បណ្ឌិត គីម ហ៊ាង៖ អ្វីដែលខ្ញុំបារម្ភជាងគេ គឺបរទេសមិនមកហើយ ខ្មែរមិនធ្វើទៀត ហ្នឹងគឺជារឿងមួយធំហ្មង!

ខុសប្លែកពីអ្នករកស៊ីមួយចំនួនដែលផ្អាកសកម្មភាពគម្រោងរបស់ខ្លួន ព្រោះតែខ្លាចខាតដោយសារផលប៉ះពាល់ពីមេរោគកូវីដ១៩ ដែលកំពុងបន្តគម្រាមកំហែងសុខភាពពិភពលោក និងមិនដឹងថាពេលណាទើបបានស្រាយស្បើយទៅវិញនេះ លោកបណ្ឌិត គីម ហ៊ាង អ្នកជំនាញ និងជាវិនិយោគិនអចលនទ្រព្យឆ្នើមមួយរូបនៅកម្ពុជា បែរជាបន្តអភិវឌ្ឍគម្រោងអចលនទ្រព្យរបស់ក្រុមហ៊ុនលោកទៅវិញ។

ឆ្លើយនឹងសំណួរអ្នកសារៈព័ត៌មានដែលបានចោទសួរថា ក្នុងស្ថានភាពផ្ទុះកូវីដ១៩ នេះ  តែហេតុដូចម្តេចបានជាលោកបែរជាបន្តអភិវឌ្ឍគម្រោងបុរីរបស់ខ្លួនទៅវិញ លោកបានឆ្លើយច្បាស់ៗថា “…ពេលនេះជាពេលដែលអ្នកស្រុក ត្រូវសាងសង់ដើម្បីបង្កើតការងារដល់ប្រជាពលរដ្ឋ ដើម្បីចំណូលពន្ធដារជួយដល់រដ្ឋដល់រដ្ឋាភិបាល។”

“បើយើងអាងថា មិនសាងសង់ក៏យើងមានលុយ។ អ្វីដែលខ្ញុំបារម្ភជាងគេ គឺបរទេសមិនមកហើយ ខ្មែរមិនធ្វើទៀត អាហ្នឹងគឺជារឿងមួយធំហ្មង។ បរទេសមិនម៉ោ យើងត្រូវប៉ះពាល់ហើយ ប៉ុន្តែខ្មែរអ្នកមានត្រូវបង្កើនការសាងសង់។ យើងទទួលស្គាល់ថា សាងសង់អាឡូវហ្នឹង គឺវាមិនងាយលក់ដូចពីមុន ព្រោះមនុស្សមិនហ៊ានបញ្ចេញលុយ។ ប៉ុន្តែប្រសិនបើយើងមានគំនិតគិតចឹងដូចគ្នា អាហ្នឹងយើងជាប់គាំងហើយ។​” លោកបានលើកឡើងដូចនេះ ក្នុងបទសម្ភាសន៍ជូនអ្នកកាសែតក្នុងស្រុកមួយ ជុំវិញប្រធានបទ «វិស័យដីធ្លីកម្ពុជាក្រោយផ្ទុះជំងឺ Covid-19 និងការលើកលែងពន្ធប្រថាប់ត្រា» កាលពីថ្ងៃទី ០៩ ខែ មីនា ឆ្នាំ ២០២០ នេះ។

គួររម្លឹកថា កូវីដ១៩ ទើបតែវាយលុកបានប្រហែលពីរខែ តែសេដ្ឋកិច្ចពិភពលោកត្រូវបានគេសង្កេតឃើញថាចុះដាបខ្លាំង ដែលរហូតមកចុងខែមេសានេះ មានប្រទេសជាង ៨០ ហើយដែលបានស្នើជំនួយហិរញ្ញវត្ថុពីអាយអឹមអែហ្វ (IMF)។ ដែលធ្ងន់ជាងនេះថែមទៀតនោះ គឺលទ្ធផលដែលអាចនឹងនាំឱ្យកើតវិបត្តិសេដ្ឋកិច្ចពិភពលោកម្តងទៀត នេះបើយោងតាម Modern Diplomacy។  ក្នុងនោះ វិស័យអចលនទ្រព្យ និងគម្រោងសាងសង់ធំៗនៅកម្ពុជា រាប់ទាំងគម្រោងរដ្ឋ និងឯកជនក៏ប៉ះពាល់ខ្លាំងណាស់ដែរ។ នៅរសៀលថ្ងៃទី ៤ ខែ មីនា ឆ្នាំ ២០២០ គម្រោងអភិវឌ្ឍន៍ និងគម្រោងសាងសង់របស់រដ្ឋ ក្រោមផែនការសាងសង់នៅឆ្នាំ ២០២០ ត្រូវបានប្រកាសប្រកាសផ្អាកក្នុងរយៈពេលពេញមួយឆ្នាំ ដោយប្រមុខរាជរដ្ឋាភិបាល។

ជាក់ស្តែង ក្រៅពីគម្រោងរដ្ឋ គម្រោងអភិវឌ្ឍន៍អចលនៈធំៗជាលក្ខណៈឯកជនក៏ឃើញមានប្រកាសផ្អាកសាងសង់បណ្តើរៗ ជាច្រើនផងដែរ។ ការស្រាវជ្រាវរបស់ CBRE ប្រចាំត្រីមាសទី១ បានឱ្យសញ្ញាណថា គម្រោងអចលនទ្រព្យភាគច្រើន លើអនុវិស័យខុនដូ វីឡា ការិយាល័យពាណិជ្ជ តូបជួលក្នុងផ្សារទំនើប សំណង់អគារពាណិជ្ជធំៗ បង្ហាញនិន្នាការស្រដៀងគ្នា​ គឺថាផលប៉ះពាល់ទៅលើគម្រោងសាងសង់ មិនសូវខ្លាំងក្លាប៉ុន្មានទេនៅដើមឆ្នាំ ដោយសារមានសល់គម្រោងត ពីចុងឆ្នាំមុនរហូតមកដល់ពេលនេះខ្លះ។

ក៏ប៉ុន្តែចំណុចដែលគួរព្រួយបារម្ភដែលរបាយការណ៍នេះ  បានរំលេចឡើងនោះ គឺការធ្លាក់ចុះទំនុកចិត្តវិនិយោគក្នុងវិស័យនេះ ដែលកំពុងតែចាប់ផ្តើមធ្លាក់ចុះបន្តបន្ទាប់ចាប់ពីខែបីនេះទៅ។ និន្នាការនេះ នឹងទាញសកម្មភាពសេដ្ឋកិច្ចក្នុងទីផ្សារអចលនទ្រព្យឱ្យកាន់តែថមថយទៅៗ។ នេះជាសេណារីយ៉ូមួយដែលយើងមិនចង់បាន។

ការកកស្ទះដំណើរការគម្រោងសាងសង់ គឺជារឿងធំមួយហើយ តែការបាត់បង់ទំនុកចិត្តក្នុងការវិនិយោគ ដោយសារតែការភ័យខ្លាចខាត គឺជារឿងរឹតតែគួរឱ្យព្រួយបារម្ភបំផុត ដែលអ្នកសេដ្ឋកិច្ចមិនចង់ឃើញ។ ពីព្រោះទំនោរនេះ នឹងរុញច្រាលឱ្យមានភាពអសកម្មក្នុងសង្វាក់ចលនាសេដ្ឋកិច្ច ជាលទ្ធផលវានឹងបន្ថែមទម្ងន់ប៉ះពាល់ ឱ្យសេដ្ឋកិច្ចកាន់តែរងគ្រោះធ្ងន់ពីវិបត្តិសេដ្ឋកិច្ចសាកល ហើយនឹងពិបាកងើបឡើងវិញនៅពេលស្ថានភាពវិបត្តិផុតរលត់ទៅ។

ពិបាកងើបឡើងវិញនៅត្រង់ថា ភាពអសកម្មរបស់អ្នកមានលទ្ធភាពវិនិយោគក្នុងគ្រាសេដ្ឋកិច្ចមានវិបត្តិ ជាចលករមួយធ្វើឱ្យចរន្តសេដ្ឋកិច្ចដែលកំពុងប៉ះពាល់ស្រាប់ កាន់តែអសកម្មថែម។ លើសពីនេះ គឺការមិនចេះចាប់ឱកាសក្នុងការប្រែក្លាយគ្រោះទៅជាលាភ។

“មនុស្សជាច្រើនផ្អាកការសាងសង់ ផ្អាកការទិញលក់។ អ្នកមានលុយ ទោះបីគេមិនរកក៏គេមានលុយចាយដែរ។ រួចចុះ អ្នកដើរតាមយើងមានការងារធ្វើអត់? ជាងសម្បូរ កម្មករសម្បូរ គ្រឿងសំណង់ចុះថ្លៃ ហើយពេលយើងសុំច្បាប់អីងាយជាងមុន។ ថ្លៃដើមតិចជាងមុន។ តាម៉ាឆ្នាំទៀត ជំងឺហ្នឹងដោះស្រាយចេញ យើងលក់បានថ្លៃ ចំណេញច្រើន។” ប្រសាសន៍របស់លោកបណ្ឌិត គីម ហ៊ាង។

ជាក់ស្តែងណាស់ វិបត្តិកូវីដ១៩ គឺជាគ្រោះចំពោះយើងទាំងអស់គ្នា តែគ្រោះនោះអាចមានលាភ បើសិនវិនិយោគិនក្នុងស្រុកចេះចាប់ឱកាសនេះ ជួយចូលរួមជាមួយរដ្ឋាភិបាលតាមដែលអាចធ្វើបាន ក្នុងការពង្រឹងរចនាសម្ព័ន្ធសេដ្ឋកិច្ចជាតិឡើងវិញ ខណៈដែលវិនិយោគិនបរទេសកំពុងជាប់ចត្តាឡីស័ក និងខ្លះទៀតកំពុងសម្រាកព្យាបាលរោគកូវីដ១៩នៅស្រុករបស់ខ្លួន។

“បច្ចុប្បន្ននេះ យើងកំពុងតែខ្វះខាតអ្នកសាងសង់ដោយសារតែបរទេសគេពន្យារពេល។ ពេលដែលបរទេសពន្យារពេលមកសាងសង់ស្រុកយើង បើមិនឱ្យអ្នកមានខ្មែរសាងសង់តើឱ្យពីណាគេសាងសង់។”

លាភក្នុងគ្រោះមួយទៀត គឺថា ពេលនេះ ជាពេលដែលអ្នកទិញ មានទឹកមាត់ជាងអ្នកលក់។ និយាយម្យ៉ាងទៀត ពេលនេះ គឺជាពេលគួរទិញ ព្រោះទំនិញមានតម្លៃល្អ ហើយអ្នកទិញមានជម្រើសច្រើនជាងមុន ដែលធ្វើឱ្យអ្នកទិញមានប្រៀបជាងក្នុងការចរចា។ ក្នុងស្ថានភាពនេះ បើយើងមានលុយហើយមិនហ៊ានទិញ នោះយើងនឹងខកឱកាសទិញបានថោក លក់បានថ្លៃឡើងវិញ ក្នុងរយៈពេលពីរបីឆ្នាំទៀត ក្រយវិបត្តិសាកលនេះ នឹងបញ្ចប់ទៅ។

យោងទឡ្ហីករណ៍ខាងលើ យើងនៅតែពិបាកស្មានពីទំហំផលប៉ះពាល់នៃមេរោគកូវីដ១៩ លើសេដ្ឋកិច្ចកម្ពុជាទាំងមូល ដែលនៅតែមិនទាន់ដឹងថាយ៉ាងណានៅពេលដ៏ខ្លីខាងមុខ។ ក៏ប៉ុន្តែ អ្វីដែលយើងអាចឃើញច្បាស់ទាំងអស់គ្នានោះគឺថាសកម្មភាពចូលរួមរបស់យើងម្នាក់ៗ អាចចូលរួមកំណត់អនាគតសេដ្ឋកិច្ចយើងបាន។ យោងតាមអ្នកជំនាញ បន្ថែមលើវិធានការលើកលែងពន្ធប្រថាប់ត្រាសម្រាប់ម្ចាស់អចលនទ្រព្យមានអាជ្ញាបណ្ណ  រដ្ឋាភិបាលគួរមានវិធានការ​ ឬគោលនយោបាយជំរុញវិនិយោគិនក្នុងស្រុកបន្ថែមទៀត។ រីឯ អ្នកវិនិយោគក្នុងស្រុក គួរមានសកម្មភាពវិនិយោគបន្ត តាមដែលអាចទៅរួច ដើម្បីជួយសម្រួលចរន្តសេដ្ឋកិច្ចប្រទេសយើងឱ្យនៅមានចលនាទៅមុខបន្តទៀត។

“… ប៉ុន្តែបើយើងមិនធ្វើអ្វីសោះ យើងអង្គុយចាំតែមើល ហើយយើងអាងថាយើងមានលុយចាយហើយ។ ហើយយើងមិនគិតដល់ប្រជាជនច្រើន មិនគិតដល់ក្រុមកម្មករ បុគ្គលិក ដើរតាមយើងទេ គឺយើងរស់តែឯងហើយ។ ប៉ុន្តែគ្នាអត់មានការងារធើ អត់មានលុយចាយ អាហ្នឹង​គឺជារឿងមួយដែលយើងគួរតែព្រួយបារម្ភ។” អនុសាសន៍ចុងក្រោយ របស់លោកបណ្ឌិត គីម ហ៊ាង៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

គម្រោងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោកតម្លៃជាង ៣០លានដុល្លារ ចាប់ផ្តើមហើយ

គម្រោងសាងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោក ដែលមានតម្លៃជាង ៣០ […]

ជប៉ុនជួយកម្ពុជាសង់អគារមេត្តយ្យសិក្សានៅខេត្តបាត់ដំបង និង កោះកុង

រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ជំនួយឥតសំណងដែលមានថវិកាសរុប […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ក្រសួងបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេសចរណ៍ ជាផ្លូវការហើយ

ក្រសួងទេសចរណ៍ បានបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេ […]

ក្រសួងនឹងបើកការដ្ឋានសង់សាលាជាតិវិជ្ជាជីវៈ តម្លៃជាង ១១លានដុល្លារ ក្នុងខែវិច្ឆិកានេះ

សាលាជាតិវិជ្ជាជីវៈទេសចរណ៍ (VST) ចំនួនពីរទីតាំង នៅភ្នំពេ […]

សមាគមអ្នកសាងសង់ស្នើឱ្យជប៉ុនជួយធ្វើទំនើបកម្មពង្រឹងស្ដង់ដាកិច្ចសន្យាសំណង់នៅកម្ពុជា

សមាគមអ្នកសាងសង់នៅកម្ពុជា​ ឬCCA បានស្នើឱ្យអ្នកជំនាញជប៉ុន […]