CBRE: ទីផ្សារអចលនទ្រព្យធំៗ ៣ ប្រភេទ អាចនឹងប៉ះពាល់ខ្លាំង ក្រោយការដក EBA

ការដកសិទ្ធិពាណិជ្ជកម្ម EBA ពីកម្ពុជាដោយសហភាពអឺរ៉ុប ដែលរំពឹងថានឹងមានសុពលភាពនៅខែសីហាខាងមុខនេះ អាចនឹងបង្កហានិភ័យដល់វិស័យអចលនទ្រព្យកម្ពុជា ជាពិសេសលើ តម្លៃជួលដីសម្រាប់សាងសង់រោងចក្រ ទីផ្សារលក់រាយ និងការធ្លាក់ចុះនៃកម្ចីទិញអចលនទ្រព្យប្រភេទលំនៅដ្ឋាន។ នេះបើយោងតាមការព្យាករណ៍របស់ភ្នាក់ងារអចលនទ្រព្យ CBRE Cambodia។

ផ្អែកលើរបាយការណ៍ដែលចេញផ្សាយដោយក្រុមហ៊ុន CBRE កម្ពុជាកាលពីខែកុម្ភៈនេះ ការដក EBA អាចបណ្តាលឱ្យមានការផ្លាស់ប្តូរទីតាំងរោងចក្រពីកម្ពុជាទៅប្រទេសផ្សេងៗ ឬអាចនឹងកាត់បន្ថយការវិនិយោគថ្មីៗមកកាន់ប្រទេសកម្ពុជា ដែលវានឹងអាចប៉ះពាល់ដល់វិស័យអចលនទ្រព្យ ២ ករណី។

ចំពោះករណីប៉ះពាល់ស្រាល ការធ្លាក់ចុះនៃការវិនិយោគថ្មីៗ ឬការផ្លាស់ប្តូរទីតាំងរោងចក្រចេញពីប្រទេសកម្ពុជា គឺធ្វើឱ្យតម្លៃទិញឬជួលដីសម្រាប់សាងសង់រោងចក្រឧស្សាហកម្មធ្លាក់ចុះ។ ការធ្លាក់ចុះនៃតម្លៃនេះ គឺបណ្ដាលមកពី ការផ្គត់ផ្គង់លើស តម្រូវការ ដែលជាហេតុធ្វើឱ្យមានដីនៅទំនេរច្រើន។

ទោះយ៉ាងណាក្ដី CBRE រំពឹងថា ការប៉ះពាល់នេះ គឺនឹងមានតិចតួចបំផុត ដោយសារតែនាពេលបច្ចុប្បន្នដីទំនេរ គឺមានត្រឹមតែ ២% ប៉ុណ្ណោះ ។

ដោយឡែក សម្រាប់ករណីដែលធ្ងន់ធ្ងរ ការដក EBA អាចបណ្តាលឱ្យមានការក្ស័យធន ឬភាពគ្មានការងារធ្វើជាច្រើន។ បូកបន្ថែមជាមួយកត្តាផ្សេងទៀតដូចជា ការរាត្បាតនៃមេរោគកូរ៉ណា សង្គ្រាមពាណិជ្ជកម្ម និងបញ្ហាភូមិសាស្ត្រនយោបាយដទៃទៀតនៅជុំវិញពិភពលោក ដែលធ្វើឱ្យកំណើនសេដ្ឋកិច្ចទាំងមូលនៅកម្ពុជាធ្លាក់ចុះក្នុងឆ្នាំ ២០២០ ការដក EBA អាចនឹងបង្កើតហានិភ័យធ្ងន់ដល់វិស័យឧស្សាហកម្ម និងហិរញ្ញវត្ថុ ដែលជៀសមិនផុតនឹងប៉ះពាល់ដល់វិស័យអចលទ្រព្យ។

នៅពេលមនុស្សគ្មានការងារធ្វើ វានឹងកាត់បន្ថយការចំណាយលើផ្នែកសេវាកម្មផ្សេងៗ ជាពិសេសលើផ្នែកលក់រាយ ដែលនឹងជះឥទ្ធិពលអវិជ្ជមានផលទីផ្សារអចលទ្រព្យប្រភេទ Retail។ លើសពីនេះ ការដែលប្រជាជនគ្មានការងារធ្វើ វាក៏អាចនឹងប៉ះពាល់ដល់ការខ្ចីប្រាក់សម្រាប់ទិញអចលនទ្រព្យប្រភេទលំនៅដ្ឋានផងដែរ។

ប៉ុន្តែ របាយការណ៍នេះបានឲ្យដឹងទៀតថា ផលប៉ះពាល់នេះគឺគ្រាន់តែជាការរំពឹងទុក ដែលអាច ឬ មិនអាចកើតឡើង អាស្រ័យលើការសម្រេចចិត្តរបស់សហភាពអឺរ៉ុប ក៏ដូចជាផលប៉ះដែលនឹងកើតឡើងលើសេដ្ឋកិច្ចជាក់ស្ដែង ក្រោយការដក EBA មានសុពលភាព។

ស្រដៀងគ្នានេះដែរ អ្នកវិភាគអចលនទ្រព្យក្នុងស្រុក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Key Estate លោក សន សៀប ក៏បានសំដែងការព្រួយបារម្ភចំពោះហានិភ័យចំពោះវិស័យអចលនទ្រព្យ ដែលបណ្តាលមកពីការដក EBA ផងដែរ ប៉ុន្ដែលោកមិនមានការព្យាករណ៍ច្បាស់លាស់ណាមួយទេ ព្រោះអ្វីៗវានឹងអាស្រ័យលើស្ថានភាពសេដ្ឋកិច្ចជាក់ស្ដែង។

លោក បានមានប្រសាសន៍ថា៖ «នៅដំណាក់កាលនេះ ខ្ញុំមិនអាចព្យាករណ៍ជាក់លាក់បានទេ ថាការដក EBA នឹងប៉ះពាល់វិស័យអចលនទ្រព្យដូម្ដេច។ ប៉ុន្តែ បើការដក EBA ប៉ះពាល់ដល់សេដ្ឋកិច្ចទាំងមូល វិស័យអចលនទ្រព្យក៏នឹងប៉ះពាល់ផងដែរ»។

ទាក់ទងនឹងស្ថានភាពនៃការដក EBA នេះ គណៈកម្មការសហភាពអឺរ៉ុប បានប្រកាសកាលពី ១២ ខែកុម្ភៈ កន្លងមកនេះ ថានឹងដកការអនុគ្រោះពាណិជ្ជកម្ម EBA មួយផ្នែក ពីប្រទេសកម្ពុជា ដែលការផ្លាស់ប្តូរនេះនឹងមានសុពលភាពនៅថ្ងៃទី ១២ ខែសីហា ខាងមុខនេះ បើមិនមានការផ្លាស់ប្ដូរបន្ថែម។

ជាមួយនឹងការសម្រេចចិត្តនេះ ផលិតផលដែលនាំចេញពីប្រទេសកម្ពុជាដូចជាសម្លៀកបំពាក់ ស្បែកជើង និងស្ករស មួយចំនួន ដែលកាលពីមុនមិនជាប់ពន្ធ នឹងត្រូវជាប់ពន្ធ ១២% ។

ប្រសិនបើរឿងនោះកើតឡើងពិតមែនក្នុងខែសីហា ប្រទេសកម្ពុជានឹងបាត់បង់ប្រមាណ ២០% នៃសិទ្ធិអនុគ្រោះ EBA ឬស្មើនឹងប្រមាណ ១,១ ពាន់លានដុល្លារនៃការនាំចេញរបស់កម្ពុជាទៅកាន់សហភាពអឺរ៉ុប។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សន្ទស្សន៍ថ្លៃលំនៅដ្ឋានក្នុងរាជធានីភ្នំពេញ កើនឡើងដល់ ១១៥ភាគរយ ក្នុងខែសីហា 

ក្នុងខែសីហា ឆ្នាំ២០២២នេះ សន្ទស្សន៍ថ្លៃលំនៅដ្ឋាននៅរាជធាន […]

ហេតុអ្វីរដ្ឋផ្ដោតបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធខ្លាំង? ជះឥទ្ធិពលដល់សេដ្ឋកិច្ចដូចម្ដេច?

ការបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធ បង្កប់ន័យជ្ […]

អ្នកជំនាញ៖ អចលនទ្រព្យនឹងស្ទុះមកកម្រិតមុនកូវីដនៅ ៣ ឆ្នាំទៀត​ វិស័យកើនខ្លាំងជាងគេគឺ…

បើទោះជាសេដ្ឋកិច្ចជាតិ និងអន្ដរជាតិ ជួបបញ្ហាពិតមែន តែវិស […]

ឆ្នាំ ២០២៣ គួរវិនិយោគអចលនទ្រព្យប្រភេទអ្វី និងនៅទិសដៅណា? ហេតុអ្វី?

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានឱ្យដឹង ឆ្នាំ២០២៣ ជាឆ្នា […]

CBRE៖ វិស័យអលចនទ្រព្យឆ្នាំ ២០២៣ នឹងមិនទាន់ស្ទុះខ្លាំងទេ ព្រោះតែ…

ទីផ្សារអចលនទ្រព្យនៅកម្ពុជា រំពឹងថានឹងប្រសើរឡើងបន្ដិចបន្ […]

ការដកវិធានការកូវីដ ជះឥទ្ធិពលដល់ទីផ្សារអចលនទ្រព្យតិចតួចណាស់, អ្នកជំនាញថា…

អ្នកជំនាញបានឱ្យដឹងថា ការដកវិធានការកូវីដរបស់រដ្ឋាភិបាលកម […]