បច្ចុប្បន្នសណ្ឋាគារនៅសៀមរាប ១០% បើកដំណើរការប៉ុន្តែមិនមានប្រាក់ចំណេញ
ប្រធានសមាគមសណ្ឋាគារកម្ពុជាខេត្តសៀមរាបបានឱ្យដឹងថា សណ្ឋាគារប្រមាណ ១០% នៅខេត្តសៀមរាបបានដំណើរការហើយ ប៉ុន្តែមិនទទួលបានប្រាក់ចំណេញទេ។ នេះបើយោងតាមប្រធានសមាគមសណ្ឋាគារកម្ពុជាខេត្តសៀមរាប។
លោក ដេវីដ ចាយ៉ា ភីអូត (David Jaya PIOT) ប្រធានសមាគមសណ្ឋាគារកម្ពុជា ខេត្តសៀមរាប បានឱ្យដឹងក្នុងសារព័ត៌មាន AKP ថ្ងៃ ២៧ តុលានេះ ថា៖ «ដោយសារតែវិបត្តិនៃកូវីដ១៩ ធ្វើឱ្យអាជីវកម្មក្នុងវិស័យសណ្ឋាគារត្រូវបានជាប់គាំង។ មានសណ្ឋាគារខ្លះ បានបិទ ខ្លះបានលក់ ដោយសារតែគ្មានភ្ញៀវទេសចរចេញដើរកម្សាន្ត»។
លោកបានបន្តថា បច្ចុប្បន្ននេះ មានសណ្ឋាគារ ប្រមាណ ១០% ប៉ុណ្ណោះ ដែលបានដំណើរការ ដែលសណ្ឋាគារទាំងនោះជាសណ្ឋាគារ ដែលផ្តោតសំខាន់ទៅលើភ្ញៀវទេសចរក្នុងស្រុក ហើយការដំណើរនេះមិនទទួលបានប្រាក់ចំណេញទេ ដោយគ្រាន់តែអាចទប់ទល់ការចំណាយប្រចាំខែ និងសណ្ឋាគារខ្លះក៏ខាតថែមទៀតផង។
គួរបញ្ជាក់ផងដែរថា គិតត្រឹម៤ខែ ដំបូងនៃឆ្នាំ២០២០ ភ្ញៀវទេសចបរទេសមកកម្ពុជា ធ្លាក់ចុះជាង៧០% អាជីវកម្មទេសចរណ៍ជិត ៣០០០ កន្លែងបានផ្អាកដំណើរការ សណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋានជាងសរុប ១០០០ កន្លែងបានបិទទ្វារ ដែលបង្កឱ្យប្រជាជនរាប់ម៉ឺននាក់បាត់បងការងារ។

