វិភាគ៖ វិបត្តិកូវីដនឹងធ្វើឲ្យអ្នករកស៊ីដីវណ្ណករ និងវិស័យធនាគារដួលរលំ តើពិតឬទេ?

ធនាគារជាតិនៃកម្ពុជា សមាគមមីក្រ៉ូហិរញ្ញវត្ថុកម្ពុជា ក៏ដូចជាស្ថាប័នពាក់ព័ន្ធ បានច្រានចោលការលើកឡើងថា វិបត្តិកូវីដ-១៩ អាចនឹងធ្វើឲ្យធនាគារនៅកម្ពុជាមួយចំនួនធំដួលរលំ ដោយគូសបញ្ជាក់ថា ទោះបីជាមេរោគកូវីដ-១៩ ជះឥទ្ធិពលដល់សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរក្ដី ប៉ុន្តែលទ្ធភាពនៃការដួលរលំនៃវិស័យធនាគារ គឺនៅទាប។ នេះគឺដោយសារតែ វិស័យហិរញ្ញវត្ថុនៅកម្ពុជានៅមានភាពរឹងមាំ ចំនួនអ្នកគ្មានលទ្ធភាពសងបំណុលគឺនៅទាប និងជាពិសេសតម្លៃទ្រព្យតម្កល់ ដែលភាគច្រើនជាអចលនទ្រព្យ នៅមិនទាន់ធ្លាក់ថ្លៃខ្លាំងនោះទេ។

កាលពីថ្មីៗនេះ មានមតិមួយចំនួន បានលើកឡើងថា វិបត្តិសេដ្ឋកិច្ចដែលបង្កដោយជំងឺកូវីដ-១៩ អាចនឹងធ្វើឲ្យធនាគារនៅកម្ពុជាមួយចំនួនធំដួលរលំ។ ប្រភពដដែលបានបន្តថា មានកូនបំណុលតូចៗ ជិត ៣ លាននាក់ មិនអាចសងបំណុលរបស់ខ្លួនបានទេ ហើយអតិថិជនដែលផ្ញើលុយនៅធនាគារ ក៏កំពុងភ័យស្លន់ស្លោ ព្រោះមិនអាចដកលុយបាន ដោយសារតែធនាគារខ្វះសាច់ប្រាក់។ លើសពីនេះ អ្នករកស៊ីលក់ដូរដីធ្លីធំៗ បានខ្ចីលុយពីធនាគារយ៉ាងសន្ធឹកសន្ធាប់មកទិញដី តែពេលនេះពួកគេក៏មិនអាចសងបំណុលបានទេ។

ឆ្លើយតបទៅនឹងបញ្ហានេះ ឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាលធនាគារអភិបាលនៃធនាគារជាតិនៃកម្ពុជា បានថ្លែងកាលពីថ្មីៗនេះ ថា៖ «ទោះបីការរីករាលដាលនៃជំងឺកូវីដ១៩ បានបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់កំណើនសេដ្ឋកិច្ចក្ដី វិស័យធនាគារនៅតែមានការរីកចម្រើនរឹងមាំ និងបានចូលរួមចំណែកយ៉ាងសកម្មក្នុងការផ្តល់សាច់ប្រាក់ដល់សេដ្ឋកិច្ច»។

បើយោងតាមរបាយការណ៍ប្រចាំឆមាសទី ១ នៃធនាគារជាតិនៃកម្ពុជា ក្នុង ៦ខែ ដំបូងនៃ ឆ្នាំ ២០២០ ទ្រព្យសកម្មរបស់ប្រព័ន្ធធនាគារមានកំណើន ១៧,៤% ដល់ ៥៤,១ ប៊ីលានដុល្លារអាមេរិក។ ឥណទានអតិថិជនកើន ១៩,៦% ឬកើនដល់ ៣៤,៤ ប៊ីលានដុល្លារ ហើយប្រាក់បញ្ញើអតិថិជនមានកំណើន ១២,៣% ឬកើនដល់ ៣០,៥ ប៊ីលានដុល្លារ និងដើមទុនមានកំណើន ១០,៨% ដល់ ៦ ប៊ីលាន ដុល្លារអាមេរិក។ ដែរនេះជាសញ្ញាសបញ្ជាក់ថាវិស័យធនាគារនៅតែរឹងមាំ។ (អានបន្ថែម)

តួយ៉ាងដូចជា ធនាគារ ABA ក្នុងត្រីមាសទី ១ នៃឆ្នាំ ២០២០ នៅតែដំណើរការបានល្អ ដោយឃើញថាទ្រព្យសកម្មនៃធនាគារនេះ បានកើន ៥,៧ ភាគរយ បើប្រៀបធៀបទៅនឹងត្រីមាសដូចគ្នានៃឆ្នាំ ២០១៩។ នេះបើយោងការឲ្យដឹងរបស់លោក Yves Jacquot ប្រធានធនាគារ ABA ក្នុងកាសែតភ្នំពេញប៉ុស្តិ៍។

ប្រភពដដែល បានឲ្យដឹងថាការចំនួនទឹកប្រាក់បញ្ញើរបស់ ABA បានកើនឡើងដល់ ៣,៥ ពាន់លានដុល្លារ ក្នុងត្រីមាសទី១ ខណៈចំនួនទឹកប្រាក់កម្ចីសរុបគឺមានប្រមាណ ៣ ពាន់លានដុល្លារអាមេរិក។ លើសពីនេះ ធនាគារ ABA ទទួលបានប្រាក់ចំណេញសុទ្ធប្រមាណ ៣៣,៥ លានដុល្លារនៅក្នុងត្រីមាសទី ១ ដែលបង្ហាញពីជំហរយ៉ាងរឹងមាំរបស់ធនាគារនេះនៅក្នុងទីផ្សារហិរញ្ញវត្ថុនៅកម្ពុជា។

រីឯធនាគារកាណាឌីយ៉ា ក៏ជាឧទាហរណ៍មួយទៀតដែលបង្ហាញថាវិស័យធនាគារនៅកម្ពុជានៅតែរឹងមាំ។ យោងតាមនាយកប្រតិបត្តិធនាគារកាណាឌីយ៉ាគឺលោក Raymond Sia Say Guan បានឲ្យដឹងថា ធនាគារកាណាឌីយ៉ាគឺដំណើរការបានល្អ ទោះបីមានវិបត្តិកូវីដក៏ដោយ។ តារាងតុល្យការប្រចាំឆ្នាំចុងក្រោយបង្ហាញថា ទឹកប្រាក់កម្ចីសរុបមានចំនួន ៣,៩ ពាន់លានដុល្លារអាមេរិក ហើយប្រាក់បញ្ញើសរុបមានចំនួន ៥,៣ ពាន់លានដុល្លារ ដែលច្រើនជាងប្រាក់កម្ចីជិតទ្វេដង។ តួរលេខនេះធ្វើឱ្យធនាគារកាណាឌីយ៉ាក្លាយជាធនាគារធំបំផុតបើវាស់លើតារាងតុល្យការក្នុងឆ្នាំ ២០១៩ ។ ទន្ទឹមនឹងនេះ ប្រាក់ចំណេញសុទ្ធរបស់ធនាគារនេះក្នុងឆ្នាំ ២០១៩ គឺមានដល់ទៅ ១២២ លានដុល្លារអាមេរិក។ ដូចច្នេះឱកាសដែលនឹងដួលរលំគឺទាបណាស់។

លោក Guan ក៏បានបដិសេធពាក្យចចាមអារាមទាក់ទងនឹងបញ្ហាកង្វះខាតសាច់ប្រាក់ ដោយបកស្រាយថាធនាគារកាណាឌីយ៉ា បាននិងកំពុងគ្រប់គ្រងស្ថានការណ៍យ៉ាងសកម្ម ដើម្បីធានាថាមានដើមទុន និងសាច់ប្រាក់គ្រប់គ្រាន់ ទោះបីជាមានវិបត្តិកូវីដក៏ដោយ។

ទាក់ទិននឹងពាក្យចចាមអារាមដដែលនេះ លោក គា បូរាណ ប្រធានក្រុមប្រឹក្សាភិបាលសមាគម មីក្រូហិរញ្ញវត្ថុកម្ពុជា ក៏បានឲ្យដឹងថា៖ «ដូចដែលយើងបានដឹង កូវីដ១៩ ប៉ះពាល់ស្ទើវិស័យគ្រប់វិស័យ អច្ចឹងវិស័យធនាគារ គឺត្រូវតែមានបញ្ហាខ្លះហើយ តែគឺមិនថមថយច្រើនដល់ថ្នាក់ថាវិស័យធនាគារនឹងដួលរលំនោះទេ។ ឃើញថា ធនាគារនៅតែដំណើរការធម្មតា ហើយនៅតែបញ្ចេញឥណទាន»។

លោកបានបន្តទៀតថា ៖ «វិស័យធនាគារនៅកម្ពុជាគឺមានភាពរឹងមាំ ដោយសារតែ ទី១ ធនាគារនីមួយៗ គឺធ្វើការដោយប្រុងប្រយ័ត្នណាស់ ទី២ ធនាគារនៅកម្ពុជា គឺមានចលនាសាច់ប្រាក់ធំ ហើយមួយវិញទៀត ភាពជឿជាក់របស់អតិថិជនលើវិស័យធនាគារក៏នៅខ្ពស់ដែរ»។

លើសពីនេះ លោក បូរាណ ក៏បានបដិសេដថា តួរលេខ កូនបំណុលតូចៗ ជិត ៣ លាននាក់ ដែលមិនអាចសងបំណុលរបស់ខ្លួនបាន គឺមិនពិតនោះទេ ព្រោះថាអ្នកជាប់កម្ចីជាមួយស្ថាប័នមីក្រូហិរញ្ញវត្ថុទាំងអស់នៅកម្ពុជា គឺមានតែជាង ២ លាននាក់ប៉ុណ្ណោះ ហើយបើរាប់អ្នកខ្ចីលុយនៅស្រុកខ្មែរទាំងមូល គឺមានតែជាង ៣ លាននាក់ប៉ុណ្ណោះ។

«អ្នកខ្ចីលុយនៅស្រុកខ្មែរទាំងមូល គឺមានតែជាង ៣ លាននាក់ទេ ហើយបើនិយាយថា ៣ លាននាក់អត់មានលុយសង គឺមិនត្រឹមត្រូវទេ គឺខុសឆ្ងាយណាស់»។

លោកបានបញ្ជាក់ទៀតថា ចំនួនកូនបំណុលដែលរងផលប៉ះពាល់ដោយវិបត្តិកូវីដមកដល់បច្ចុប្បន្នមានត្រឹមតែប្រមាណ ១០ ភាគរយ នៃចំនួនអ្នកខ្ចីទាំងអស់នោះទេ ឬស្មើនឹងប្រមាណជាង ១០ ម៉ឺននាក់ ប៉ុណ្ណោះ ដែលតួរលេខនេះ គឺនៅទាបណាស់បើធៀបនឹងចំនួនកូនបំណុលសរុបរបស់ស្ថាប័នមីក្រូហិរញ្ញវត្ថុទាំងអស់នៅកម្ពុជា។

«ក្នុង ១០ ភាគរយនេះ គឺមិនមែនគាត់មិនសងនោះទេ គឺគាត់សុំពន្យារពេលសង ឬ restructure loan ដោយគាត់សងត្រឹមតែការប្រាក់តែប៉ុណ្ណោះ ដែលនេះគឺមិនមែនជាបញ្ហាធំអ្វីទេ» លោក បូរាណបានបន្ត។

ជាមួយគ្នានេះដែរ លោក បូរាណ ក៏បានលើកឡើងថា សេដ្ឋកិច្ចកម្ពុជាគឺកំពុងងើបឡើងវិញបណ្ដើរៗហើយ ជាពិសេសសេដ្ឋកិច្ចក្នុងស្រុក ដែលជាសញ្ញាណវិជ្ជមានសម្រាប់គ្រប់វិស័យ ដូចជាវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុជាដើម។

«ជាទូទៅ មីក្រូហិរញ្ញវត្ថុ គឺឲ្យកម្ចីទៅប្រជាជនក្នុងស្រុកដូចជា អ្នករត់តុកៗ និងអ្នកលក់ដូរជាដើម ឃើញថាបច្ចុប្បន្នសេដ្ឋកិច្ចក្នុងស្រុកងើបឡើងវិញហើយ ដូចច្នេះប្រជាជនក្នុងស្រុកគិតថានឹងងើបឡើងបណ្ដើរៗហើយ អញ្ចឹងវិស័យមីក្រូហិរញ្ញវត្ថុក៏ងើបដូចគ្នាដែរ »។

ក្រៅពីសមាគមមីក្រ៉ូហិរញ្ញវត្ថុកម្ពុជា បើវិភាគលើគោលនយោបាយគ្រប់គ្រងហិរញ្ញវត្ថុ ឬ Monetary Policy របស់កម្ពុជា ឃើញថាធនាគារជាតិនៃកម្ពុជា បានដាក់ចេញនូវគោលការណ៍ម៉ត់ហ្មត់ តឹងរឹង និងប្រុងប្រយ័ត្នណាស់ទាក់ទងនឹង សមាមាត្រប្រាក់តម្កល់និង ប្រាក់កម្ចីរបស់ធនាគារពាណិជ្ជកម្មនីមួយៗ ដូចច្នេះ ករណីដែលថាធនាគារខ្វះសាច់ប្រាក់ អតិថិជនដែលផ្ញើលុយនៅធនាគារ ក៏កំពុងភ័យស្លន់ស្លោ ព្រោះមិនអាចដកលុយបាន គឺមានឱកាសទាបណាស់។

ឧទាហរណ៍ដូចជា ប្រកាសស្តីពី ការកំណត់ទ្រនាប់ដើមទុនរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ  ២២ កុម្ភៈ ២០១៨ បានចែងពីសមាមាត្រភាគរយ រវាងទ្រនាប់ដើមទុនខនស៊ើវេសិន (Capital Conservation Buffer) ក៏ដូចជាទ្រនាប់ដើមទុនខោនធើស៊ីឃ្លីខល (Countercyclical Capital Buffer) ទៅទ្រព្យសកម្មដែលបានថ្លឹងតាមកម្រិតហានិភ័យ យ៉ាងច្បាស់លាស់។ គោលនយោបាយនេះគឺដាក់ចេញដោយ យើងទទួលបានមេរៀនពីវិបត្តិហិរញ្ញវត្ថុឆ្នាំ ២០០៨ ដូច្នេះគឺមានឱកាសទាបណាស់ ដែលប្រវត្តិសាស្រ្ដច្រំដែល ហើយធនាគារខ្វះសាច់ប្រាក់។

បើវិភាគឲ្យងាយយល់គឺ ធនាគារនីមួយៗគឺតម្រូវឲ្យមានដើមទុនគ្រប់គ្រាន់ ដើម្បីធានាថាអាចទប់ទល់នឹងការធ្លាក់ចុះនៃដើមទុននៅពេលមានការខាតបង់ ក៏ដូចជាដើម្បីបំពេញការខាតបង់នានា ពេលឥណទាន មានកំណើនលើសលុបដែលអាចបណ្តាលឲ្យមានហានិភ័យជាប្រព័ន្ធ។

លើសពីនេះ ដើម្បីឆ្លើយតបនឹងវិបត្តិកូវីដរាជរដ្ឋាភិបាល និងធនគារជាតិ ក៏បានដាក់ចេញនូវគោលនយោបាយជាច្រើនដើម្បីជួយជំរុញសេដ្ឋកិច្ច ដូចជា កញ្ចប់ថវិកា ២ ប៊ីលានដុល្លារ ការពន្យាពេលរក្សាទ្រនាប់ដើមទុនខនស៊ើវេសិន និងការបន្ថយការប្រាក់ផ្សេងៗជាដើម។

ទន្ទឹមគ្នានេះដែរ បើវិភាគលើគោលនយោបាយឥណទាន បើកូនបំណុលមិនមានលទ្ធភាពសងពិតមែន ធនគារនឹងរឹបអូសទ្រព្យតម្កល់ដែលភាគច្រើនជាអចលទ្រព្យ ហើយយកទៅលក់ដើម្បីទទួលបានសាច់ប្រាក់មកវិញ។ បើពិតតាមមតិខាងលើ លើកឡើងពិតមែន ដែលថា អ្នករកស៊ីលក់ដូរដីធ្លីធំៗ បានខ្ចីលុយពីធនាគារយ៉ាងសន្ធឹកសន្ធាប់ តែពេលនេះពួកគេក៏មិនអាចសងបំណុលបានទេ យើងនឹងឃើញថាមានអចលទ្រព្យលក់បញ្ចុះតម្លៃច្រើនហើយ (ព្រោះធនគារឲ្យកម្ចីត្រឹមតែ ៧០ ភាគរយនៃទ្រព្យតម្កល់ប៉ុណ្ណោះ)។ ប៉ុន្តែ បច្ចុប្បន្នគឺពុំទាន់ឃើញនៅឡើយទេ ដែលបង្ហាញថាវិស័យធនាគារនៅរឹងមាំ។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុនៅកម្ពុជា ក៏បានបញ្ជាក់ផងដែរថា រឿងនេះចៀសមិនផុតពីវិបត្តិកូវីដទេគឺវានឹងជះឥទ្ធិពលលើវិស័យអចលនទ្រព្យ ជាពិសេសការវិនិយោគពីបរទេស ប៉ុន្តែសម្រាប់អ្នកអភិវឌ្ឍក្នុងស្រុកឃើញថាគឺ នៅតែមានសកម្មភាព ហើយឃើញថាមិនទាន់មានអចលនទ្រព្យលក់ឡៃឡុងទេ។

ជាមួយគ្នានេះដែរ កាលពីថ្មីនេះ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៏ថា វិស័យសំណង់ និងអចលនទ្រព្យ គឺនៅតែរឹងមាំ។

សម្តេច បានឲ្យដឹងថា ក្រុមហ៊ុនធំៗ ដូចជាក្រុមហ៊ុនប៉េង ហ៊ួត ក្រុមហ៊ុនជីប ម៉ុង កំពុងតែបើកការដ្ឋានសាងសង់ទាំងអស់ អភិវឌ្ឍន៍សាងសង់យ៉ាងម៉េច នៅតែសាងសង់ដដែល… ការលក់គម្រោងលំនៅឋាននានា នៅតែមាន គ្រាន់តែមានចំនួនតិចជាងមុនបន្តិច ដែលនេះ បានឆ្លុះបញ្ចាំងថាប្រជាជនខ្មែរនៅមានលទ្ធភាពទិញផ្ទះ ទោះបីមានវិបត្តិកូវីដ១៩។ (អានបន្ថែម)

សរុបមក ទោះបីមេរោគកូវីដ-១៩ ជះឥទ្ធិពលដល់សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរក្ដី ប៉ុន្តែលទ្ធភាពនៃការដួលរលំនៃវិស័យធនាគារ គឺនៅទាប ដោយសារតែកត្ដា៣ យ៉ាងសំខាន់ៗ រួមមាន ទី១ធនាគារជាតិមានគោលនយោបាយតឹងរឹងនិងម៉ត់ហ្មត់ ទី២ ចំនួនអ្នកជាប់កម្ចីដែលមិនមានលទ្ធភាពសងគឺមានត្រឹមតែប្រមាណ ១០ ភាគរយប៉ុណ្ណោះ ដែលតិចណាស់ បើធៀបនឹងចំនួនកូនបំណុលសរុបរបស់ស្ថាប័នមីក្រូហិរញ្ញវត្ថុទាំងអស់នៅកម្ពុជា និងទី៣ តម្លៃទ្រព្យតម្កល់ ដែលភាគច្រើនជាអចលនទ្រព្យ នៅមិនទាន់ធ្លាក់ថ្លៃខ្លាំងនោះទេ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សន្ទស្សន៍ថ្លៃលំនៅដ្ឋានក្នុងរាជធានីភ្នំពេញ កើនឡើងដល់ ១១៥ភាគរយ ក្នុងខែសីហា 

ក្នុងខែសីហា ឆ្នាំ២០២២នេះ សន្ទស្សន៍ថ្លៃលំនៅដ្ឋាននៅរាជធាន […]

ហេតុអ្វីរដ្ឋផ្ដោតបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធខ្លាំង? ជះឥទ្ធិពលដល់សេដ្ឋកិច្ចដូចម្ដេច?

ការបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធ បង្កប់ន័យជ្ […]

អ្នកជំនាញ៖ អចលនទ្រព្យនឹងស្ទុះមកកម្រិតមុនកូវីដនៅ ៣ ឆ្នាំទៀត​ វិស័យកើនខ្លាំងជាងគេគឺ…

បើទោះជាសេដ្ឋកិច្ចជាតិ និងអន្ដរជាតិ ជួបបញ្ហាពិតមែន តែវិស […]

ឆ្នាំ ២០២៣ គួរវិនិយោគអចលនទ្រព្យប្រភេទអ្វី និងនៅទិសដៅណា? ហេតុអ្វី?

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានឱ្យដឹង ឆ្នាំ២០២៣ ជាឆ្នា […]

CBRE៖ វិស័យអលចនទ្រព្យឆ្នាំ ២០២៣ នឹងមិនទាន់ស្ទុះខ្លាំងទេ ព្រោះតែ…

ទីផ្សារអចលនទ្រព្យនៅកម្ពុជា រំពឹងថានឹងប្រសើរឡើងបន្ដិចបន្ […]

ការដកវិធានការកូវីដ ជះឥទ្ធិពលដល់ទីផ្សារអចលនទ្រព្យតិចតួចណាស់, អ្នកជំនាញថា…

អ្នកជំនាញបានឱ្យដឹងថា ការដកវិធានការកូវីដរបស់រដ្ឋាភិបាលកម […]