អន្តរក្រសួងប្ដេជ្ញាដោះស្រាយការកកស្ទះឯកសារពន្ធស្មើសូន្យលើការផ្ទេរនិងចុះប័ណ្ណកម្មសិទ្ធិអចលនទ្រព្យរវាងញាតិ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រកាសសហការគ្នាដោះស្រាយបញ្ហាការចុះបញ្ជីដី មានលក្ខណៈជាប្រព័ន្ធ ចំពោះការផ្ទេរនិងចុះប័ណ្ណកម្មសិទ្ធិដែលត្រូវបង់ពន្ធប្រថាប់ត្រាស្មើសូន្យ*** ជាពិសេសការផ្ទេរក្នុងវង្វង់ញាតិ ក្រោយមានការកកស្ទះឯកសារ ជាង ១៣ ម៉ឺនច្បាប់ កន្លងមកនេះ។

យោងតាមសេចក្តីប្រកាសព័ត៌មានពីអគ្គនាយកដ្ឋានពន្ធដារ កន្លងមកឃើញថា មានការកកស្ទះឯកសារជាច្រើននៅរដ្ឋបាលសារពើពន្ធ ចំពោះករណីប្រថាប់ត្រាពន្ធស្មើសូន្យ ទាក់ទងនឹងការទទួលបានប័ណ្ណកម្មសិទ្ធិក្នុងវង្វង់ញាតិ ពោលគឺការទទូលបានកម្មសិទ្ធិពី ឪពុក ម្ដាយ ជីដូន ជីតា កូនបង្កើត កូនប្រសារ បងប្អូនបង្កើត តាមរយៈប្រទានកម្ម (ផ្ទេរពីមនុស្សរស់ទៅញាតិ) ឬ សន្តតិកម្ម (ផ្ទេរពីមនុស្សស្លាប់ទៅញាតិ)។

ដូច្នេះហើយ តាមរយៈកិច្ចប្រជុំដែលបានធ្វើឡើងកាលពីថ្ងៃទី២០ មករា កន្លងមកនេះ ស្ថាប័នទាំងពីរ បានដាក់ចេញនូវវិធានការណ៍ជាបន្ទាន់ ដើម្បីដោះស្រាយបញ្ហាចោទខាងលើនេះ ដោយកំណត់ឲ្យសម្រេចបាន ក្នុងរយៈពេល១ខែ ដែលវិធានការណ៍ទាំងនោះរួមមានចំណុចសំខាន់ៗដូចជា៖

– មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានី-ខេត្ត ត្រូវពង្រឹងនិងពន្លឿនការបញ្ជូនឯកសារដែលបានទទួល (File Sharing) ទៅក្នុងប្រព័ន្ធគ្រប់គ្រងរបស់អគ្គនាយកដ្ឋានពន្ធដារ ។

– ស្នើមន្ទីរជួយផ្សព្វផ្សាយ និងណែនាំប្រជាពលរដ្ឋឲ្យជួយគ្នាបំពេញពាក្យ ស្នើសុំបង់ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ (FORM PT 02) ឲ្យបានលឿនជាងមុន

– អគ្គនាយកដ្ឋានពន្ធដារ បានរៀបចំរួចរាល់ នឹងដាក់ឲ្យអនុវត្តនូវកម្មវិធី (Application) សម្រាប់ប្រើប្រាស់ក្នុងការត្រួតពិនិត្យឯកសារ ដែលបានបង់ពន្ធរួច

– ស្ថាប័នទាំងពីរ ពង្រឹងកិច្ចសហការគ្នា តាមរយៈការបង្កើត Telegram Group និងជួបប្រជុំជាប្រចាំ ដើម្បីផ្លាស់ប្ដូរព័ត៌មាន និងជំរុញការផ្ដល់សេវាចំពោះការផ្ទេរកម្មសិទ្ធិ ឲ្យបានឆាប់រហ័ស ទាន់ពេលវេលា

– ស្ថាប័នទាំងពីរ នឹងរៀបចំជារបាយការណ៍រួមដើម្បីគោរពរាយការណ៍ជូនថ្នាក់ដឹកនាំនៃក្រសួងទាំងពីរ។

គួរបញ្ជាក់ផងដែរថា ទាក់ទងនឹងការប្រមូលពន្ធ បើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានពន្ធដារ សម្រាប់ឆ្នាំ ២០១៩ រដ្ឋាភិបាលបានប្រមូលពន្ធសរុបបានប្រមាណ ២ ៨១៩ លានដុល្លារ ដែលកើនឡើង ២៨ ភាគរយ បើប្រៀបធៀបនឹងឆ្នាំ ២០១៨។ ក្នុងនោះដែរ ពន្ធប្រថាប់ត្រាគឺកើនឡើងប្រមាណ ៤៣ ភាគរយ។

***ប័ណ្ណកម្មសិទ្ធិដែលត្រូវប្រថាប់ត្រាពន្ធស្មើសូន្យ មានន័យថា ប័ណ្ណកម្មសិទ្ធិទាំងឡាយណា ដែលត្រូវបានលើកលែងការបង់ពន្ធ ឬ បង់ពន្ធប្រថាប់ត្រាស្មើសូន្យ នេះបើតាមប្រកាសលេខ៥០៧ សហវ ចុះថ្ងៃទី២៦ ខែមេសា ២០១៧ គឺមាន៧ ប្រភេទ។ ក្នុងនោះដែរ សម្រាប់ការទទួលកម្មសិទ្ធិក្នុងវង្វង់ញាតិ ត្រូវបានកត់សម្គាល់ឃើញថាមានបញ្ហាធំជាងគេក្នុងចំណោមទាំង ៧ប្រភេទនោះ។

 

- Video Advertisement -