សណ្ឋាគារនិងកាស៊ីណូតម្លៃជាង ៦១ លានដុល្លារ នឹងបើកដំណើរការនៅខេត្តព្រះសីហនុដើមឆ្នាំ ២០២២

ក្រុមហ៊ុនបដិសណ្ឋារកិច្ចម៉ាឡេស៊ី WA បានប្រកាសថានឹងបើកដំណើរការសណ្ឋាគារ កាស៊ីណូ និងរីសត លំដាប់ផ្កាយ ៥ តម្លៃ ៦១លានដុល្លារ របស់ខ្លួននៅត្រីមាសទី១ ឆ្នាំ២០២២ ។ នេះបើយោងតាមសារព័ត៌មាន TTG Asia កាលថ្ងៃទី ២២ មេសា កន្លងមកនេះ។

គម្រោងនេះមានឈ្មោះថា Won Majestic Casino Hotel & Resort ដែលទីតាំងនៅឆ្នេរសុខា ទល់មុខសណ្ឋាគារសុខា។ សណ្ឋាគារនេះនឹងមានបន្ទប់សរុបចំនួន ៣៧៣ បន្ទប់ រួមជាមួយនឹងសេវាកម្មផ្សេងៗទៀតដូចជា កាស៊ីណូ បន្ទប់ខារ៉ាអូខេ KTV ភោជនីយដ្ឋាន អាងហែលទឹកលើដំបូល និងបន្ទប់ហាត់ប្រាណជាប់ឆ្នេរជាដើម។

ការប្រកាសវិនិយោគលើគម្រោងនេះ ត្រូវបានធ្វើឡើងតាំងពីឆ្នាំ ២០១៧ មកម្ល៉េះ ដែលជាកិច្ចសហប្រតិបត្តិការរួមរវាងក្រុមហ៊ុន Won Majestic (Cambodia) Co., Ltd និងក្រុមហ៊ុនបដិសណ្ឋារកិច្ចម៉ាឡេស៊ី WA Hospitality។ (អានបន្ថែម)

គម្រោងនេះ ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីខែកុម្ភៈ ឆ្នាំ២០២០ ប៉ុន្តែការសាងសង់បានចាប់ផ្ដើមមុនទទួលបានការអនុម័តទៅទៀត។ យ៉ាងណាក្ដី មកទល់បច្ចុប្បន្ន ក្រុមហ៊ុនមិនបានបញ្ជាក់ថា ដំណើរការការដ្ឋាននៅឡើយទេ។ (អានបន្ថែម)

លោក Ally Bhoonee នាយកប្រតិបត្តិរបស់ WA Hospitality បានប្រាប់ TTG Asia កាលពីឆ្នាំ ២០១៩ ថា៖ «គម្រោងនេះមិនមែនជាសណ្ឋាគារកាស៊ីណូធម្មតានោះទេ ព្រោះថាយើងនឹងអភិវឌ្ឍសណ្ឋាគារនេះឱ្យទៅជាសណ្ឋាគារលំដាប់ផ្កាយ៥ ជាប់ឆ្នេរដ៏ល្អបំផុត។ គោលបំណងនៃការសាងសង់សណ្ឋាគារនេះគឺដើម្បីផ្តល់នូវសេវាកម្មកម្សាន្តដ៏ល្អបំផុត»។

លោកបានបញ្ជាក់បន្ថែមថា សណ្ឋាគារនេះសង្ឈឹមថា ទទួលបានភ្ញៀវប្រមាណ ៨០% នៅឆ្នាំដំបូង។

- Video Advertisement -