០ ដែលចេញផ្សាយកាលពីថ្ងៃទី២ មករា ធនាគារជាតិនៃកម្ពុជា កំណើនសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២០ ផ្អែកលើការព្យាករពីការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក ដែលរួមចំណែកផ្តល់ភាពអំណោយផលដល់ការ នាំចេញ។
ការនាំចេញរំពឹងថានឹងមានកំណើនក្នុងអត្រាខ្ពស់ ពិសេសការនាំចេញទំនិញសម្រាប់ធ្វើដំណើរ ទំនិញកម្មន្តសាលផ្សេងៗ ទោះបីជាការនាំចេញសម្លៀកបំពាក់អាចថមថយក៏ដោយ សារសហភាពអឺរ៉ុបអាចនឹងដក EBA ពីកម្ពុជា នៅខែកុម្ភៈ ឆ្នាំ២០២០។
របាយការណ៍ដដែលបន្តថា កំណើនសេដ្ឋកិច្ចកម្ពុជាក៏នឹងត្រូវគាំទ្រដោយលំហូរវិនិយោគផ្ទាល់ពីបរទេសដែលរំពឹងថាបន្តមានកំណើនរឹងមាំ។
របាយការបន្តទៀតថា វិស័យសំណង់ និងអចលនទ្រព្យបន្តកើនឡើង ដែលឆ្លុះបញ្ជាំងដោយនិន្នាការកើនឡើងនៃការនាំចូលសម្ភារសំណង់ និងគម្រោងសាងសង់ដែលទទួលបានការអនុម័ត។ ចំណែកភ្ញៀវទេសចរបរទេសបន្តកើនឡើងជាលំដាប់ ជាពិសេសមកកាន់តំបន់ឆ្នេរ និងក្នុងគោលបំណងធុរកិច្ច។
ទន្ទឹមនឹងនេះ ធនាគារជាតិនៃកម្ពុជា ក៏ព្យាករបង្ហាញពីហានិភ័យដែលអាចប្រឈមមួយចំនួននៅឆ្នាំ២០២០ ក្នុងនោះសម្រាប់ហានិភ័យខាងក្រៅ រួមមាន ការថមថយចុះលឿនជាងការរំពឹងទុកនៃសេដ្ឋកិច្ចចិន ដែលអាចមានផលប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជាដែលមានទំនាក់ទំនងជិតស្និតជាមួយសេដ្ឋកិច្ចចិន និងនិន្នាការនៃការអនុវត្តគោលនយោបាយគាំពារនិយមប៉ះពាល់ដល់ការនាំចេញ។
ចំណែកហានិភ័យខាងក្នុង រួមមាន ការអាចបាត់បង់ការអនុគ្រោះពន្ធ “អ្វីៗគ្រប់យ៉ាងលើកលែងតែសព្វាវុធ (EBA)” ដែលអាចប៉ះពាល់ផ្ទាល់ដល់វិស័យកាត់ដេរសម្លៀកបំពាក់ និងវិស័យនានាក្នុងសេដ្ឋកិច្ចដែលទទួលបានដោយប្រយោលពីវិស័យកាត់ដែរ កម្រិតខ្ពស់នៃកំណើនឥណទានទៅកាន់វិស័យសំណង់អាចបង្កឪ្យហានិភ័យកើនឡើង នៅពេលដែលការផ្គត់ផ្គង់ក្នុងវិស័យអចលនទ្រព្យកើនឡើងខ្ពស់ហួសតម្រូវការ និងការទិញផ្ទះដោយបង់រំលស់ពីក្រុមហ៊ុនអភិវឌ្ឍន៍សំណង់និងលំនៅឋាន និងមានភាពសកម្ម និងមិនទាន់មានការត្រួតពិនិត្យច្បាស់លាស់។
ដោយឡែក សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០១៩ បន្តរីកចម្រើនរឹងមាំក្នុងអត្រា ៧,១ភាគរយ ដោយគាំទ្រដោយកំណើននៃការនាំចេញ ជាពិសេសសម្លៀកបំពាក់ ស្បែកជើង និងទំនិញសម្រាប់ធ្វើដំណើរ កំណើននៅក្នុងវិស័យសំណង់ ដែលឆ្លុះបញ្ជាំងតាមរយៈកំណើននៃការនាំចូលសម្ភារនិងបរិក្ខារសំណង់ កំណើនក្នុងវិស័យទេសចរណ៍ ដោយកំណើនភ្ញៀវទេសចរបរទេស ជាពិសេសមកកាន់តំបន់ឆ្នេរ និងក្នុងគោលបំណងធុរកិច្ច។
ទន្ទឹមនឹងនេះ សេដ្ឋកិច្ចកម្ពុជាបន្តទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស ជាពិសេស វិស័យហិរញ្ញវត្ថុ កម្មន្តសាល សំណង់និងអចលនទ្រព្យ និងវិស័យពាក់ព័ន្ធនឹងការស្នាក់នៅ៕
- Video Advertisement -