ក្រុមហ៊ុនយក្សចិនប្ដេជ្ញាបន្តវិនិយោគក្នុងទីផ្សារអចលទ្រព្យនៅកម្ពុជា ក្រោយសម្រេចគម្រោងធំៗ១០ ក្នុងឆ្នាំ២០១៩
ក្រុមហ៊ុនចិនខ្នាតយក្ស Prince Real Estate កាលពីថ្មីៗនេះ បានប្រកាសថានឹងនៅតែបន្តវិនិយោគក្នុងទីផ្សារអចលទ្រព្យនៅកម្ពុជាក្នុងឆ្នាំ ២០២០ នេះ ក្រោយក្រុមហ៊ុនបានបញ្ជាក់ថាខ្លួនបាន បានបោះទុនរាប់ពាន់លានដុល្លារ និងសម្រេចបានគម្រោងធំៗ ចំនួន១០ គម្រោង ទូទាំងប្រទេសកម្ពុជា រួចមកហើយ ក្នុងឆ្នាំ២០១៩ កន្លងមកនេះ។
គម្រោងទាំង ១០ នេះ គឺគ្របដណ្តប់លើផ្ទៃដីសរុបចំនួន ១ ៨៧៦ ហិកតាដែលមានចំនួន ៦ គម្រោងដែលមានទីតាំងស្ថិតនៅក្នុងខេត្តព្រះសីហនុ ហើយ ៤ គម្រោងស្ថិតក្នុងរាជធានីភ្នំពេញ នេះបើយោងតាមប្រសាសន៍របស់ លោក ឈ៊ីវ គួរស៊ីង ប្រធានប្រតិបត្តិក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Prince Real Estate Group ដែលថ្លែងជាមួយសារព័ត៌មាន AKP កាលពីថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២០ កន្លងទៅនេះ ។
លោក ឈ៊ីវ គួរស៊ីង បានបន្តទៀតថា ក្នុងចំណោមសមិទ្ធិផលទាំង ១០ នេះ ក្រុមហ៊ុនក៏បានទិញនូវគម្រោង ២ធំៗ គឺអគារពាណិជ្ជកម្ម Phnom Penh Tower និងអាគារ Diamond One កោះពេជ្រ។ ដោយឡែកមានគម្រោងចំនួន ៨ ទៀត ឬស្មើនឹងខុនដូសរុបចំនួន ៥៦០០ យូនីត កំពុងស្ថិតក្នុងដំណាក់កាលលក់។
លើសពីនេះ ក្រុមហ៊ុនយក្សមួយនេះ នៅតែបន្តសម្រចបាននៅសមិទ្ធិផលថ្មីៗ នៅក្នុងទីផ្សារអចលនទ្រព្រកម្ពុជា ជាច្រើនទៀត ដូចជា ការសាងសង់កន្រ្តកវិលមានកម្ពស់ ៨៨ម៉ែត្រ និង គម្រោងវិនិយោគទៅលើផ្សារទំនើប ១០ ទីតាំងទៀតនៅក្នុងទីក្រុងភ្នំពេញ ក៏ដូចជានៅក្នុងខេត្តព្រះសីហនុផងដែរ។
គួររម្លឹកផងដែរថា ក្រុមហ៊ុន Prince Real Estate Group គឺជាក្រុមហ៊ុនលំដាប់អន្ដរជាតិដែលមានអាជីវកម្មក្នុងវិស័យជាច្រើន។ ដោយឡែកសម្រាប់ទីផ្សារអចលនទ្រព្យ ក្រុមហ៊ុន គ្រោងនឹងបណ្ដាក់ទុនប្រមាណជាង ៦ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល១០ ឆ្នាំ នៅប្រទេសកម្ពុជា ដើម្បីអភិវឌ្ឍជាមជ្ឈមណ្ឌលពាណិជ្ជកម្មកណ្តាល ដ៏ធំមួយនៅរាជធានីភ្នំពេញ ក៏ដូចជាគម្រោងអភិវឌ្ឍន៍នៅតាមបណ្តាខេត្តនានាក្នុងព្រះរាជាណាចក្រកម្ពុជា។ (អានបន្ថែម)
ជាមួយនេះដែរ ក្រុមហ៊ុនក៏បានប្រកាសថានឹងយកកម្ពុជាជាតំបន់យុទ្ធសាស្ត្រគោលរបស់ខ្លួនក្នុងការសម្រេចមហិច្ឆតាក្លាយជាក្រុមហ៊ុនអន្តរជាតិដែលមានឥទ្ធិពលជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍។ (អានបន្ថែម)
- Video Advertisement -