ក្រសួងឧស្សាហកម្មបញ្ជាឲ្យផ្អាកការផ្គត់ផ្គង់ទឹកដល់ការដ្ឋានសំណង់ខុសច្បាប់ទាំងអស់

ក្រសួងឧស្សាហកម្ម និងសិប្បកម្មកាលពីថ្ងៃទី ០១ ខែ សីហា បានចេញសេចក្តីណែនាំដល់សមត្ថកិច្ចក្រោមបង្គាប់របស់ខ្លួន ឲ្យផ្អាកការផ្គត់ផ្គង់ទឹកដល់ការដ្ឋានសំណង់ខុសច្បាប់ទាំងអស់ ក្នុងគោលបំណងធានាអាយុជីវិត ទ្រព្យសម្បត្តិ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។
សេចក្តីណែនាំនេះ គឺសំដៅដល់គ្រប់មន្ទីឧស្សាហកម្ម និងសិប្បកម្ម គ្រប់អង្គភាពរដ្ឋាករទឹកចម្រុះក្រសួង និងគ្រប់ប្រតិបត្តិករផ្គត់ផ្គង់ទឹកឯកជន ដែលស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម។

ក្នុងនោះដែរ សមត្ថកិច្ចពាក់ពន្ធ័ខាងលើ ត្រូវសហការជាមួយរដ្ឋបាលក្រសួងដែនដីថ្នាក់មូលដ្ឋានរបស់ខ្លួន មន្ទី និងអង្គភាពជំនាញនានា។

សេចក្តីណែនាំខាងលើបានសរសេរថា៖ «ត្រូវសហការជាមួយរដ្ឋបាលក្រសួងដែនដីថ្នាក់មូលដ្ឋានរបស់ខ្លួន មន្ទី និងអង្គភាពជំនាញ ជាពិសេស ជាមួយមន្ទីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងការផ្អាកការផ្គត់ផ្គង់ទឹកស្អាត ទៅដល់ការរដ្ឋានសំណង់ សណ្ឋាគារ ផ្ទះសំណាក់ អគារស្នាក់នៅរួម សំណង់អគារពាណិជ្ជកម្ម អគាររោងចក្រ សហគ្រាស សិប្បកម្ម អគារសម្រាប់លក់ឬជួលស្នាក់នៅ និងការដ្ឋានសំណង់ដទៃទៀតដែលជាប្រភេទសំណង់ខុសច្បាប់ ឬសាងសង់ខុសបច្ចេកទេស ដែលត្រូវបានកំណត់ដោយស្ថាបន័ ឬអង្គភាពសមត្ថកិច្ចជំនាញ លើកលែងតែប្រភេទសំណង់ផ្ទាល់ខ្លួនរបស់ប្រជាពលរដ្ឋ»។

ការផ្អាកការផ្គត់ផ្អង់ទឹកទៅដល់ការដ្ឋានសំណង់ខុសច្បាប់នេះទៀតសោត គឺនឹងត្រូវលុបចោលលុះត្រាតែមានលិខិតបញ្ជាក់ពីស្ថាបន័ ឬអង្គភាពសមត្ថកិច្ចជំនាញតែប៉ុណ្ណោះ។

- Video Advertisement -