ក្រុមហ៊ុន Century 21 ប្រកាសជ្រើសរើសភ្នាក់ងារអចលនទ្រព្យ ៣ ៨០០ នាក់
ក្រុមហ៊ុន Century 21 Zillion Holding បានប្រកាសជ្រើសរើសភ្នាក់ងារអចលនទ្រព្យដែលមានសក្តានុពលចំនួន ៣៨០០នាក់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ខណៈវិស័យអចលនទ្រព្យនៅកម្ពុជាកំពុងមានសន្ទុះកើនឡើងខ្លាំងជាបន្តបន្ទាប់។
ក្រុមហ៊ុនបានថ្លែងឱ្យដឹងដូច្នេះ ក្នុងកម្មវិធីវគ្គបណ្តុះបណ្តាលភាពជោគជ័យសម្រាប់ភ្នាក់ងារអចលទ្រព្យ នៅសណ្ឋាគារភ្នំពេញ (Grand Ballroom) កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងមកនេះ។
លោកស្រី ហ្គ្រែស រចនីហ្វុង អគ្គនាយិការក្រុមហ៊ុន Century 21 Cambodia ដែលជាក្រុមហ៊ុនមេគ្រប់គ្រងសិទ្ធិធ្វើអាជីវកម្មលើម៉ាកយីហោ Century 21 នៅកម្ពុជា បានឱ្យដឹងថា៖ «តម្រូវការដីធ្លីកំពុងមានការកើនឡើងខ្លាំងនៅគ្រប់តំបន់ក្នុងប្រទេសកម្ពុជា ដោយសារកំណើនវិនិយោគពីអ្នកបណ្តាក់ទុនទាំងក្នុង និងក្រៅប្រទេស»។
«កំណើននេះតម្រូវឱ្យក្រុមហ៊ុន Century 21 Zillion Holding ដែលជាម៉ាកយីហោក្រុមហ៊ុនអចលនទ្រព្យមានដើមកំណើតពីអាមេរិក បើកសាខាថ្មីបន្ថែមចំនួន ៣៨ សាខា (១៤ខណ្ឌនៅភ្នំពេញ និង២៤ខេត្ត) ដូច្នេះហើយ គឺយើងត្រូវការជ្រើសរើសភ្នាក់ងារ ៣៨០០នាក់ ទៀត»។
លោកស្រីបានបន្ថែមទៀតថា នេះជាឱកាសដ៏កម្រសម្រាប់ប្អូនៗនិស្សិតដែលជិតបញ្ចប់ការសិក្សា និងអ្នកកំពុងធ្វើការឯករាជ្យក្នុងវិស័យផ្សេងៗទៀត ដើម្បីអភិវឌ្ឍខ្លួន និងកែលម្អជីវភាពរស់នៅ ហើយមានឱកាសពង្រីកបណ្តាញទំនាក់ទំនងបានល្អ តាមរយៈការជួបជាមួយម្ចាស់អចលនទ្រព្យនៅកម្ពុជា និងអ្នកវិនិយោគពីក្រៅប្រទេសដែលជាអ្នកមានធនធានហិរញ្ញវត្ថុ និងចំណេះដឹង។
គួរបញ្ជាក់ផងដែរថា វគ្គបណ្តុះបណ្តាលមានអ្នកចូលរួមសរុបប្រមាណជា ៨០០នាក់ ក៏ដូចជាចូលរួមដោយវាគ្មិនជំនាញល្បីៗជាច្រើនរូបទៀតដូចជា លោកគ្រូ ឃីម សុខហេង ដែលជាស្ថាបនិកវិទ្យាស្ថានសិក្សាដើម្បីភាពជោគជ័យលោក លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុនៅកម្ពុជា និង លោក នាក់ សមសែន នាយកប្រតិបត្តិក្រុមហ៊ុន RENT KH ជាដើម។
នាពេលបច្ចុប្បន្ន ក្រុមហ៊ុនអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាមានចំនួន ១៨០ ក្រុមហ៊ុន ដែលមានភ្នាក់ងារជិតមួយពាន់នាក់ ដែលក្នុងនោះក្រុមហ៊ុន Century 21 Cambodia មានភ្នាក់ងារដល់ទៅ ៥០០ នាក់ ដែលក្រុមហ៊ុនគ្រោងរើសបន្ថែម ៣៨០០នាក់ ទៀត។

កម្រងរូបភាពបន្ថែមចុចទីនេះ
- Video Advertisement -