ច្បាប់ស្តីអំពីសំណង់ នឹងជំរុញឱ្យការវិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជាកាន់តែមានឧត្តមភាព

ថ្លែងនៅក្នុងសិក្ខាសាលាស្តីអំពីវគ្គផ្សព្វផ្សាយអំពីច្បាប់ “ស្ដីពីសំណង់” ជូនអ្នកវិជ្ជាជីវៈក្នុងវិស័យសំណង់លើកទី៣ នៅសណ្ឋាគារ ហ្គាឌិន ស៊ីធី រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានមានប្រសាសន៍អំពីសារៈសំខាន់ថា ការអនុវត្តតាមច្បាប់ស្ដីពីសំណង់ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹង និងបង្កើនទំនុកចិត្តកាន់តែខ្ពស់លើការវិនិយោគក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា។

គួររំលឹកថា ច្បាប់ស្ដីពីសំណង់ មាន ២២ ជំពូក និង១១១ មាត្រា។ ច្បាប់នេះ ទើបតែត្រូវបានអនុម័តដោយរដ្ឋសភាជាតិ និងឡាយព្រះហស្តលេខាដោយព្រះមហាក្សត្រកាលពីថ្ងៃទី ០២ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ថ្មីៗកន្លងទៅនេះ។ ច្បាប់នេះមានគោលបំណងបង្កើតគោលការណ៍បង្កើតបទបញ្ជាបច្ចេកទេស វិធាន និងនីតិវិធី សម្រាប់ការគ្រប់គ្រងវិស័យសំណង់នៅព្រះរាជាណាចក្រកម្ពុជា។

ក្រោយអនុម័តឱ្យប្រើប្រាស់ច្បាប់នេះរួច រហូតមកដល់ពេលនេះក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយបានចំនួនពីរលើករួចមកហើយ។ ដោយឡែក វគ្គផ្សព្វផ្សាយច្បាប់ស្តីពីសំណង់ជូនវិស្វករ និងស្ថាបត្យករជាលើកទី៣ នេះ រៀបចំឡើងក្រោមអធិបតីភាពរបស់លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានកម្មវត្ថុដើម្បីប្រមូល និងកសាងធនធានមនុស្សដែលមានជំនាញប្រកបដោយវិជ្ជាជីវៈត្រឹមត្រូវលើវិស័យវិស្វកម្ម និងស្ថាបត្យកម្ម ដើម្បីរៀបចំប្រព័ន្ធ និងក្របខណ្ឌបទដ្ឋានគ្រប់គ្រងធនធានមនុស្ស ការបណ្តុះបណ្តាល និងបញ្ជ្រាបការយល់ដឹងអំពីខ្លឹមសារ និងលក្ខខណ្ឌតម្រូវផ្នែកវិជ្ជាជីវៈ ស្របតាមគោលការណ៍ច្បាប់ ក្នុងបុព្វហេតុបង្កើត និងធានាឱ្យបានបរិយាកាសអនុគ្រោះ សម្រាប់ឱ្យអ្នកមានវិជ្ជាជីវៈលើវិស័យនេះ បានប្រើប្រាស់សមត្ថភាពរបស់ខ្លួនក្នុងការរួមចំណែកដល់កិច្ចអភិវឌ្ឍសង្គមជាតិ។ ចំពោះវគ្គផ្សព្វផ្សាយសម្រាប់លើកទីបួន ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២ ខែមីនា ឆ្នាំ២០២០ ខាងមុខនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងរៀបចំជាពិសេសសម្រាប់ក្រុមហ៊ុនដែលប្រកបអាជីវកម្មក្នុងវិស័យសំណង់ ក្រុមហ៊ុនប្រកបអាជីវកម្មសិក្សាគម្រោងប្លង់ និងក្រុមហ៊ុនសាងសង់ជាដើម ដែលកម្មវិធីនឹងប្រារព្ធនៅសណ្ឋាគារហ្គាឌិនស៊ីធីភ្នំពេញ ចាប់ផ្តើមពី ៨ព្រឹក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់។

Installation of Green nets and tower cranes erected appear construction grow in Phnom Penh

ច្បាប់សំណង់នេះ ត្រូវបានគេមើលឃើញថា បានឆ្លើយតបទៅនឹងតម្រូវការក្របខណ្ឌគតិយុត្តិពាក់ព័ន្ធនឹងវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា ស្របពេលដែលតម្រូវការសេដ្ឋកិច្ច និងការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសលើវិស័យសំណង់អគារ និងហេដ្ឋារចនាសម្ព័ន្ធរូបវន្តកំពុងកើនឡើងជាបន្តបន្ទាប់។ ដូចដែលមានចែងនៅក្នុងបទប្បញ្ញតិ្តទូទៅ ច្បាប់ស្តីអំពីសំណង់នេះ មានគោលបំណងដើម្បីធានាសុវត្ថិភាពក្នុងវិស័យសំណង់ សំណង់ត្រូវតែបំពេញបានតាមលក្ខខណ្ឌបទដ្ឋានសំណង់ និងដើម្បីការពារផលប្រយោជន៍របស់ម្ចាស់សំណង់ និងការពារផលប្រយោជន៍សាធារណៈ។ ក្រៅអំពីអនុលោមភាពតាមបទដ្ឋានសំណង់ គោលបំណងមួយទៀតនៃច្បាប់នេះ ក៏ដើម្បីធានាថា ការសាងសង់ទាំងអស់ និងចូលរួមក្នុងការអភិវឌ្ឍទីក្រុង និងទីប្រជុំជនប្រកបដោយសុវត្ថិភាព ចីរភាព និងសោភ័ណភាព។

យោងតាមច្បាប់សំណង់ថ្មីនេះ រាល់សំណង់ទាំងអស់ ត្រូវតែគោរពទៅតាមប្លង់គោល និងផែនការប្រើប្រាស់ដីធ្លី ឬផែនការនគរូបនីយកម្មនៅតាមឃុំសង្កាត់ ដោយមិនអនុញ្ញាតឱ្យសង់សំណង់លើដីសាធារណៈ ឬអូរបឹង ឬទីតាំងសាធារណៈមួយចំនួនដែលទៅអនាគតនាំឱ្យខាតបង់ថវិកាជាតិ  ឬពេលវេលាសំរាប់ដោះស្រាយផលប៉ះពាល់នោះឡើយ។ ការដាក់លក្ខខណ្ឌតម្រូវបែបនេះ គឺដើម្បីធានាឱ្យការអភិវឌ្ឍវិស័យសំណង់នៅកម្ពុជា ចូលរួមក្នុងការអភិវឌ្ឍប្រកបដោយចីរភាព និងធានាបាននូវសុខដុមនីយភាវូបនីយកម្មនៅក្នុងសង្គម។

ក្រៅអំពីការពង្រឹងឡើងវិញនូវក្របខណ្ឌវិជ្ជាជីវៈ ធនធានមនុស្សសម្រាប់ប្រើក្នុងវិស័យនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់បន្ថែមថា “ច្បាប់សំណង់នេះ ក៏មានគោលដៅក្នុងការរួមចំណែកលើកកម្ពស់ និងជំរុញសន្ទុះវិនិយោគិនក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា តាមរយៈការបង្កើនទំនុកចិត្តក្នុងចំណោមវិនិយោគិន ដែលជាលទ្ធផលកើតចេញអំពីការចូលរួមអនុវត្តច្បាប់សំណង់នេះ។ តាមរយៈការការធានាបានគោរពតាមស្តង់ដារ និងបទប្បញ្ញតិ្តដែលជាលក្ខខណ្ឌតម្រូវចេញពីច្បាប់នេះដែរ យើងអាចលក់អចលនទ្រព្យដែលយើងបានសាងសង់ហើយ និងផ្ទេរកម្មសិទ្ធដីធ្លី និងអចលនទ្រព្យផ្សេងៗ ប្រកបដោយទំនុកចិត្ត និងការទទួលខុសត្រូវ។ ជាលទ្ធផល ប្រជាពលរដ្ឋ និងវិនិយោគិន​អចលនទ្រព្យ នឹងមានភាពនឹងនរក្នុងការផ្ទេរកម្មសិទ្ធអចលនទ្រព្យរបស់ខ្លួនដោយស្របច្បាប់ និងដោយគ្មានការព្រួយបារម្ភបាន។”

សូមបញ្ជាក់ផងដែរថា ច្បាប់ស្ដីពីសំណង់ថ្មីនេះ ត្រូវបានរៀបចំចងក្រងឡើង រហូតដល់បានអនុម័តរួចរាល់ ដោយសារការអនុវត្តគម្រោងកិច្ចសហការរួមគ្នារវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កម្ពុជា ជាមួយនឹងក្រសួងដីធ្លី ដឹកជញ្ជូន និងទេសចរណ៍របស់ប្រទេសជប៉ុន ក្នុងគោលបំណងធ្វើវិសោធនកម្មវិស័យសំណង់ឱ្យកាន់តែមានឧត្តមភាព និងផ្តល់ផលប្រយោជន៍ដល់ការអភិវឌ្ឍន៍សង្គមឱ្យបានជាអតិបរមា។ លោកឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា “ក្រោយបញ្ចប់វគ្គផ្សព្វផ្សាយនេះ អ្នកប្រកបវិជ្ជាជីវៈក្នុងវិស័យសំណង់ទាំងអស់ដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនឹងទទួលបានការបញ្ជាក់អំពីការផ្តល់នូវអាជ្ញាបណ្ណប្រកបអាជីវកម្មសិក្សាគំរោងប្លង់ ពីក្រសួងដែនដី នគរូបនីយកម្មនិងសំណង់ ដើម្បីឱ្យគ្រប់តាមលក្ខខណ្ឌដែលក្រសួងបានរៀបចំ ជាពិសេសគឺច្បាប់ស្តីពីសំណង់។”

អត្ថបទដោយ៖ ឆោម ច័ន្ទឆាយា

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]