ឆ្នាំ ២០២០នេះ តើអ្នកគួរវិនិយោគអចលនទ្រព្យអ្វី និងនៅកន្លែងណា?

ឆ្នាំ២០១៩ ជាឆ្នាំល្អបំផុតមួយទៀតសម្រាប់វិស័យអចលនទ្រព្យនៅកម្ពុជា ដោយសារតែការកើនឡើងតម្រូវការរបស់អ្នកវិនិយោគទាំងក្នុង និងក្រៅប្រទេស។ បើយោងទៅតាមក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ទុនវិនិយោគសរុបមានចំនួន ៩,៣ពាន់លានដុល្លារត្រូវបានយកមកវិនិយោគក្នុងប្រទេសកម្ពុជា ដែលមានចំនួន ៤.៤៤៦ គម្រោង បានអនុម័តរួច ដែលនេះបានបង្ហាញថាមានការរីកចំរើន ៥៥% លើសឆ្នាំ២០១៨។​

ចុះឆ្នាំ២០២០វិញ? ចាប់ពីចុងឆ្នាំ ២០១៩ មក វិស័យមួយនេះចាប់ផ្តើមធ្លាក់ចុះបន្តិចម្តងៗ ដោយសារកត្តាជាច្រើនដូចជា ការបិទល្បែងអនឡាញនៅក្នុងខេត្តព្រះសីហនុ ការផ្ទុះឡើងនៃវីរុសកូរ៉ូណា ការធ្លាក់ចុះសេដ្ឋកិច្ចក្នុងប្រទេស ភាព‌មិនច្បាស់លាស់នៃការដកប្រព័ន្ធអនុគ្រោះពន្ធអ៊ីប៊ីអេ (EBA) សង្គ្រាមពាណិជ្ជកម្មរវាងចិន និងអាមេរិក ការគាំពារនិយមជាសកល ​ បញ្ហាភូមិសាស្ត្រនយោបាយជុំវិញពិភពលោក និងបញ្ហាផ្សេងៗទៀត។

ដោយមើលឃើញពីបញ្ហាទាំងអស់នេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​បានទម្លាក់ការព្យាករណ៍នៃកំណើនផលិតផលក្នុងស្រុកសរុបពី ៦,៥% ទៅ ៦,១%។ មិនយូរប៉ុន្មានថ្មីៗនេះធនាការពិភពលោកក៏បានទម្លាក់បន្ថែម មកនៅត្រឹមតែ ២,៥% ប៉ុណ្ណោះ។ ស្រដៀងគ្នានេះដែរ អ្នកជំនាញក្នុងស្រុកជាច្រើនបានធ្វើការប៉ាន់ប្រមាណថា វិស័យអចលនទ្រព្យ និងសំណង់ក្នុងប្រទេសកម្ពុជា នឹងជួបប្រទះការធ្លាក់ចុះបន្តិចនៅក្នុងឆ្នាំ ២០២០ នេះផងដែរ។ (អានបន្ថែម)

ទោះជាដូច្នេះក្តី យោងតាមអ្នកជំនាញក្នុងវិស័យមួយនេះបានសង្កត់ធ្ងន់ថា កម្ពុជានៅតែជាតំបន់មានស័ក្តានុពលមួយក្នុងចំណោមតំបន់ជាច្រើនក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្នុងការវិនិយោគអចលនទ្រព្យ ថ្វីបើមានការទស្សទាយអំពីការធ្លាក់ចុះនេះក៏ដោយ។ ឧទាហរណ៍ជាក់ស្តែងតាមរបាយការណ៍ដែលផ្តល់ដោយ CBRE កម្ពុជា គឺថាតម្លៃដីក្នុងទីក្រុងហូជីមិញ គិតត្រឹមត្រីមាសទី ៤ ឆ្នាំ២០១៩ មានតម្លៃរហូតដល់ទៅ ៣ម៉ឺនដុល្លារ ក្នុងមួយម៉ែត្រការ៉េនៅកណ្តាលក្រុង បើប្រៀបធៀបទៅនឹងដីក្នុងខណ្ឌដូនពេញមានតម្លៃត្រឹមតែ ៦ពាន់ដុល្លារ តែប៉ុណ្ណោះក្នុងមួយម៉ែត្រការ៉េ។

តើ​ប្រភេទអចលនទ្រព្យណាខ្លះ និងតំបន់ណាខ្លះនៃទីក្រុងភ្នំពេញដែលអ្នកគួរតែធ្វើការវិនិយោគ?

Mr Sorn Seap, CEO of Key Real Estate

យោងតាមលោក សន សៀប នាយកប្រតិបត្តិនៃក្រុម Key Real Estate និងជាអ្នកល្បីឈ្មោះម្នាក់ក្នុងចំណោមអ្នកជំនាញអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាបានឱ្យដឹងថា ការសម្រេចចិត្តថាតើតំបន់ណានៃទីក្រុងភ្នំពេញជាតំបន់ល្អបំផុតសម្រាប់ការវិនិយោគ វាគឺអាស្រ័យលើប្រភេទអចលនទ្រព្យដែលអ្នកចង់វិនិយោគ។ កាលពី១០ឆ្នាំកន្លងទៅ ទីផ្សារអចលនទ្រព្យបានពង្រីកពីកណ្តាលទីក្រុងភ្នំពេញទៅកាន់ទិសខាងលិច។ ចំណែកប្រាំឆ្នាំកន្លងមក វាមានសន្ទុះកើនឡើង និងមានការពង្រីកទៅទិសខាងជើងវិញ។ បច្ចុប្បន្ននេះ និន្នាការកំពុងផ្លាស់ប្តូរទៅភាគខាងត្បូង ខណៈដែលភាគខាងកើតនៃរាជធានីភ្នំពេញគឺជាទីតាំងសក្ដិសមសម្រាប់ការវិនិយោគនាពេលអនាគត។

ការវិនិយោគលើដីធ្លី

ប្រសិនបើអ្នកជាម្ចាស់កម្មសិទ្ធិដីធ្លី ការវិនិយោគដីនៅតែជាជម្រើសដ៏ល្អជាងគេ បើធៀបទៅការវិនិយោគដទៃទៀត ពីព្រោះផលចំណេញពីការលក់ដីគឺខ្ពស់ខ្លាំងណាស់។​ ពេលដែលអ្នកវិនិយោគចំកន្លែងត្រូវប៉ាន់ ផលចំណេញអាចកើនពី៥០% ទៅ១០០%។ សម្រាប់ឆ្នាំ២០២០ យោងទៅតាមការប៉ាន់ប្រមាណមើលរបស់លោក សន សៀប តម្លៃដីក្នុងទីក្រុងភ្នំពេញនឹងជួបនូវការធ្លាក់ចុះបន្តិច ប៉ុន្តែការវិនិយោគនេះ នៅតែបន្តបង្ហាញឱ្យយើងឃើញពីស័ក្តានុពលយ៉ាងខ្លាំងអាស្រ័យលើតំបន់នោះ។

ទីតាំងដែលមានស័ក្តានុពលមួយសម្រាប់ការវិនិយោគក្នុងពេលបច្ចុប្បន្ន អាចជាតំបន់នៅទិសខាងត្បូងនៃទីក្រុងភ្នំពេញ ជាពិសេសគឺខណ្ឌដង្កោ។ ទោះបីជាយ៉ាងនេះក៏ដោយ សម្រាប់អ្នកដែលមានបំណងច់ងធ្វើការវិនិយោគរយៈពេលវែង អ្នកជំនាញបានណែនាំឱ្យសំឡឹងមើលភាគខាងកើតនៃទីក្រុងភ្នំពេញដែលជាតំបន់គួរតែធ្វើការពិចារណាខ្លាំងបំផុត។ ម្យ៉ាងទៀតបើយោងទៅតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន តំបន់ដូចជា អរិយក្សត្រ និងស្វាយជ្រុំ បច្ចុប្បន្ននេះ ជាតំបន់មានសក្តានុពលខ្លាំង ដែលនឹងផ្លាស់ប្តូរក្លាយជាទីក្រុងរណបថ្មីមួយនាពេលអនាគត ជាពិសេសក្រោយពីស្ពានជ្រោយចង្វារ-ស្វាយជ្រុំក្លាយជាការពិត។

ការវិនិយោគលើខុនដូ

សម្រាប់ជនបរទេសដែលមិនមានសិទ្ធិទិញដី តាមរយៈក្រុមហ៊ុនអចលនទ្រព្យអាចជាដំណោះស្រាយដ៏ល្អបំផុតសម្រាប់ពួកគេ។​ ទោះជាដូច្នេះក្តី សម្រោប់ការវិនិយោគជាប្រភេទអគារដែលមានម្ចាស់កាន់កាប់រួមគ្នា មានដូចជាអគារការិយាល័យ ការិយាល័យធ្វើការរួម ឬខុនដូ គឺជារឿងមួយដែលសក្តិសមជាងគេសម្រាប់អ្នកវិនិយោគជាជនបរទេស។​ យោងតាមសម្តីលោក សន សៀប ការវិនិយោគលើប្រភេទខុនដូតម្លៃទាប និងតម្លៃមធ្យម គឺជាជម្រើសដ៏ល្អបំផុតនៅពេលនេះ ហើយតម្រូវការលើខុនដូប្រភេទនេះ មានច្រើនជាងប្រភេទដទៃទៀត។​ ដូចច្នេះ ប្រភេទទាំងអស់នេះគឺងាយស្រួលក្នុងការលក់ណាស់។ ទោះជាយ៉ាងនេះក្តី គម្រោងខុនដូមានតម្លៃខ្ពស់ ក៏នៅតែជាជម្រើសដ៏ល្អដដែលសម្រាប់អ្នកមានលុយ។​

ទីតាំងល្អបំផុតសម្រាប់ការវិនិយោគលើខុនដូ គួរតែជាតំបន់ដែលនៅជិតកន្លែងធ្វើការ និង នៅតំបន់ប្រជុំដោយអគារពាណិជ្ជកម្មច្រើននៅជិតៗគ្នា ព្រោះវាជារឿងដ៏សំខាន់ដែលនឹងផ្តល់ភាពងាយស្រួលដល់អ្នកដែលមានបំណងចង់រស់នៅក្នុងខុនដូ។

តាំងពីគម្រោងវិនិយោគលើអគារការិយាល័យក្នុងខណ្ឌទួលគោកមានកំណើនជាបន្តបន្ទាប់ ការវិនិយោគខុនដូនៅទីនោះក៏មានការកើនឡើងតាមនោះផងដែរ ដូច្នេះសម្រាប់ឆ្នាំនេះ ខណ្ឌមួយនេះមានសក្តានុពលល្អបំផុតសម្រាប់ខុនដូ។

ការវិនិយោគលើអាផាតមិន

ប្រសិនបើគេចាប់អារម្មណ៍ការវិនិយោគលើអចលទ្រព្យជាប្រភេទអាផាតមិនវិញ ខណ្ឌចំការមន ដែលមានតំបន់មួយចំនួនដូចជា តំបន់ផ្សារបឹងកេងកង និង ផ្សារទួលទំពូង គួរតែជាតំបន់មួយដ៏ល្អឥតខ្ចោះ។ ខណ្ឌចំការមនជាមជ្ឍមណ្ឌលពាណិជ្ជកម្ម ដែលមានមនុស្សម្នាធ្វើការច្រើន ទាំងប្រជាជនខ្មែរ និងជនបរទេស កំពុងរស់នៅទីនោះ ហេតុដូច្នេះហើយ អាផាតមិនសម្រាប់ជួលគឺជាអចលនទ្រព្យល្អសម្រាប់ធ្វើការវិនិយោគ។

ដោយឡែកថ្មីៗនេះ គម្រោងវិនិយោគលើវិស័យអាផាតមិនមួយចំនួនធំ បានចាប់ផ្តើមប្តូរទិសដៅទៅរកខណ្ឌទួលគោកវិញម្តង ដោយសារតែគម្រោងអគារការិយាល័យមួយចំនួនបានប្តូរទៅទីនោះ។ ហេតុផលមួយក្នុងចំណោមហេតុផលជាច្រើនដែលនាំឱ្យមានការផ្លាស់ប្តូរបែបនេះ គឺដោយសារដីនៅបឹងកេងកងមានតម្លៃថ្លៃខ្លាំង និងទំហំដីក៏នៅមានកំណត់។

ការវិនិយោគលើបុរី

ការវិនិយោគលើបុរី នាពេលបច្ចុប្បន្ន គឺកំពុងរំកិលទៅទិសខាងត្បូងនៃទីក្រុងភ្នំពេញ ជាពិសេសខណ្ឌដង្កោរតាមបណ្តោយផ្លូវជាតិលេខ២។ ឯខណ្ឌព្រែកព្នៅ ក៏កំពុងតែទាក់ទាញគម្រោងបុរីធំៗជាច្រើនផងដែរ។ ការវិនិយោគបុរីនៅខណ្ឌព្រែកព្នៅ នៅមានតម្លៃសមរម្យ (ធូរថ្លៃ) ដូច្នេះធ្វើឱ្យមានការចាប់អារម្មណ៍ច្រើនពីអ្នកវិនិយោគទូទៅ ដែលនាំឱ្យមានតម្រូវការខ្ពស់ផងដែរ។ តំបន់នេះទទួលបានឥទ្ធិពលខ្លាំងពីការស្ទុះឡើងយ៉ាងឆាប់រហ័សនៃការអភិវឌ្ឍវិស័យឧស្សាហកម្មថែមទៀតផងដែរ។ តម្លៃបុរីនៅតំបន់នោះ ជាមធ្យមចាប់មានពី ៣៥,០០០ដុល្លារ ទៅ ១០០,០០០ ដុល្លារ។

រោងចក្រឧស្សាហកម្ម

ពេលបច្ចុប្បន្ននេះ រោងចក្រឧស្សាហកម្ម ជាការវិនិយោគដ៏ល្អឥតខ្ចោះផងដែរ។ កាលពីឆ្នាំមុន ឃ្លាំង និងរោងចក្រមានកង្វះខាតក្នុងការផ្គត់ផ្គង់ក្នុងទីផ្សារ។ នៅម្តុំតំបន់ផ្លូវជាតិលេខ៤ តម្លៃជួលសម្រាប់ឃ្លាំងមួយ មានតម្លៃប្រហែលពី ២ ទៅ២.៥ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ខណៈដែលក្នុងតំបន់ឧស្សាហកម្ម ដូចជា PPSEZ មានតម្លៃជួលប្រហែលពី ៣ ទៅ៣.៥ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។ ទោះបីជាយ៉ាងនេះក៏ដោយ អ្នកវិនិយោគនឹងទទួលបានការលើកចិត្តច្រើនបន្ថែមទៀត។ ខណ្ឌដង្កោ ខណ្ឌព្រែកព្នៅ និងខណ្ឌសែនសុខ គឺជាតំបន់មានសក្តានុពល ដោយសារតែតំបន់ឧស្សាហកម្មជាច្រើនកំពុងរំកិលទៅកាន់ទីនោះ។

ក្រៅពីភ្នំពេញ នៅមានខេត្តសំខាន់ៗដទៃទៀតដែលមានឱកាសក្នុងការវិនិយោគធំៗជាច្រើន។ ខេត្តនៅជាប់ភ្នំពេញាមានដូចជាខេត្តកណ្តាល ដែលគម្រោងអាកាសយានដ្ឋានថ្មីបាននឹងកំពុងសាងសង់នៅទីនោះ ដូច្នេះ នៅជុំវិញទីនោះក៏ក្លាយទៅជាតំបន់ល្អមួយសម្រាប់ការវិនិយោគផងដែរ។

កំពង់ស្ពឺជាខេត្តមួយទៀតដែលត្រូវតែពិនិត្យមើលដែរ ដោយសារតែផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នឹងឆ្លងកាត់ខេត្តនេះ ហើយគម្រោងតំបន់ឧស្សាហកម្មជាច្រើនគឺកំពុងរំកិលទៅទីនោះថែមទៀតផង។

ចំណែកឯ​ឱកាសវិនិយោគដែលនៅឆ្ងាយពីទីក្រុងភ្នំពេញ អាចជាក្រុងបាវិតក្នុងខេត្តស្វាយរៀង ប៉ោយប៉ែតក្នុងខេត្តបន្ទាយមានជ័យ ខេត្តកំពត ក៏ដូចជាក្រុងកែបផងដែរ។ តំបន់ទាំងអស់នោះជាតំបន់មានស័ក្តានុពលខ្លាំង ដោយសារតំបន់ទាំងនោះ ជាតំបន់ជាប់ព្រំដែន និងជាទិសដៅទេសចរណ៍នាពេលអនាគត។

ទោះយ៉ាងណាទីក្រុងដែលធ្លាប់ជាគោលដៅវិនិយោគដ៏មានសក្តានុពលដ៏ធំធេងនោះគឺ – ក្រុងព្រះសីហនុពេលនេះកំពុងធ្លាក់ចុះយ៉ាងខ្លាំងដោយសារការបិទកាស៊ីណូនិងល្បែងស៊ីសងតាមអ៊ីនធឺណិត។ ក៏ប៉ុន្តែមិនមែនមានន័យថាធ្លាក់ចុះទាំងស្រុង ឬរហូតនោះទេ។ (អានបន្ថែម)

ទន្ទឹមនឹងនេះដែរតម្លៃអចលនទ្រព្យនៅខេត្តសៀមរាបនៅតែមានស្ថេរភាព។

សរុបសេចក្តីមក អ្នកគួរតែសិក្សាឱ្យបានម៉ត់ចត់លើទីតាំងល្អបំផុតសម្រាប់ប្រភេទអចលនទ្រព្យដែលអ្នកចង់វិនិយោគ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

គម្រោងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោកតម្លៃជាង ៣០លានដុល្លារ ចាប់ផ្តើមហើយ

គម្រោងសាងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោក ដែលមានតម្លៃជាង ៣០ […]

ជប៉ុនជួយកម្ពុជាសង់អគារមេត្តយ្យសិក្សានៅខេត្តបាត់ដំបង និង កោះកុង

រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ជំនួយឥតសំណងដែលមានថវិកាសរុប […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ក្រសួងបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេសចរណ៍ ជាផ្លូវការហើយ

ក្រសួងទេសចរណ៍ បានបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេ […]

ក្រសួងនឹងបើកការដ្ឋានសង់សាលាជាតិវិជ្ជាជីវៈ តម្លៃជាង ១១លានដុល្លារ ក្នុងខែវិច្ឆិកានេះ

សាលាជាតិវិជ្ជាជីវៈទេសចរណ៍ (VST) ចំនួនពីរទីតាំង នៅភ្នំពេ […]

សមាគមអ្នកសាងសង់ស្នើឱ្យជប៉ុនជួយធ្វើទំនើបកម្មពង្រឹងស្ដង់ដាកិច្ចសន្យាសំណង់នៅកម្ពុជា

សមាគមអ្នកសាងសង់នៅកម្ពុជា​ ឬCCA បានស្នើឱ្យអ្នកជំនាញជប៉ុន […]