រដ្ឋាភិបាលនឹងរឹតបន្តឹងការគ្រប់គ្រងរ៉ែសំណង់ប្រើប្រាស់ក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធរដ្ឋ

រដ្ឋាភិបាលចាប់ផ្តើមផ្តោត និងរឹតបន្តឹងលើការគ្រប់គ្រងប្រតិបត្តិការរ៉ែសំណង់ ជាពិសេសពង្រឹងការប្រមូលចំណូលសួយសារពីការប្រើប្រាស់រ៉ែសំណង់ សម្រាប់ការសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធរដ្ឋ ឱ្យមានប្រសិទ្ធភាពជាងមុន។ នេះបើយោងតាមប្រកាសអន្តរក្រសួងដែលចេញផ្សាយកាលពីថ្ងៃទី១ ខែកក្កដា កន្លងមកនេះ។

ប្រកាសនេះ ចុះហត្ថលេខាដោយឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តីសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីយងក្រសួងរ៉ែ និងថាមពល ហើយមានវិសាលភាពគ្របដណ្តប់លើរាល់ប្រតិបត្តិការធនធានរ៉ែសំណង់ ដែលប្រើប្រាស់សម្រាប់ផ្គត់ផ្គង់ឱ្យគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋទាំងអស់នៅទូទាំងប្រទេស។

គម្រោងទាំងនោះរួមមាន គម្រោងសាងសង់ផ្លូវ ស្ពាន ទំនប់ធារាសាស្ត្រ ស្ថានីយវារីអគ្គិសនី និងគម្រោងហេដ្ឋារចនាសម្ព័ន្ធប្រហាក់ប្រហែលដទៃទៀត។ ចំណែកឯធនធានរ៉ែសំណង់ដែលប្រើប្រាស់សម្រាប់ផ្គត់ផ្គង់ ឱ្យគម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋ ក៏មានដូចជា ក្រួស ថ្ម ខ្សាច់ ឡាតេរីត អាចម៍ដី ជាដើម។

លោក យស មុន្នីរ៉ាត់ អគ្គនាយកផ្នែករ៉ែ នៃក្រសួងរ៉ែ និងថាមពល បានប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យនៅថ្ងៃទី៦ កក្កដានេះថា ប្រកាសនេះធ្វើឡើងដើម្បីបង្ហាញ និងគ្រប់គ្រងទិន្នន័យនៃការប្រើប្រាស់ធនធានរ៉ែសំណង់សម្រាប់គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋ និងចំណូលដែលរដ្ឋត្រូវបង់សួយសារជំនួស លើគម្រោងរបស់រដ្ឋឱ្យមានគណនេយ្យភាព និងប្រសិទ្ធភាពជាមុន។

លោកថ្លែងថា៖ “តាមរយៈប្រកាសនេះយើងចង់បង្ហាញទិន្នន័យលើការប្រមូលចំណូលសួយសារពីធនធានរ៉ែសំណង់ ដើម្បីញែកឲ្យដាច់រវាងធនធានរ៉ែប្រើសម្រាប់គម្រោងរបស់រដ្ឋ និងសម្រាប់គម្រោងឯកជន និងដើម្បីគ្រប់គ្រង់ការប្រមូលចំណូលសួយសារមានប្រសិទ្ធភាព”។

លោកបញ្ជាក់ថា ការប្រើប្រាស់ធនធានរ៉ែសំណង់សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋ គឺរដ្ឋជាអ្នកទទួលបន្ទុកបង់សួយសារជំនួស ចំណែកធនធានរ៉ែប្រើសម្រាប់គម្រោងឯកជន ត្រូវបង់សួយសារទៅរដ្ឋ ស្របតាមច្បាប់ជាធរមាន។

បើតាមលោក យស មុន្នីរ៉ាត់ គម្រោងទាំងនោះដែលរដ្ឋជាអ្នកបង់សួយសារជំនួស គឺអនុវត្តភាគច្រើនដោយក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសាធារណការ និងដឹកជញ្ជូន និងគម្រោងជំនួយពីដៃគូអភិវឌ្ឍន៍ដូចជា ធនាគារអភិវឌ្ឍន៍អាស៊ី ជាដើម។

បើតាមប្រភពដដែល បច្ចុប្បននេះ អង្គភាពចុះបញ្ជីទទួលអាជ្ញាប័ណ្ណធនធានរ៉ែសំណង់ ប្រមាណជាង ៣០០សហគ្រាស ពីក្រសួងរ៉ែ និងថាមពល ដោយមិនទាន់រាប់បញ្ចូលសហគ្រាសតូចៗដែលទទួលបានអាជ្ញាប័ណ្ណពីមន្ទីរតាមបណ្តាខេត្ត។

យោងតាមប្រកាសនេះ អង្គភាពអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋ ទោះជាអង្គភាពរដ្ឋ ឬឯកជនក្តី ដែលយកធនធានរ៉ែសំណង់មកប្រើប្រាស់ដោយផ្ទាល់ ហើយសម្រាប់ការសាងសង់ត្រូវមានអាជ្ញាប័ណ្ណធនធានរ៉ែស្របតាមច្បាប់ស្ដីពីការគ្រប់គ្រង។ លើសពីនេះ ការធ្វើអាជីវកម្មធនធានរ៉ែ នឹងត្រូវធ្វើការប្រកាសសួយសារនិងបង់ចំណូលសួយសារលើតម្លៃធនធានរ៉ែ ជូនរដ្ឋស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

គួរបញ្ជាក់ផងដែរថា ប្រភពដដែលក៏បានឱ្យដឹងថា កម្ពុជាទទួលបានចំណូលមិនមែនសារពើពន្ធពីវិស័យរ៉ែប្រមាណ ២១ លានដុល្លារកាលពីឆ្នាំ ២០១៩ កើន ៥ ភាគរយធៀបនឹងឆ្នាំ២០១៨៕

- Video Advertisement -