រដ្ឋាភិបាលបើកភ្លើងខៀវដំណាក់កាលចុងក្រោយហើយសម្រាប់គម្រោងរោងចក្រថាមពលធ្យូងថ្ម ៧០០MW
រោងចក្រថាមពលធ្យូងថ្ម ៧០០មេហ្គាវ៉ាតនឹងចាប់សាងសង់ជាក់លាក់ ក្នុងពេលឆាប់ៗនេះហើយ ក្រោយទទួលបានភ្លើងខៀវដំណាក់កាលចុងក្រោយ ពោលគឺការបញ្ចប់ការសិក្សាផលប៉ះពាល់បរិស្ថាន។ លើសពីនេះការសាងសង់គ្រោងនឹងបញ្ចប់ ហើយបញ្ចេញថាមពលចូលបណ្តាញជាតិតាមការគ្រោងទុក នៅឆ្នាំ២០២២ ខាងមុខនេះ។
រោងចក្រអគ្គិសនីនេះ ជាការវិនិយោគរួមគ្នា រវាងក្រុមហ៊ុន Cambodia International Investment Development Group (CIIDG) និងក្រុមហ៊ុន China Huadian Hong Kong Company Limited (CHDHK) ក្រោមទឹកប្រាក់ប្រមាណ ១.២ពាន់លានដុល្លារ ហើយនឹងត្រូវសាងសង់នៅលើផ្ទៃដី ៥៤ ហិកតា ស្ថិតនៅស្រុកស្ទឹងហាវ។
គម្រោងវិនិយោគនេះត្រូវបានរដ្ឋាភិបាលអនុញ្ញាតជាគោលការណ៍ នៅឆ្នាំ២០១៣ ហើយអូសបន្លាយរហូតដល់ខែកក្កដា ឆ្នាំ២០១៨ ទើបរដ្ឋាភិបាលបានអនុម័ត ជាប្រភេទគម្រោងសម្បទានអាជីវកម្មក្រោមទម្រង់សាងសង់ប្រតិបត្តិការធ្វើជាម្ចាស់ និងផ្ទេរ ដែលមានរយៈពេល៣៥ឆ្នាំ។
លោក វ៉ិចទ័រ ហ្សូណា អគ្គនាយកផ្នែកថាមពល និងជាអ្នកនាំពាក្យនៃក្រសួងរ៉ែ និងថាមពល បានឲ្យដឹងកាលពីថ្ងៃអង្គារ៍ (៣០មិថុនា) ថាបន្ទាប់ពីទទួលបានការអនុម័តពីរដ្ឋាភិបាលលើគម្រោងវិនិយោគ ក្រុមហ៊ុនអាចស្វែងរកដៃគូសហប្រតិបត្តិការ លើគម្រោង ហើយនៅចុងឆ្នាំ២០១៩ ក្រុមហ៊ុន CIIDG និងក្រុមហ៊ុន CHDHK បានបើកពិធីបញ្ចុះបឋមសិលា នៅស្រុកស្ទឹងហាវ។ (អានបន្ថែម)
ទោះបីបញ្ចុះបឋមសិលារួចហើយក៏ដោយ ការសាងសង់នៅមិនទាន់ចាប់ផ្ដើមនៅឡើយទេ ព្រោះត្រូវរងចាំលទ្ធផលការសិក្សាប៉ះពាល់បរិស្ថាន។ បើយោងតាមរដ្ឋបាលខេត្តព្រះសីហនុ ការសិក្សាផលប៉ះពាល់នេះបានបញ្ចប់ហើយ ដោយក្រុមហ៊ុនបានធ្វើការបង្ហាញរបាយការណ៍លម្អិតស្តីពីការសិក្សាផលប៉ះពាល់សង្គម និងបរិស្ថាន កាលពីដើមសប្តាហ៍នេះ។
លោក វ៉ិចទ័ ហ្សូណា បញ្ជាក់ថា ទោះបីក្រុមហ៊ុនទើបតែបញ្ចប់ការសិក្សាផលប៉ះពាល់ យ៉ាងណាក្តី ដំណើរការសាងសង់នឹងបញ្ចប់តាមការគ្រោងទុក និងចាប់ផ្តើមបញ្ចេញថាមពលនៅចុងឆ្នាំ២០២២។
លោកថ្លែងថា៖ “តាមផែនការ គម្រោងនេះចែកជា ២ ដំណាក់កាល ដោយដំណាក់កាលទី១ ថាមពលអនុភាព ៣៥០មេហ្គាវ៉ា នឹងបញ្ចេញភ្ជាប់ចូលបណ្តាញជាតិ នៅឆ្នាំ២០២២ និង៣៥០មេហ្គាវ៉ាតទៀត ក្នុងដំណាក់កាលទី២ នឹងធ្វើឡើងនៅឆ្នាំ២០២៣”។
ជាមួយគ្នានេះដែរ លោក ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ ក៏បានស្វាគមន៍ចំពោះលទ្ធផលសិក្សាគម្រោងអគ្គិសនីនេះ ដោយ បញ្ជាក់ថាគម្រោងរោងចក្រផលិតអគ្គិសនីធ្យូងថ្មកម្លាំង ២x៣៥០មេហ្គាវ៉ាត់ ផ្តល់ផលប្រយោជន៍មានដូចជា ផ្តល់ការងារជូនប្រជាពលរដ្ឋ និងកាត់បន្ថយការនាំចូលអគ្គិសនីពី ប្រទេសជិតខាង ។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នខេត្តព្រះសីហនុ មានរោងចក្រអគ្គិសនីធ្យូងថ្មចំនួន ៤ រោងចក្រ វិនិយោគដោយក្រុមហ៊ុនចំនួន ២។ ក្រុមហ៊ុន Cambodia Energy Limited វិនិយោគ ២រោងចក្រ គឺរោងចក្រCEL I និងរោងចក្រCEL II អនុភាពសរុប ២៣៥មេហ្គាវ៉ាត និងក្រុមហ៊ុន CIIDG វិនិយោគ ៤ រោងចក្រ គឺរោងចក្រ CIIDG I និង រោងចក្រCIIDG II មានអនុភាពសរុប ៣៧៧មេហ្គាវ៉ាត៕
- Video Advertisement -