ក្រុមហ៊ុនចិនបង្លាញពីទីតាំងជាក់លាក់សម្រាប់គម្រោងចំណតរថយន្ត ៣ តម្លៃជាង ១៦០ លានដុល្លារ
ក្រុមហ៊ុន China Good Cars Holding Ltd របស់ប្រទេសចិន កាលពីថ្មីៗនេះ បានឲ្យដឹងថា គម្រោងកសាងចំណតរថយន្តចំនួន៣ តម្លៃជាង ១៦០ លានដុល្លារអាមេវិក នឹងមានទីតាំងស្ថិតនៅ ទី១ តំបន់រង្វង់មូលគួស្រូវជាប់ព្រំប្រទល់ខេត្តកណ្តាល ទី២ តំបន់ផ្លូវជាតិលេខ៦ និងទី៣ កំពុងរកទីតាំងដែលស្ថិតនៅជាយក្រុងភ្នំពេញ។
ក្រុមហ៊ុនបានបង្ហើបពីទីតាំងជាក់លាក់នេះ ក្នុងជំនួបជាមួយនឹងចិន ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី ៣០ មិថុនា កន្លងមកនេះ។ នេះបើយោងតាម វិទ្យុជាតិកម្ពុជា។
តំណាងក្រុមហ៊ុន Good car investment ប្រទេសទេសចិនតាមរយៈលោកស្រីឧកញ៉ា ចាន់ សុទ្ធា បានឲ្យដឹងថា ក្រុមហ៊ុនមានគោលបំណងធំៗ ចំនួន ២ គឺ សាងសង់ចំណតរថយន្ត និងនាំចូលរថយន្តដឹកជញ្ជូនទំនិញ និងដឹកអ្នកដំណើរ មកកាន់រាជធានីភ្នំពេញ។
ជាជំហានដំបូង ក្រុមហ៊ុននឹងវិនិយោគសាងសង់ស្ថានីយចំណតយានយន្តធុនធំ នៅជាយរាជធានីភ្នំពេញជាមុនសិន ដើម្បីរំដោះចរាចរណ៍ ដែលកំពុងប្រឈមបញ្ហាកកស្ទះកាន់តែណែនទៅៗ។ ជំហានបន្ទាប់ ក្រុមហ៊ុននឹងវិនិយោគលើគម្រោងសេវារថយន្តក្រុងសាធារណៈលើបណ្តាញផ្លូវជាតិ ដើម្បីតភ្ជាប់តំបន់កណ្តាលក្រុង ទៅតំបន់ក្រៅក្រុង និងទៅបណ្តាខេត្តនានា ដែលស្ថិតនៅជុំវិញរាជធានីភ្នំពេញ។
ជាការឆ្លើយតប ឯកឧត្តមឃួង ស្រេង អភិ បាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានសម្ដែងនូវសុទិត្ថិនិយម សម្រាប់គម្រោងខាងលើនេះ ព្រោះគឺស្របតាមគោលបំណងរបស់រដ្ឋបាលរាជធានីភ្នំពេញដែលកំពុងតែត្រូវការចំណតរថយន្តបន្ថែម ជាពិសេសតាមចំណុចអទិភាព ។
លើសពីនេះ ឯកឧត្តមអភិបាលក៏បានផ្តល់អនុសាសន៍ថា ក្រុមហ៊ុនគួរតែសិក្សាឲ្យច្បាស់លាស់មុនសម្រេចចិត្តវិនិយោគ ព្រោះកន្លងមកមានក្រុមហ៊ុនច្រើនបានលើកឡើងពីការចង់វិនិយោគបែបនេះ តែមិនទទួលបានលទ្ធផលទេ ដោយសារតែខ្វះការសិក្សាស្វែងយល់ពីចំណង់ចំណូលចិត្ត ទំនៀមទំលាប់របស់ប្រជាពលរដ្ឋខ្មែរ។
គួរបញ្ជាក់ផងដែរ សំណើនេះ ត្រូវបានធ្វើឡើងម្ដងរួចមកហើយ ក្នុងជំនួបរវាងតំណាងក្រុមហ៊ុនជាមួយនឹង ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នៅទីស្តីការក្រសួង កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០។ (អានបន្ថែម)
- Video Advertisement -