ខេត្តរតនគីរីបានតភ្ជាប់ចូលបណ្តាញអគ្គិសនីជាតិជាស្ថាពរហើយ

ខេត្តរតនគីរី បានតភ្ជាប់ចូលបណ្តាញអគ្គិសនីជាតិជាស្ថាពរហើយ ដោយប្រើប្រាស់ប្រភពអគ្គិសនីពីស្ថានីយ៍វារីអគ្គិសនីសេសានក្រោម២ តាមខ្សែបញ្ជូនតង់ស្យុងខ្ពស់ ២៣០គីឡូវ៉ុល។ ការតភ្ជាប់នេះនឹងជួយឲ្យភាគឥសានប្រទេសកម្ពុជា មានស្ថេរភាពផ្គត់ផ្គង់ថាមពល អំណោយផលដល់សេដ្ឋកិច្ច និងសង្គម យ៉ាងច្រើននាពេលខាងមុខ។

អគ្គិសនីកម្ពុជាបានបើកដំណើរការផ្លូវការ ខ្សែបញ្ជូនតង់ស្យុងខ្ពស់២៣០គីឡូវ៉ុល ប្រវែង១០២គីឡូម៉ែត្រពីស្ថានីយវារីអគ្គិសនីសេសានក្រោម២នៅក្នុងខេត្តស្ទឹងត្រែង និងអនុស្ថានីយ៍ថ្មី ២៣០គីឡូវ៉ុល នៅខេត្តរតនគីរីកាលពីចុងសប្តាហ៍មុនកន្លងទៅ ធ្វើឲ្យខេត្តរតនគីរី បានតភ្ជាប់ចូលបណ្តាញជាតិ។

លោក វ៉ិចទ័រ ហ្សូណា អគ្គនាយកផ្នែកថាមពល និងជាអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល បានថ្លែងប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ នៅថ្ងៃទី៨ កក្កដានេះថា ការតភ្ជាប់ចូលបណ្តាញជាតិនេះ នឹងធ្វើឲ្យខេត្តរតនគីរី មានស្ថេរភាពក្នុងការប្រើប្រាស់ថាមពល តាមរយៈបណ្តាញជាតិ។

លោកថ្លែងថា៖ “តាមរយៈសមិទ្ធិផលថ្មីនេះ ខេត្តរតនគីរី នឹងមានសកម្មភាពសេដ្ឋកិច្ចនានាបន្ថែមទៀត ផ្តល់ការងារធ្វើជូនបងប្អូនប្រជាពលរដ្ឋ ព្រោះថាខេត្តរតនាគីរី ជាខេត្តជាប់ព្រំដែន ហើយតម្រូវការប្រើប្រាស់ថាមពលនឹងកើនឡើងនៅពេលខាងមុខ”។

កន្លងមក ខេត្តរតនគីរី បានប្រើថាមពលបញ្ជូនពីប្រទេសវៀតណាមតាមរយៈខ្សែបញ្ជូន តង់ស្យុងមធ្យម ៣៥គីឡូវ៉ុល និង២២គីឡូវ៉ុល ពីអគ្គិសនីសេសានក្រោម២ ដែលធ្វើឲ្យការផ្គត់ផ្គង់ថាមពលមិនមានស្ថេរភាព។

លោកបញ្ជាក់ថា ការនាំចូលថាមពលពីប្រទេសវៀតណាមសម្រាប់ខេត្តរតនគីរី នៅតែបន្តនាំចូល ប៉ុន្តែនឹងបរិមាណនាំចូលនឹងថយចុះ បន្តិចម្តងៗនៅពេលខាងមុខ។

លោកថ្លែងបញ្ជាក់ថា៖ “នៅពេលតម្រូវការអគ្គិសនីខេត្តរតនគីរីកើនឡើង ខ្សែបញ្ជូនតង់ស្យុងខ្ពស់ថ្មីមួយនេះ គឺនឹងអាចបញ្ជូនថាមពល កម្លាំងពី១០០មេហ្គាវ៉ាត ទៅ ២០០មេហ្គាវ៉ាត ដើម្បីឆ្លើយតបទៅនឹងតម្រូវការ”។

បើតាមលោកមន្រ្តីអ្នកនាំពាក្យដដែល ក្រុមការងារអគ្គិសនីកម្ពុជា ក៏កំពុងបន្តការងារសាងសង់ខ្សែបញ្ជូនតង់ស្យុងឆ្ពោះទៅកាន់ខេត្តមណ្ឌលគិរីបន្ថែមទៀត យ៉ាងមមាញឹក៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]