មេរៀនកូវីដ១៩ មេដឹកនាំអាស៊ាន ចាប់ផ្តើមនិយាយអំពីហេដ្ឋារចនាសម្ព័ន្ធបៃតង និងឌីជីថលភាវូបនីយកម្មក្នុងតំបន់

តើមេដឹកនាំអាស៊ានបានរៀនសូត្រអ្វីខ្លះពីកូវីដ – ១៩?

មេដឹកនាំកំពូលអាស៊ាន ទើបតែបានជួបប្រជុំគ្នាសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ នៅថ្ងៃទី ២៦ ខែមិថុនាឆ្នាំ ២០២០ តាមរយៈសន្និសីទវីដេអូ ជាមួយតំណាងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន (ASEAN-BAC) ។

កិច្ចប្រជុំនេះ សម្រេចបានសេចក្តីថ្លែងការណ៍រួមមួយក្រោមប្រធានបទ “អាស៊ានប្រកបដោយភាពស្អិតរមួត និងឆ្លើយតបនៅឆ្នាំ ២០២០”។ បរិយាបន្នកម្មទិសដៅអភិវឌ្ឍន៍អាស៊ាន ដែលផ្តោតលើរបៀបវារៈអភិវឌ្ឍន៍កាន់តែទូលំទូលាយ និងគ្រប់ជ្រុងជ្រោយជាងមុននេះ ត្រូវបានគេមើលឃើញថា តិចឬច្រើន ត្រូវបានជំរុញដោយវីរុសកូវីដ១៩។

នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានថ្លែងដោយយកចិត្តទុកដាក់ នៅក្នុងសុន្ទរកថាបើករបស់លោកថា “វា (មេរោគកូវីដ១៩) បានបំផ្លាញជោគជ័យដែលយើងខំប្រឹងធ្វើមកបានប៉ុន្មានឆ្នាំមកហើយ … ដែលគំរាមកំហែងដល់ជីវិតមនុស្សរាប់លាននាក់” ។

ឆ្លងកាត់បទពិសោធន៍កូវីដ១៩ បានប៉ុន្មានខែ មេដឹកនាំអាស៊ាន រៀនសូត្របានមេរៀនសំខាន់ៗ​ ហើយបានស្នើរបៀបវារៈដឹកនាំសហគមន៍អាស៊ាន ក្នុងទិសដៅ ឆ្ពោះទៅរកការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបៃតង ដែលបំពាក់ទៅដោយឌីជីថល និងផ្អែកលើមូលដ្ឋានប្រកបដោយចីរភាព។ ខ្លឹមសារសំខាន់ៗចំនួនបី អាចសង្ខេបចេញពីកិច្ចប្រជុំតាមអនឡាញនេះបាន៖

ប្រទេសថៃស្នើមធ្យោបាយចំនួន ៣ ដើម្បីស្តារសេដ្ឋកិច្ចអាស៊ានក្រោយវិបត្តិកូវីដ

ដោយប្រទេសលោក ទំនងជារងគ្រោះខ្លំាងនឹងគេដែរ លោក ប្រាយុទ្ធ ចាន់ អ៊ូចា នាយករដ្ឋមន្រ្តីថៃបានស្នើដំណោះស្រាយ ៣ សម្រាប់អាស៊ានដើម្បីកាត់បន្ថយហានិភ័យ និងងាកចេញពីវិបត្តិកូវីដ ១៩ ។ ទី១  លោកនាយករដ្ឋមន្រ្តី បានជំរុញឱ្យមានចំណងស្អិតរមួតក្នុងអាស៊ានបន្ថែមទៀត តាមរយៈការពន្លឿនការអនុវត្ត “ផែនការមេស្តីពីការតភ្ជាប់អាស៊ានឆ្នាំ ២០២៥” តាមរយៈការលើកកម្ពស់ការតភ្ជាប់ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបៃតង (Green Infrastructure Development)។

ទី ២ ដើម្បីស្តារសេដ្ឋកិច្ច លោកស្នើឱ្យពង្រឹងកិច្ចសហប្រតិបត្តិការ ដែលលោកហៅថា “អាស៊ានរឹងមាំ” តាមរយៈ “ការពង្រឹងភាពខ្លាំងពីខាងក្នុង” ដោយជំរុញសមាហរណកម្មសេដ្ឋកិច្ច និងពន្លឿនការចុះហត្ថលេខាផែនការ RCEP រួមទាំងការលើកកម្ពស់ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធឌីជីថល។ លោកបានបញ្ជាក់ជាថ្មីថា សេដ្ឋកិច្ចឌីជីថលគឺជាគន្លឹះសំខាន់ ដែលនឹងជួយបង្កើនតម្លៃផលិតផលក្នុងស្រុកសរុបរបស់អាស៊ាន។

ទី៣ លោកនាយករដ្ឋមន្រ្តីបានអំពាវនាវឱ្យអាស៊ានរៀបចំសម្រាប់ការបង្កើតភាពធន់រយៈពេលវែងសម្រាប់ប្រទេសក្នុងតំបន់ ដែលលោកហៅថា “ភាពស៊ាំរបស់អាស៊ាន” ដែលផ្តោតសំខាន់លើការដោះស្រាយបញ្ហាសុខភាព ស្បៀងអាហារ សន្តិសុខមនុស្ស និងបញ្ហាសិទ្ធិមនុស្ស។

ការធ្វើដំណើរបែបពពុះទឹក (Travel Bubble) និងទេសចរណ៍ថ្មីក្នុងអាស៊ាន

ការធ្វើដំណើរបែបពពុះទឹក (Travel Bubble)  ត្រូវបានលើកឡើងដោយប្រមុខដឹកនាំប្រទេសម៉ាឡេស៊ី។ ម៉ាឡេស៊ី បានអំពាវនាវឱ្យមានវិធានការសេដ្ឋកិច្ចប្រកបដោយភាពស្អិតរមួតក្នុងចំណោមបណ្តាប្រទេសសមាជិកអាស៊ាន ដើម្បីកសាងភាពធន់ផ្នែកសេដ្ឋកិច្ចសង្គម តាមរយៈការអនុវត្តវិធានការ ដើម្បីបង្កើត “ការធ្វើដំណើរបែបពពុះទឹក” ។ ធ្វើដំណើរបែបពពុះទឹកមានន័យថា បន្ធូរបន្ថយការរឹតត្បិតការធ្វើដំណើរខ្លះៗ តែក្នុងចំណោមប្រទេសជាសមាជិកអាស៊ាន ដែលព្រមព្រៀងបើកព្រំដែន និងអនុញ្ញាតសម្រាប់តែអ្នកធ្វើដំណើរជាក់លាក់ប៉ុណ្ណោះ។ ធ្វើដូចនេះ ដើម្បី បង្កើតការវិនិយោគ និងបង្កើតឱកាសការងារ។

ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មអន្តរជាតិ (Miti) នៃប្រទេសម៉ាឡេស៊ីបាននិយាយថា “…ជំរុញការធ្វើដំណើរ និងទេសចរណ៍តែក្នុងរង្វង់តំបន់ នឹងជួយពង្រឹងការធ្វើពាណិជ្ជកម្ម និងភាពធន់នៃខ្សែចង្វាក់ផ្គត់ផ្គង់។ នេះ គឺជាគន្លឹះក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ។”

កម្ពុជាលើកឡើងអំពីតួនាទីវិស័យឯកជនក្នុងការចូលរួម

ខ្សែចង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ ក៏ត្រូវបានលើកឡើងដោយនាយករដ្ឋមន្ត្រីកម្ពុជាផងដែរ។ ជាទស្សនៈ ស្តីពីឱកាសដែលកើតចេញពីវិបត្តិកូវីដ -១៩ សម្តេចនាយករដ្ឋមន្រ្តីហ៊ុនសែន បានមានប្រសាសន៍ថា៖

“ដូចដែលបានលើកឡើង អាស៊ានមានឱកាសថ្មី ដើម្បីពង្រឹងខ្សែចង្វាក់ផ្គត់ផ្គង់ក្នុងតំបន់។ ហើយនេះ គឺជាការងារចាំបាច់ដែលខ្ញុំយល់ឃើញថា ការផ្សារភ្ជាប់ខ្សែចង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ នឹងជួយឱ្យអាស៊ាន ឱ្យស្គាល់អំពីសក្តានុពលពេញលេញរបស់ខ្លួន ព្រោះប្រទេសអាស៊ានទាំង ១០ មាន ឧត្តមភាពប្រៀបធៀបខុសគ្នា។”

សម្តេចបានសង្កត់ធ្ងន់ថា “បន្ថែមពីលើនេះ ខ្សែចង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ នឹងជួយឱ្យប្រទេសជាសមាជិកអាស៊ាន អាចផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក និងប្រែក្លាយអាស៊ានឱ្យទៅជាតំបន់ដែលអាចផ្គត់ផ្គង់ខ្លួនឯងបាន” ។

“…ការចូលរួមរបស់វិស័យឯកជន គឺមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍសហគមន៍អាស៊ាន ក៏ដូចជាក្នុងបរិបទនៃ COVID-១៩ ។…រដ្ឋាភិបាលតែម្នាក់ឯង មិនអាចដោះស្រាយរាល់បញ្ហាប្រឈមដែលយើងកំពុងប្រឈមបានទេ។ ដូច្នេះ វិស័យឯកជនត្រូវចូលរួម និងសហការជាមួយរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាប្រឈមដែលកំពុងកើតឡើងនេះ”។

គួរកត់សម្គាល់ថា អាស៊ាន មានប្រជាជនចំនួន ៦៥០ លាននាក់ និងកំពុងទទួលបានភាពជឿនលឿន និងរីកចម្រើន ជាបន្តបន្ទាប់។ សេដ្ឋកិច្ចរបស់តំបន់នេះ ត្រូវបានជាប់ចំណាត់ថ្នាក់សក្តានុពលខ្លាំងក្លាបំផុតលំដាប់ទី ៣ នៅលើពិភពលោក ដោយមានផលិតផលក្នុងស្រុកសរុបមានចំនួន ២,៩៥ ពាន់ពាន់លានដុល្លារ (2.95 trillion) ក្នុងឆ្នាំ ២០១៨។ តាមរយៈវឌ្ឍនភាពទាំងនេះ អាស៊ានត្រូវបានគេទទួលស្គាល់ថាជាតំបន់យុទ្ធសាស្ត្រដ៏សំខាន់មួយ ពីចំណោមប្រទេសមហាអំណាចទាំងឡាយ។

នៅក្នុងឆ្នាំ ២០១៩ ពាណិជ្ជកម្មក្នុងតំបន់អាស៊ាន ឈានដល់ ៦១៩,៦ ពាន់លានដុល្លារអាមេរិកខណៈដែលតម្លៃពាណិជ្ជកម្មសរុបជាមួយដៃគូមិនមែនអាស៊ានផ្សេងទៀត មានតម្លៃប្រមាណ ២,៨ ពាន់ពាន់លានដុល្លារ (2.8 trillion)។ រហូតមកដល់ពេលនេះ ដៃគូពាណិជ្ជកម្មធំបំផុតរបស់អាស៊ានឈរនៅលំដាប់លេខមួយ គឺចិន (១៨,០%) សហរដ្ឋអាមេរិក (១០,៤%) សហគមន៍អ៊ឺរ៉ុប (៨,៧%) និងជប៉ុន (៨,០%)។ បើនិយាយពីការវិនិយោគសហរដ្ឋអាមេរិក គឺជាអ្នកវិនិយោគធំជាងគេ (១៥.២%) ខណៈដែលប្រទេសចិនមានចំណែកវិនិយោគ តែ ៥,៧% នៃ FDI សរុបរបស់តំបន់នេះតែប៉ុណ្ណោះ៕

- Video Advertisement -